ដោយ វុត្ថា
ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងសាធារណ និងដឹកជញ្ជូនបានអះអាងថាភាគីចិន បានឯកភាពផ្ដល់ថវិកាចំនួន២លានដុល្លារសហរដ្ឋអាមេរិក តាមសំណើរបស់ក្រសួង ដើម្បីកសាងអគារវិទ្យាស្ថាន បណ្ដុះបណ្ដាលមួយ ដែលមានទីតាំងឋិតនៅទីស្ដីការក្រសួងថ្មីដែលកំពុងដំណើរការរសាងសង់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍បែបនេះ នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលដំបូង ដល់មន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០១៩ ចំនួន១២១នាក់ នាថ្ងៃទី២៥ ខែធ្នូឆ្នាំ២០១៩ម្សិលមិញនេះ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើននាក់របស់ក្រសួងផងដែរ។
លោកបន្តថា “អគារនេះគ្រោងបើក ការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ ដើម្បីជួយបណ្ដុះបណ្ដាលឲ្យមន្ត្រីរបស់ក្រសួងមានសមត្ថភាព បំពេញការងារកាន់តែប្រសើរឡើងថែមទៀត”។
លោកទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់មន្ត្រី ដែលទើបប្រឡងជាប់ក្របខណ្ឌថ្មី បង្ហាញនូវបទពិសោធន៍ ក៏ដូចជាគំនិតថ្មីៗរបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនឲ្យកាន់តែមានការរីកចម្រើនថែម មួយកម្រិតទៀត។

លោទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីក្របខណ្ឌថ្មីទាំងអស់ ត្រូវចេះសហការគ្នាល្អ មានសាមគ្គីភាព មិត្តភាព រូបរួមគ្នាក្រោមដំបូលតែមួយ នៃមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូន ជួយគ្នាទៅវិញទៅមក តាមដានការបំពេញការងារ និងរៀបចំគោលដៅរបស់ខ្លួនដើម្បីផ្តល់សេវាសាធារណៈ សេវាចាំបាច់ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស ក្នុងនាមជាអ្នកបម្រើរាស្ត្រ៕






