អាមេរិក​ ចិន​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​បញ្ចប់​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ នៅ​ពាក់កណ្តាល​ខែមករា​នេះ​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​និយាយ​កាលពី​ថ្ងៃអង្គារ​កន្លងមក​ថា​ អាមេរិក​ និង​ចិន​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​ និង​ទូលំទូលាយ​មួយ​ នៅ​ឯសេតវិមាន​នៅ​ថ្ងៃទី១៥​ ខែ​ មករា​នេះ​ ទោះបីជា​ព័ត៌មាន​លម្អិត​ជាក់លាក់​នៃ​កិច្ច​ព្រមព្រៀង​មិន​ត្រូវ​បាន​ចេញផ្សាយ​ក៏ដោយ​។

ការ​ចុះហត្ថលេខា​នឹង​ពង្រឹង​ដំណាក់កាល​ទី១​ នៃ​កិច្ច​ព្រមព្រៀង​ដែល​ចំណាយពេល​ជិត២ឆ្នាំ​ ដើម្បី​ចរចា​ហើយនឹង​ធ្វើ​ឱ្យ​មានការ​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​ ជា​ផ្លូវការ​រវាង​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង២របស់​ពិភពលោក​។

ប្រធានាធិបតី​អាម​រិក​ប្រកាស​ពី​កាលបរិច្ឆេទ​នៃ​ពិធី​ចុះហត្ថលេខា​ នៅ​លើ​បណ្តាញ​សង្គម​ធ្វី​តទ័​របា​ននិ​យាយ​ថា​ “អ្នកតំណាង​ជាន់ខ្ពស់​របស់​ចិន​ នឹង​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​” ហើយ​លោក​គ្រោង​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​នៅ​ថ្ងៃក្រោយ​ ដើម្បី​ចាប់ផ្តើម​ពិភាក្សា​នៅ​ដំណាក់កាល​ទី២នៃ​កិច្ច​ព្រមព្រៀង​”។

លោក​ Donald​ J. Trump​ មិនបាន​និយាយ​ថា​ តើ​លោក​ស៊ី​ ជី​នពីង​ដែល​ជា​មេដឹកនាំ​ចិន​នឹង​ចូលរួម​ ឬដាក់ឈ្មោះ​តំណាង​ណាមួយ​មក​ពី​ប្រទេស​ចិន​ ដែល​អាច​ចូលរួម​ក្នុង​ពិធី​នោះ​ទេ​។

ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​ ដែល​បាន​ឈាន​ដល់​ពាក់កណ្តាល​កាលពី​ខែធ្នូ​ មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទេ​ ហើយ​ខ្លឹមសារ​ជាក់លាក់​របស់​វា​ មិនទាន់​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​អ្នកជំនាញ​ ឬអាជីវកម្ម​ជាច្រើន​ ដែល​ទទួលរង​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​។

កិច្ច​ព្រមព្រៀង​នេះ​ នឹង​កាត់បន្ថយ​ត្រឹមតែ​មួយ​ចំណែក​តូច​នៃ​ពន្ធគយ​ ដែល​លោក​ Trump​ បាន​ដាក់លើ​ទំនិញ​ចិន​ដែល​មានតម្លៃ៣៦០ពាន់​លាន​ដុល្លារ​ ដោយ​ទុក​ឱ្យ​ពន្ធ​ជាច្រើន​នៅ​ដដែល​។

មន្ត្រី​មក​ពី​ប្រទេស​ទាំងពីរ​បាន​និយាយ​ថា​ កិច្ច​ព្រមព្រៀង​នេះ​ រួមមាន​ការ​ប្តេជ្ញា​ចិត្ត​ពី​ប្រទេស​ចិន​ ក្នុង​ការ​បង្កើន​ការទិញ​ផលិតផល​កសិកម្ម​ និង​ថាមពល​របស់​អាមេរិក​ ការ​ដាក់កម្រិត​លើ​សមត្ថភាព​របស់​ក្រុង​ប៉េកាំង​ ក្នុង​ការ​ធ្វើ​ឱ្យ​រូបិយប័ណ្ណ​របស់​ខ្លួន​ចុះ​ខ្សោយ​ និង​ផ្តល់​ការ​ការពារ​ដល់​ក្រុមហ៊ុន​អាមេរិក​ ដែល​ធ្វើជំនួញ​នៅក្នុង​ប្រទេស​ចិន​។

កិច្ច​ព្រមព្រៀង​នេះ​ ក៏​នឹង​កាត់បន្ថយ​ពន្ធគយ​លើ​ទំនិញ​ ប្រមាណ១២០ពាន់​លាន​ដុល្លារ​ផង​ដែរ​ ហើយ​បាន​លុបចោល​ពន្ធគយ​ថ្មី​ ដែល​ត្រូវ​បាន​គ្រោង​ធ្វើ​នៅ​ថ្ងៃទី១៥​ ខែធ្នូ​។

នៅក្នុង​ការប្រកាស​អំពី​កិច្ច​ព្រមព្រៀង​នេះ​ អាមេរិក​បាន​និយាយ​ថា​ ការទិញ​កសិផល​របស់​ប្រទេស​ចិន​ត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​ដល់​យ៉ាងហោចណាស់៤០ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ ក្នុងរយៈពេល​ពីរ​ឆ្នាំ​ហើយ​ការនាំចេញ​ស្បៀងអាហារ​ ថាមពល​ ផលិត​ទំនិញ​ និង​សេវាកម្ម​ទៅកាន់​ប្រទេស​ចិន​ នឹង​កើនឡើង​សរុប២០០ពាន់​លាន​ដុល្លារ​៕ (New​ York​ Times​)

LEAVE A REPLY

Please enter your comment!
Please enter your name here