សម្តេច​តេជោ​៖ជំនួប​រវាង​មេដឹកនាំ​ចិន​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​នឹង​ជះឥទ្ធិពល​ល្អ​សម្រាប់​សេដ្ឋកិច្ច​នៅក្នុង​តំបន់​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ថ្លែង​ថា​ ជំនួប​ប្រជុំ​នៅក្នុង​រយៈពេល​ចុងក្រោយ​រវាង​ចិន​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​នឹង​ជះឥទ្ធិពល​ល្អ​ សម្រាប់​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ាន​ ខណៈ​ចិន​បាន​និង​កំពុង​ដើរតួ​នាទី​ ជា​អ្នក​សម្រុះសម្រួល​ក្នុង​ជំនួប​ពហុភាគី​។

សម្តេច​តេជោ​ហ៊ុន​ សែន​ បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នា​ព្រឹក​ថ្ងៃទី២៦​ ធ្នូ​នេះ​ថា​ ប៉ុន្មាន​ថ្ងៃមុន​នេះ​ វា​ជា​រឿង​ល្អ​ណាស់​ដែល​មិត្ត​កម្ពុជា​ និង​ជា​ដៃ​សន្ទនា​អាស៊ាន​ទាំង​បី​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​ចិន​។

សម្តេច​តេជោ​បាន​ថ្លែង​ថា​ “ចិន​ ជប៉ុន​ កូរ៉េ​ខាងត្បូង​…ត្រូវ​រូ​វគ្នា​ ដែល​អនុវត្តន៍​នូវ​ពហុភាគី​និយម​បន្ត​។ ក៏បាន​កាត់បន្ថយ​នូវ​ការ​លំបាក​ នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ និង​អាមេរិក​ជាមួយនឹង​ប្រទេស​ផ្សេងទៀត​ ហើយ​ធ្វើ​ឱ្យ​ពួក​អាស៊ាន​មានការ​ងារ​ស្រួល​ ដោយសារតែ​មានការ​ប្រជុំ​ម្តង​ៗ គឺ​យើង​តែង​មាន​ជំនួប​ប្រជុំ​អាស៊ាន​ និង​បូក​បី​ ដែល​រួមមាន​ចិន​ ជប៉ុន​ កូរ៉េ​ខាងត្បូង​”។

សម្តេច​តេជោ​មានប្រសាសន៍​ថា​ កាលពី​ឆ្នាំមុន​មេដឹកនាំ​អាស៊ាន​បូក​បី​ បាន​ជួបគ្នា​មុន​ពេល​មក​ជួប​អាស៊ាន​។ ឥឡូវនេះ​ បូក​បី​មានការ​ប្រជុំ​ជាមួយគ្នា​នៅក្នុង​ប្រទេស​ចិន​ គឺ​រឿង​ល្អ​ណាស់​ដែល​គិតថា​ វា​មាន​ឥទ្ធិពល​ល្អ​ ឥទ្ធិពល​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​តំបន់​របស់​យើង​ ព្រោះ​សេដ្ឋកិច្ច​របស់​ជប៉ុន​ សេដ្ឋកិច្ច​របស់​ចិន​ គឺ​សុទ្ធតែ​សេដ្ឋកិច្ច​លេខ​ពី​ បី​ (ចិន​លេខ​ពីរ​ ជប៉ុន​លេខ​បី​)… ​ទំហំ​សេដ្ឋកិច្ច​គឺ​ធំ​ណាស់​។

សម្តេច​តេជោ​ បាន​បន្ត​ថា​“មុន​ដាច់ឆ្នាំ​នេះ​ យើង​ឃើញថា​មាន​ព័ត៌មាន​ល្អ​កើត​ចេញ​មក​ដែរ​”។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោ​កមូន​ ជេ​អ៊ី​ន និង​នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក​ស៊ីន​ ​ហ្សូ​ អាបេ​ បាន​ជួបគ្នា​ជាលើកដំបូង​នៅ​ឆ្នាំនេះ​ ចាប់តាំងពី​ការ​កើតឡើង​នូវ​សង្រ្គាម​ពាណិជ្ជកម្ម​ក្នុង​តំបន់​របស់​ពួកគេ​បាន​ផ្ទុះឡើង​នៅ​ឆ្នាំ២០១៩​។

មេដឹកនាំ​ទាំងពីរ​បាន​ជួបគ្នា​នៅ​ទីក្រុង​ Chengdu​ ប្រទេស​ចិន​ ក្នុង​កិច្ចប្រជុំ​កំពូល​បី​ដែល​មានការ​ចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​ មក​ពី​ប្រទេស​ចិន​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​។ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​សន្មត់​ថា​ ជា​ជំហាន​ដំបូង​ក្នុង​ការផ្សះផ្សា​សង្រ្គាម​ពាណិជ្ជកម្ម​ ដែល​ប្រជាជន​កូរ៉េ​ភាគច្រើន​ធ្វើ​ពហិការ​ទំនិញ​ និង​សេវាកម្ម​របស់​ជប៉ុន​ទាំងអស់​ ហើយ​ជប៉ុន​រឹត​បន្តឹង​សំភារៈ​សំ​ខាន់​ៗ សម្រាប់​ឧស្សាហកម្ម​ផលិតកម្ម​របស់​ពួកគេ​។

មិន​មាន​សេចក្តី​ប្រកាស​អំពី​ការ​បន្ធូរបន្ថយ​ ក្នុង​ទំនាក់ទំនង​ត្រូវ​បាន​ធ្វើឡើង​ បន្ទាប់ពី​កិច្ចប្រជុំ​នោះ​ទេ​។

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​លោក​ Zhong​ Shan​ បាន​និយាយ​ថា​ ទីក្រុង​ប៉េកាំង​មាន​ឆន្ទៈ​សម្រុះសម្រួល​ សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បាន​ និង​កំពុង​ទាញ​ទម្លាក់​សេដ្ឋកិច្ច​អាស៊ី​នៅ​ឆ្នាំនេះ​។

លោក​ Zhong​ បាន​និយាយ​ថា​ “ទីក្រុង​ប៉េកាំង​នឹង​ធ្វើការ​ជាមួយ​ប្រទេស​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ ដើម្បី​ប្រឆាំង​នឹង​ឯកតោភាគី​និយម​ និង​ការ​គាំពារ​និយម​ និង​រួមគ្នា​ថែរក្សា​សន្តិភាព​ និង​ស្ថេរ​ភាព​ក្នុង​តំបន់​ និង​លើកកម្ពស់​សេដ្ឋកិច្ច​ពិភពលោក​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here