ដោយ Donald Lee
ភ្នំពេញៈ ទីក្រុងប៉េកាំងកំពុងជ្រើសរើសយ៉ាងសកម្ម នូវប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដើម្បីបង្កើតជាប្លុកសេដ្ឋកិច្ចដ៏មានឥទ្ធិពលមួយ ដើម្បីធានានូវមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចក្នុងតំបន់ ដែលកំពុងប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្ម និងគោលនយោបាយគាំពារនិយមរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump។

ថ្លែងនៅឯកិច្ចប្រជុំកំពូលធុរកិច្ចចិន កូរ៉េខាងត្បូង ជប៉ុនលើកទី៧ ដែលបានធ្វើឡើងនៅទីក្រុងឆេនឌូ ប្រទេសចិនកាលពីដើមសប្តាហ៍នេះ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានមានប្រសាសន៍ថា ប្រទេសទាំងបីអាចបង្កើតជាប្លុក ដ៏មានឥទ្ធិពលមួយដែលអាចពង្រីកកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់។
លោក Li បាននិយាយនៅក្នុងសុន្ទរកថានៅឯកិច្ចប្រជុំនេះថា “ប្រទេសទាំងបីរបស់យើងមានផលិតផលក្នុងស្រុក សរុបជិតមួយភាគបួន និងពាណិជ្ជកម្មត្រីភាគីប្រមាណមួយភាគប្រាំមួយ “លើពិភពលោកទាំងមូល។ សេដ្ឋកិច្ចរបស់យើងមានការបំពេញបន្ថែមយ៉ាងខ្លាំង ខណៈយើងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ផ្សេងៗគ្នា”។
លោកបានបន្ថែមថា “ដោយគ្មានសង្ស័យ ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ត្រីភាគីគឺជាមធ្យោបាយដ៏សំខាន់មួយនៅទីបញ្ចប់នេះ។ ចិនបានប្តេជ្ញាចិត្តធ្វើការជាមួយសាធារណរដ្ឋកូរ៉េ និងជប៉ុន ដើម្បីជួយសម្រួលដល់វឌ្ឍនភាពការចរចារត្រីភាគីត្រីភាគី ជំរុញការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគជាមុន និងធ្វើឱ្យមានរបកគំហើញថ្មីនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់យើង”។
លើសពីនេះទៀត មេដឹកនាំចិនលោកស៊ី ជីនពីង បានប្រាប់នាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីនហ្សូ អាបេ ថា លោកមិនគួរមានអារម្មណ៍ថា មានការគំរាមកំហែងពីប្រទេសចិនទេ ហើយប្រទេសទាំងពីរកំពុងឈានដល់ដំណាក់កាលថ្មីមួយ នៅក្នុងទំនាក់ទំនងរបស់ពួកគេនៅឆ្ងាយពីយុគសម័យដ៏ឃោរឃៅ ដែលបានគ្របដណ្ដប់លើអតីតកាល។
លោកស៊ីបានថ្លែងថា“ប្រទេសទាំងពីរគួរតែប្រកាន់ខ្ជាប់ នូវការឯកភាពនយោបាយដែលចិន និងជប៉ុនជាដៃគូសហប្រតិបត្តិការ ប៉ុន្តែមិនមែនជាការគំរាមកំហែងទេ។ ក្នុងស្មារតី ប្រែក្លាយការប្រកួតប្រជែងទៅជាការសម្របសម្រួល ចិន និងជប៉ុននឹងជំរុញការអភិវឌ្ឍឥតឈប់ឈរនៃទំនាក់ទំនងទ្វេភាគីតាមមាគ៌ាត្រឹមត្រូវ”។
យោងតាមរបាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងពេលបច្ចុប្បន្នផលិតផលក្នុងស្រុកសរុបរបស់អាស៊ី ត្រូវបានព្យាករណ៍ថានឹងធំជាងអាមេរិកខាងជើង និងអឺរ៉ុបដែលបានបញ្ចូលគ្នានៅឆ្នាំ២០២០។
ប្រទេសចិន ឥណ្ឌា និងអាស៊ានឥឡូវនេះ នឹងក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច នៅក្នុងតំបន់ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ នេះបើយោងតាមរបាយការណ៍ខាងលើ៕






