ដោយ វុត្ថា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមហ៊ុនតម្លើងរថយន្តជាច្រើនបាន និងកំពុងមកបោះទីតាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញទៅកាន់ប្រទេសនៅក្នុងតំបន់ និងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩ ម្សិលមិញនេះឱ្យដឹងថា បណ្តាក្រុមហ៊ុនផលិតរថយន្តនានា បាននឹងកំពុងមកកម្ពុជា។
សម្តេចតេជោបន្តថា “ក្រៅពីនេះ ក៏មានក្រុមហ៊ុនផលិតម៉ូតូក៏មកស្រុកខ្មែរ ។ ឡានក៏មកផ្គុំនៅក្នុងស្រុកខ្មែរ រួចហើយក៏នាំចេញទៅវិញ ឬក៏ផ្គត់ផ្គង់នៅក្នុងស្រុក”។ សម្តេចបន្ថែមថា “យើងមិនទាន់មានក្រុមហ៊ុនផលិតរថយន្ត បើទោះបីយើមានក៏គ្មានអ្នកទិញដែរដោយសារតែខ្មែរយើងពិបាក ដែលមានផលិតផលហើយ យើងមិនទិញប្រើប្រាស់”។

សម្តេចតេជោធ្លាប់បានលើឡើងកាលពីកន្លងមកនេះដែរថា ការវិនិយោគលើរោងចក្រតម្លើងរថយន្ត និងផលិតគ្រឿងបំណែករថយន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា វាជាជោគ ជ័យមួយទៀតស្របទៅនឹងគោលនយោបាយឧស្សាហកម្មកម្ពុជា ២០១៥-២០២៥។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាពិតជាមោទនភាពណាស់ ដែលមានរោងចក្រតម្លើងរថយន្តនៅក្នុងស្រុកបែបនេះ ក្នុងការបំពេញតម្រូវការអ្នកប្រើប្រាស់ និងជាការផ្តល់ការងារដល់ពលរដ្ឋយើងផងដែរ៕







