ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីទាំងបីនឹងពន្លឿនការចុះហត្ថលេខាដើម្បីបង្កើតប្លុកសេដ្ឋកិច្ចធំមួយនៅលើពិភពលោក

0

ដោយ ប៊ី

ភ្នំពេញ: ប្រទេសមហាអំណាចសេដ្ឋិច្ចអាស៊ីចំ​នួនបី រួមមានចិន ជប៉ុន និងកូរ៉េខាងត្បូងបាន និងកំពុងពន្លឿនដំណោះស្រាយនៃបញ្ហាប្រឈមមួយចំនួន ដើម្បីធានាការចុះហត្ថលេខាជាផ្លូវការនៃភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅឆ្នាំក្រោយ។

លោក Li Keqiang នាយករដ្ឋមន្រ្តីចិន នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចចិន កូរ៉េខាងត្បូង ជប៉ុនលើកទី៧នៅទីក្រុង Chengdu កាលពីថ្ងៃអង្គារថា ការធ្វើការរួមគ្នាគឺដើម្បីធ្វើឱ្យប្រសើរឡើង នូវសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

លោកបានលើកឡើងថា កិច្ចព្រមព្រៀង RCEP នឹងផ្តល់នូវការគាំទ្រយ៉ាងខ្លាំង និងការបំពេញបន្ថែម ដែលមានប្រយោជន៍ដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងធ្វើជាគំរូនៃការរៀបចំពាណិជ្ជកម្មសេរី ដែលមានអត្ថប្រយោជន៍ទៅវិញទៅមក ក្នុងចំណោមប្រទេសដែលមានដំណាក់កាលអភិវឌ្ឍន៍ ប្រព័ន្ធ និងស្ថាប័នផ្សេងៗគ្នា។

កិច្ចព្រមព្រៀងនេះ ក៏នឹងបញ្ចូលកម្លាំងជំរុញថ្មី ទៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់បណ្តាប្រទេសក្នុងតំបន់ ក្នុងការប្រឆាំងនឹងសម្ពាធធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។

លោកKeqiangបានថ្លែងថា ក្នុងនាមជាអ្នកគាំទ្រដ៏រឹងមាំនៃការចរចា និងអ្នកទទួលផលផ្ទាល់ពីកិច្ចព្រមព្រៀង ប្រទេសទាំងបីរបស់យើងចាំបាច់ត្រូវរក្សាសន្ទុះ និងពន្លឿនដំណោះស្រាយ នៃបញ្ហាប្រឈមមួយចំនួន ដើម្បីធានាការចុះហត្ថលេខាជាផ្លូវការនៃ RCEP នៅឆ្នាំក្រោយ

ប្រទេសទាំងបី (ចិន ជប៉ុន និងកូរ៉េខាងត្បូង) មានផលិតផលក្នុងស្រុកសរុបជិតមួយភាគបួន និងពាណិជ្ជកម្មត្រីភាគីប្រហែលមួយភាគប្រាំមួយ នៃចំនួនសរុបរបស់ពិភពលោក។ សេដ្ឋកិច្ចរបស់យើងមានការបំពេញបន្ថែមយ៉ាងខ្លាំង នៅពេលយើងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ផ្សេងៗគ្នា។

កាលពីប៉ុន្មានសប្តាហ៍មុន ប្រទេសចំនួន១៥ (បណ្តាប្រទេសអាស៊ានទាំង ១០ និងអូស្ត្រាលី ញូហ្សេលឡែន  ចិន ជប៉ុន និងកូរ៉េខាងត្បូង) ដែលចូលរួមនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានបញ្ចប់ការចរចារជាទូទៅនៅក្នុងទីក្រុងបាងកក។ នេះគឺជារបកគំហើញដ៏សំខាន់មួយ ក្នុងការកសាងតំបន់ពាណិជ្ជកម្មសេរី ដែលមានចំនួនប្រជាជនច្រើនបំផុត សមាជិកភាពចម្រុះច្រើនបំផុត និងមានសក្តានុពលអភិវឌ្ឍន៍ខ្ពស់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here