ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនចិនដ៏ធំដែលមានជំនាញផ្នែក រៀបចំប្រព័ន្ធថាមពលសូឡា បាន និងកំពុងសិក្សាពីលទ្ធភាពជាមួយក្រសួងកសិកម្ម ដើម្បីរៀបចំបច្ចេកទេសបូមទឹកក្រោមដី សម្រាប់វិស័យកសិកម្មនៅកម្ពុជា។
ក្រុមហ៊ុនចិនដែលមានឈ្មោះថា Gansu Academy for Water Conservancy (GAWC) មកពីខេត្តGan Su ប្រទេសចិន បានបង្ហាញពីគោលបំណងក្នុងការរៀបចំគម្រោងសិក្សា និងរៀបចំប្រព័ន្ធគ្រប់គ្រង និងបូមទឹកក្រោមដីសម្រាប់ប្រើប្រាស់លើវិស័យកសិកម្ម ដោយថាមពលសូឡា ក្រោមកិច្ចសហការជាមួយក្រសួងកសិកម្ម។
នៅក្នុងឱកាសចូលជួបសម្ដែងការគួរសម ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន កាលពីល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ លោក Chengxiang MA នាយករងនៃក្រុមហ៊ុន Gansu Academy for Water Conservancy (GAWC) និងសហការីមកពីខេត្ត Gansu ប្រទេសចិន បានមានប្រសាសន៍ថា ក្រុមហ៊ុនបាននិងកំពុងតែកៀងគររកជំនួយ ពីគ្រប់ដៃគូវិនិយោគនៅប្រទេសចិន សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងតាមរយៈគម្រោងអភិវឌ្ឍផ្សេងៗទៀតក្នុងវិស័យនេះ។
នៅក្នុងកិច្ចពិភាក្សានេះ លោកបានស្នើសុំបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ ការគ្រប់គ្រងទឹកក្រោមដី តាមកន្លែងមួយចំនួន ដូចជា អគ្គនាយកដ្ឋានកសិកម្ម សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានបច្ចេកទេសកម្ពុជា និងនៅតាមមន្ទីរពិសោធន៍នា នាដើម្បីធ្វើការស្រាវជ្រាវ បង្ហាញពីរបកគំហើញបច្ចេកវិទ្យាប្រើប្រាស់ទឹកក្រោមដី សម្រាប់ដំណាំ និងកសិកម្មនៅកម្ពុជា។
លោកបានជម្រាបជូនថា នឹងធ្វើការសហការគ្នាជាមួយសាកលវិទ្យាល័យជាច្រើនក្នុងការសន្យា ផ្តល់នូវអាហារូបករណ៍ជូនដល់និស្សិតកម្ពុជា ឲ្យបានកាន់តែច្រើនលើផ្នែក វិទ្យាសាស្រ្តកសិកម្ម និងបច្ចេកវិទ្យា។ ជាជំហ៊ានដំបូងក្នុងការអនុវត្ត នឹងត្រូវធ្វើឡើងនៅក្នុងខេត្តចំនួន២ គឺខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង។
ជាការឆ្លើយតបទៅនឹងសំណើនេះ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម លោកវេង សាខុន បានគាំទ្រ ឱ្យមានការចុះហត្ថលេខាលើអនុស្សារណៈ ដើម្បីជាមូលដ្ឋានសម្រាប់សម្របសម្រួលដំណើរ ការនៃការនាំចូលសម្ភារកសិកម្មពីប្រទេសចិន សម្រាប់ការអនុវត្តគម្រោងសាកល្បងនៅខេត្តទាំងពីរ និងឈានទៅរកការអនុវត្តគម្រោង ក្នុងខេត្តគោលដៅមួយចំនួនទៀត ដូចជា ខេត្តតាកែវ ខេត្តកំពង់ចាម និងស្វាយរៀងជាដើម។

លើសពីនេះទៀត ដើម្បីសម្រេចបានកិច្ចការខាងលើ លោករដ្ឋមន្រ្តីកសិកម្មបានស្នើឱ្យក្រុមហ៊ុនធ្វើការសហការជិតស្និទ្ឋ ជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការជ្រើសរើសទីតាំងធ្វើមន្ទីរពិសោធន៍ និងមជ្ឈមណ្ឌលស្រាវជ្រាវនេះ និងថែមទាំងសហការជាមួយនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិក្នុងការជម្រុញ ឱ្យមានការចុះ MoU នេះ ក្នុងពេលឆាប់ៗខាងមុខ៕






