ខេត្តមណ្ឌលគីរី​ប្រែក្លាយ​ពី​សមរភូមិ​ប្រយុទ្ធ​មក​ជា​តំបន់​សក្តា​នុ​ពល​អភិវឌ្ឍន៍​នា​ភូមិ​ភា​គឦសាន្ត

0

ដោយ ​វុត្ថា​

ភ្នំពេញ​: ខេត្តមណ្ឌលគីរី​បាន​ប្រែក្លាយ​ពី​សមរភូមិ​ប្រយុទ្ធ​ មក​ជា​តំបន់​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ ដោយ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ជីវភាព​ស៊ី​វី​ល័យ​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​ លោក​ស្វាយ​ សំ​អ៊ា​ង បាន​មានប្រសាសន៍​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្រោម​មហា​ជ័យជំនះ៧មករា​ ១៩៧៩​ ខេត្តមណ្ឌលគិរី​ ក៏ដូចជា​បណ្តា​រាជធានី​ខេត្ត​ដ៏​ទៃ​ទៀត​ បាន​ក្លាយជា​តំបន់​អភិវឌ្ឍន៍​គួរ​ជា​ទី​មោទ​នៈ​របស់​កម្ពុជា​ ដែល​មានការ​អភិ​វឌ្ឈ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ ដូចជា​ ផ្លូវថ្នល់​ ស្ពាន​ សាលារៀន​ មន្ទីរពេទ្យ​ជាពិសេស​បាន​ អភិវឌ្ឍន៍​វិ​ស័យ​ធំៗ​បី​មាន​ដូចជា​ វិស័យ​កសិកម្ម​ វិស័យ​ទេសចរណ៍​ និង​វិស័យ​រ៉ែ​ដែល​កំពុង​ដើរតួ​យ៉ាង​សំខាន់​ សម្រាប់​ជួយ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ​ និង​ជួយ​បង្កើន​ជីវភាព​ប្រជាពលរដ្ឋ​ផង​ដែរ​។

លោក​បញ្ជាក់​ថា​ “ការ​រក្សា​បាន​សុខ​សន្តិភាព​ ដែល​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​ របស់​សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ គឺ​បាន​ផ្តល់​ឱកាស​ដល់​រាជរដ្ឋាភិបាល​ក្នុង​កសាងជាតិ​ ហើយ​ប្រជាពលរដ្ឋ​រស់នៅ​ ដោយ​ភាព​សម្បូរសប្បាយ​នៅ​ទូ​ទំាង​ ប្រទេស​”។

លោក​អភិបាលខេត្ត​បាន​បន្ត​ថា​ មណ្ឌលគិរី​មានការ​អភិវឌ្ឍ​ ដោយ​កសាង​បាន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​តាំងពី​ឆ្នាំ២០០០​ រហូតមកដល់​បច្ចុប្បន្ន​នេះ​ មានផ្លូវ​ទៅ​ព្រំដែន​មាន​ស្ពាន​ មាន​ទំនប់​ មាន​ប្រឡាយ​ ជាពិសេស​ពាក់ព័ន្ធ​នឹង​ផ្លូវលំ​តភ្ជាប់​ទៅ​បណ្ដា​ស្រុក​ និង​បណ្ដា​ឃុំ​នានា​ បាន​ធ្វើការ​កសាង​អភិវឌ្ឍន៍​បាន​រយៈពេល​ជាង២០ឆ្នាំ​ ក្រោយ​យើង​មាន​សុខភាព​សុខ​សន្តិភាព​ពេញលេញ​ក្នុង​ប្រទេស​។

លោក​បន្ត​ថា​ “នេះ​គឺជា​សមិទ្ធផល​មួយ​ដែល​រាជរដ្ឋាភិបាល​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ហើយ​ប្រជាពលរដ្ឋ​ មានការ​រីករាយ​នឹង​ទទួលយក​នូវ​សមិទ្ធផល​នេះ​”។

ក្រោយពេល​ដែល​ខេត្តមណ្ឌលគីរី​ ប្រែក្លាយ​ពី​សមរភូមិ​ប្រយុទ្ធ​មក​ជា​តំបន់​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នេះ​ បាន​ធ្វើអោយ​ខេត្ត​នេះ​ ក្លាយជា​តំបន់​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​បំផុត​ក្នុង​តំបន់​ភូមិ​ភា​គឦសាន្ត ដោយមាន​ទេសភាព​ធម្មជាតិ​យ៉ាង​ស្រស់​ ស្អាត​ ជាមួយនឹង​ផ្លូវ​គមនាគមន៍​ដ៏​ល្អ​ឆ្ពោះទៅ​ដល់​ខេត្ត​នេះ​។

ខេត្តមណ្ឌលគិរី​ មាន​ព្រំប្រទល់​ខាងជើង​ជាប់នឹង​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្តរតនគិរី​ ខាងកើត​និង​ខាងត្បូង​ ជាប់នឹង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ និង​ខាងលិច​ជាប់នឹង​ខេត្តក្រចេះ​។

ខេត្តមណ្ឌលគិរី​ មាន​ចម្ងាយ​ ៣៨០គីឡូម៉ែត្រ​ ពី​រាជធានី​ភ្នំពេញ​ តាមផ្លូវ​ជាតិ​លេខ៦​, ៨ និង៧​ កាត់​ខេត្តកណ្តាល​ ខេត្តព្រៃវែង​ ខេត្ត​ត្បូងឃ្មុំ​ និង​ខេត្តក្រចេះ​។

ខេត្តមណ្ឌលគិរី​ មានផ្ទៃ​ដី១៤.២៨៨គីឡូម៉ែត្រ​ការេ​ ជាប់​លំដាប់​ទីមួយ​បណ្តា​ផ្ទៃដី​នៃ​រាជធានី​ខេត្ត​ទាំង២៥​។ មណ្ឌលគិរី​ មាន​ក្រុង​សែនមនោរម្យ​ និង​ស្រុក​ចំនួន​បួន​។

ខេត្តមណ្ឌលគិរី​ ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​មួយ​។ ខេត្ត​នេះ​ ល្បី​ខាង​រសជាតិ​ឆ្ងាញ់​ នៃ​ផ្លែ​អា​វូ​កាដូ​ និង​កាហ្វេ​។

មនុស្សម្នា​ និង​ទេសចរ​ជាច្រើន​ ពិតជា​ចាប់ចិត្ត​ក្រៃលែង​នឹង​មរតក​ធម្មជាតិ​ដ៏បវរ​ សម​ដូច​ពាក្យពេចន៍​ចុងចួន​នៃ​ចម្រៀង​ដ៏​ល្បី​ដូចជា​ «ទឹកជ្រោះ​ប៊ូស្រា​» ដែល​បកស្រាយ​ដោយ​លោក​ តូច​ តេង​ និង​អ្នកស្រី​ ម៉ៅ​ សា​រ៉េ​ត, «ជ្រោះ​ពេជ្រ​ចិន្តា​” សំនៀង​បុប្ផា​ព្រៃភ្នំ​ និង​សម្ផស្ស​បុប្ផា​ព្រៃភ្នំ​» ដែល​បកស្រាយ​ដោយ​អ្នកស្រី​ រស់​ សិរី​សុទ្ធា​ និង​ «បុប្ផា​កោះញែក​» ដែល​បកស្រាយ​ដោយ​លោក​ តូច​ តេង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here