ដោយ ៖ វុត្ថា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ ចង់បានឱ្យមានការវិនិយោគលើវិស័យចំនួន២បន្ថែមទៀត រួមមានវិស័យសហ គ្រាសធុនតូច និងមធ្យម និងបច្ចេកវិទ្យា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នេះ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
សម្តេចតេជោ បានមានប្រសាសន៍ថា “សូមស្នើដល់ប្រទេសជាមិត្តទាំងអស់ បន្តមកវិនិយោគលើវិស័យឧស្សាហកម្មទាំង២ផ្នែកនេះជាសំខាន់គឺបន្ថែមទៀត រួមមានផ្នែកទី១ ឧស្សាហកម្មកែច្នៃផលិតផលកសិកម្មដែលមានស្រាប់របស់កម្ពុជា ដែលសហគ្រាសធុនតូច និងមធ្យម ត្រូវតែចូលរួមវិនិយោគ ព្រោះវាមិនទាមទាទុនច្រើននោះទេ”។
សម្តេចបន្តថា “ផ្នែកនេះគឺវិនិយោគិនក្នុងស្រុក និងក្រៅស្រុកអាចធ្វើបាន ហើយអាចធ្វើការនាំចេញបានដោយក្នុងនៅកម្ពុជាមានផលិតតផលកាហ្វេ ជ័រកៅស៊ូ និងផលិតជាច្រើនផ្សេទៀត។
ចំណុចទី២ គឺការវិយោគលើឧស្សាហកម្មបច្ចេកវិទ្យា ដែលអាចផ្តល់ឱកាសកាន់តែច្រើនដល់កម្ពុជា បើទោះបីកម្ពុជាមានកម្លាំងពលកម្ម ច្រើនក៏ដោយ ប៉ុន្តែយើងនៅតែទាមទាឱ្យមានបច្ចេកវិទ្យាខ្ពស់ ដើម្បីប្រកួតប្រជែងក្នុងពិភពលោក”។

សម្ដេចបានលើកឡើងថា នៅលើពិភពលោក ត្រូវការរបស់ប្រើប្រាស់ជាច្រើន រួមមានរបស់ក្មេងលេង សម្ភារ:កីឡា និងរបស់ផ្សេងៗទៀត ដែលជាតម្រូវការ ព្រោះមនុស្សនាពេលបច្ចុប្បន្ននេះមានលទ្ធភាពខ្ពស់ក្នុងការទិញសម្ភារ:ដែលផលិតដោយបច្ចេកវិទ្យា៕






