ដោយ ៖ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈអគ្គនាយកពន្ធដារកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ ឆ្លើយតបទៅនឹងការចេញផ្សាររបស់បណ្តាញ សារព័ត៌មានក្នុងស្រុកមួយ ដែលលើកឡើងក្រោមប្រធានបទ “ តើអាជីវកម្មនឹងចាកចេញពីកម្ពុជា ដោយសារតែការកែទម្រង់ពន្ធដារ” ។
សេចក្ដីថ្លែងការរបស់អគ្គនាយកដ្ឋានពន្ធដារបានលើកឡើងថា កន្លងទៅថ្មីៗនេះ សារព័ត៌មានក្នុងស្រុកមួយ បានធ្វើការចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា “តើអាជីវកម្មនឹងចាកចេញពីកម្ពុជា ដោយសារតែការកែទម្រង់ពន្ធដារ (will businesses pull out of Cambodia over tax reforms) ? ដោយធ្វើការសម្ភាសជាមួយបុគ្គលដែលសុំមិនបញ្ចេញឈ្មោះ លើបញ្ហាមួយចំនួនពាក់ព័ន្ឋនឹងការធ្វើសវនកម្មពន្ធដារ និងការកែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា សវនកម្មពន្ធដារ សំដៅដល់ការពិនិត្យបញ្ជាក់លើបញ្ជីកាគណនេយ្យ របាយការណ៍ហិរញ្ញវត្ថុ និងឯកសារផ្សេងៗ ដែលពាក់ព័ន្ធនឹងអាជីវកម្មរបស់អ្នកជាប់ពន្ធ ដើម្បីបញ្ជាក់ថាការប្រកាសបង់ប្រាក់ពន្ធ បានត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ។ ការធ្វើសវនកម្មពន្ធដារ គឺជាវិធានការដ៏សំខាន់ដែលត្រូវបានប្រើប្រាស់ទូទាំងសកលលោក ដែលជាខ្នាត(ម៉ែត្រ)សម្រាប់វាស់ និងពង្រឹងការគោរពច្បាប់ការប្រមូលពន្ធឱ្យមានតម្លាភាព និងការធានាសមធម៌ក្នុងការបង់ពន្ធ។
ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញប្រកាសលេខ២៧០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ស្តីពី សវនកម្មពន្ធរ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវនីតិវិធីនៃការធ្វើសវនកម្ម ដើម្បីធានានូវតម្លាភាពក្នុងការបង់ប្រាក់ពន្ធ និងបង្កើនបរិយាកាសប្រកួតប្រជែងដោយស្មើភាព ក្នុងការប្រកបអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមានវិសាលភាព អនុវត្តលើអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលមានហានិភ័យពន្ធដារជាក់លាក់ ដោយមិនបែងចែកជាតិសាសន៍ឬប្រភេទនៃអ្នកជាប់ពន្ធ ឬទៅបើប់អ្នកជាប់ពន្ធទាំងអស់នោះទេ។
អគ្គនាយកដ្ឋានពន្ធដារសូមជម្រាបជួនផងដែរថា ដើម្បីគាំទ្រដល់ការធ្វើអាជីវកម្មរបស់សហគ្រាសធុនតូច និងឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មជាសហគ្រាសធុនតូច អគ្គនាយកដ្ឋានពន្ធដារ មិនដែលបានដាក់កម្មវិធីសវនកម្មចំពោះសហគ្រាសដែលជាអ្នកជាប់ពន្ធតូចទាំងអស់នៅឡើយទេ។
មកទល់នឹងបច្ចុប្បន្ននេះ ហើយការធ្វើសវនកម្មនេះទៀតសោត មិនមែនគ្រប់អ្នកជាប់ពន្ធដែលទទួលរងសវនកម្មទាំងអស់ សុទ្ធតែប្រព្រឹត្តកំហុសឆ្គង ហើយទទួលរងការកំណត់ពន្ធឡើងវិញទាំងអស់នោះទេ គឺអាស្រ័យលើកម្រិតនៃការអនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមានរបស់អ្នកជាប់ពន្ធផងដែរ ដែលកន្លងមកក៏មានអ្នកជាប់ពន្ធជាច្រើន ដែលបានស្នើ សុំធ្វើសវនកម្មមកអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានទទួលការកំណត់ពន្ធឡើងវិញ០រៀលផងដែរ។
ពាក់ព័ន្ធនឹងការកំណត់ពន្ធឡើងវិញនេះ អគ្គនាយកដ្ឋានពន្ធដារសូមលើកទីកចិត្តដល់អ្នកជាប់ពន្ធទាំងអស់ ក្នុងការតវ៉ាចំពោះការកំណត់ពន្ធទាំងឡាយណា ដែលអ្នកជាប់ពន្ធយល់ថាមិនត្រឹមត្រូវ ដោយគ្មានការខ្លាចរអារអ្វីទាំងអស់ ដើម្បីចូលរួមក្នុងការអនុវត្តច្បាប់។ ចំពោះការតវ៉ាលើការកំណត់ពន្ធឡើងវិញនេះ អគ្គនាយកដ្ឋានពន្ធដារសូមគូសបញ្ជាក់បន្ថែមថា រយៈពេល៣០ថ្ងៃ ដែលអ្នកជាប់ពន្ធមានសិទ្ធិ ក្នុងការតវ៉ាចំពោះការកំណត់ពន្ធនេះ គ្រាន់តែជារយពេលដែលអ្នកជាប់ពន្ធ ត្រូវដាក់លិខិតតវ៉ាដោយភ្ជាប់ឯកសារមួយចំនួន ទាក់ទិនលើការកំណត់ពន្ធនោះប៉ុណ្ណោះ មិនមែនជារយៈពេលដោះស្រាយបញ្ចប់ការតវ៉ានោះទេ។
សេចក្ដីលម្អិតសូមអាននូវសេចក្ដីប្រកាសដូចខាងក្រោមនេះ ៖








