ដោយ វុត្ថា
ភ្នំពេញ: ខេត្តព្រះសីហនុនៅតែបន្តទាក់ទាញ លើវិនិយោគលើវិស័យសណ្ឋាគារលំដាប់កំពូល ដើម្បីឆ្លើយតបទៅនិងកំណើននៃវិនិយោគិនបរទេស អ្នកទេសចរណ៍ និង ឲ្យស្របទៅនឹងខេត្តនេះ ត្រូវបានប្រសិទ្ធនាមថាតារារ:នាទិសនារតី។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) កាលពីថ្ងៃម្សិលមិញនេះបានអនុម័ឲ្យក្រុមហ៊ុន “XIN DA SHI JIE INTERNATIONAL HOTEL CO .,LTD .” សាងសង់ និងធ្វើអាជីវកម្ម សណ្ឋាគារថ្នាក់ផ្កាយ៥ ដែលមានចំនួន១.៥០០បន្ទប់ និងមជ្ឈមណ្ឌល ពាណិជ្ជកម្ម ដែលមានទីតាំង វិនិយោគ ស្ថិតនៅ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣៣១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារ បាន ចំនួន ២.៥០៩កន្លែង ។
លោកតាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យថា ខេត្តព្រះសីហនុ គឺជាប៉ូលសេដ្ខកិច្ច និងទេសចរណ៍សំខាន់របស់ប្រទេសកម្ពុជាដែលត្រូវការឲ្យមានការវិយោគ លើវិស័យជាច្រើនជាពិសេសវិស័យបដិសណ្ឋារកិច្ច ដើម្បីផ្គត់ផ្គង់តម្រូវការ។
លោកបន្តថា “ខ្ញុំសូមស្វាគមន៍ចំពោះវត្តមាន គម្រោងសណ្ឋាគារដែល CDC ទើបតែអនុម័តនេះ ព្រោះវាកាន់តែជួយសម្រួលដល់ជម្រើស លើការស្នាក់នៅនៅក្នុងខេត្តកាន់តែទំនើប ព្រោះខេត្តនេះជាខេត្តទេសចរណ៍”។
ម្យ៉ាងទៀតក្នុងរយ:ពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានវិនិយោគិនចិនយ៉ាងច្រើនចូលមកខេត្តព្រះសីហនុ ដែលទាមទាឪ្យមានការវិនិយោគលើ វិស័យបដិសណ្ខារកិច្ចជាច្រើនថែមទៀត។
លោកបន្ថែមថា បច្ចុប្បន្ននេះមិនសូវសម្បូរទេសចរណ៍ មកលេងច្រើនទេ ដោយសារបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ដែលអាជ្ញាធរបាននឹងកំពុងកែលម្អ តែនៅពេលបញ្ចប់វានឹងធ្វើឲ្យមានភ្ញៀវកានតែច្រើន។
លោកបញ្ជាក់ថា បច្ចុប្បន្នមានខេត្តព្រះសីហនុ មានកន្លែងស្នាក់នៅប្រមាណជាង១០,០០០បន្ទប់ ដោយក្នុងនោះមានសណ្ឋាគារលំដាប់ផ្កាយ5ចំនួន៨ផងដែរ។
ខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ ជាកំពង់ផែអន្តរជាតិ ហេដ្ឋារចនាសម័ន្ធ និងសេវាកម្មផ្សេងៗបាននឹងកំពុងស្ថាបនាឡើងវិញ។ ព្រលានយន្តហោះក្រុងព្រះសីហនុបានផ្តល់ភាពងាយស្រួលដល់អ្នកទេសចរណ៍ ចំណែកឯការហោះហើរក្នុងស្រុកព្រមទាំងអន្ដរជាតិឆ្ពោះទៅបណ្តាប្រទេសក្នុងតំបន់ និងទៅកាន់ខេត្តក្រុងរបស់ប្រទេចិន។
កត្តាអំណោយផលទំាងប៉ុន្មាននេះបាន ធ្វើឲ្យវិស័យទេសចរណ៍នៅក្នុងខេត្តមួយនេះទទួលការចាប់អារម្មណ៍យ៉ាងខ្លំាង ជាពិសេសការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងបដិសណ្ឋារកិច្ចជាច្រើនផងដែរ៕