ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលនឹងចាប់ផ្តើមបិទល្បែងតាមអនឡាញគ្រប់ប្រភេទ ចាប់ពីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដោយកំណត់យ៉ាងយូរត្រឹមម៉ោង ២៤រំលងអធ្រាត្រ មិនឱ្យមានទៀតនោះឡើយ ហើយប្រសិនបើបុគ្គលណា ឬក្រុមហ៊ុននៅបន្តបើកនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។

នេះបើតាមឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានមានប្រសាសន៍ក្នុងពិធី បើកកិច្ចប្រជុំជាមួយតំណាងកាស៊ីណូ និងម្ចាស់អាជីវកម្ម អនឡាញទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយសារាចរណែនាំស្ដីពី ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាម រយៈអ៊ីនធឺណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩មុននេះបន្តិច។
លោកនេត សាវឿន បានបន្តថា “រាល់ល្បែងអនឡាញទាំងអស់មិនថាឆ្នោតឡូតូ ឬល្បែងកាស៊ីណូអ្វីនោះទេ ឱ្យតែតាមប្រព័ន្ធអនឡាញ គឺត្រូវតែបិទជាបន្ទាន់ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ក៏ត្រូវតាមដានមើលជានិច្ច”។
តំបន់លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ត្រូវបានគេលើកឡើងថា ក្រុងព្រះសីហនុ គឺជាគោលដៅសំខាន់ ដែលមានច្រើនជាងគេ ដែលធ្វើការវិនិយោគ និងគ្រប់គ្រងដោយជនជាតិចិន។
លោកគួច ចំរើន អភិបាលខេត្ត ព្រះសីហនុបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាការធ្វើអាជីវកម្មកាស៊ីណូអនឡាញ ក្នុងខេត្តព្រះសីហនុកាលពីសប្ដាហ៍កន្លងមកនេះថា ដោយអនុវត្តតាមចរាចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឱ្យមានល្បែងអនឡាញ នៅព្រះរាជាណាចក្រកម្ពុជា គិតត្រឹមម៉ោង ០ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។
លោកបន្តថា “ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវត្រៀមសហការ ដើម្បីត្រួតពិនិត្យតាមដាននូវរាល់កាស៊ីណូទាំងឡាយណា នៅតែបន្តបើកល្បែងអនឡាញដូច្នេះយើងត្រូវធ្វើការជូនដំណឹងដល់កាស៊ីណូក្នុងក្រុង ស្រុក ទាំងអស់ដែលមានល្បែងអនឡាញ ត្រូវបិទ មិនអនុញ្ញាតិបើកបន្តទៀតទេ”។ លោកបន្តថា “ប្រសិនបើកាស៊ីណូ ឬកន្លែងណានៅតែបើកល្បែងអនឡាញ និងទទួលខុសត្រូវតាមផ្លូវច្បាប់”។
លោកឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែង ពាណិជកម្មមានប្រសាសន៍ថា ដើម្បីអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ យើងត្រូវប្រើប្រាស់វិធានការ២ ក្នុងនោះ វិធានការរដ្ឋបាល ទាមទារយើងមានទិន្នន័យទីតាំងល្បែងអនឡាញ ក្នុងសង្កាត់ ក្រុង ស្រុកនិមួយៗ និងផ្អែកលើសេចក្តីសម្រេចបិទរបស់រាជរដ្ឋាភិបាល ត្រូវធ្វើការជូនដំណឹងជាសាធារណៈគ្រប់ទីតាំងកាស៊ីណូ ដើម្បីបិទបញ្ចប់ជាស្ថាពរល្បែងអនឡាញនៅត្រឹមម៉ោង០០ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ ក្រោយពីសេចក្តីជូនដំណឹងមន្ត្រីយើងនឹងចុះត្រួតពិនិត្យទីតាំងនៅក្នុងក្រុងស្រុក ក្នុងខេត្តព្រះសីហនុ៕






