អ្នកជំនាញអះអាងថា អំណាចនៃការទិញនៅតាមផ្សារទំនើបនានាក្នុងទីក្រុងភ្នំពេញស្ថិតនៅមានកម្រិត

0

ដោយវុត្ថា

ភ្នំពេញៈ អ្នកវិភាគសេដ្ឋកិច្ចបានអះអាងថា វត្តមានផ្សារទំនើបនៅក្នុងប្រទេសកម្ពុជា មិនទាន់សូវមានការទាញលើអំណាចនៃការទិញខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅឡើយទេ តែផ្សារទំនើបទាំងនោះអាចឈរជើងនឹងបាន។

លោកង៉ែត ជូ  អ្នកវិភាគសេដ្ឋកិច្ចឯករាជបានប្រាប់គេហទំព័រ propertyarea.asia កាលពីកន្លងមកថ្មីៗនេះ ឱ្យដឹងថា កម្លាំងនៃការទិញ (Purchasing Power) របស់ប្រជាពលរដ្ឋខ្មែរមិនទាន់មានសកម្មភាពខ្លំាងក្លានោះទេ តែអាចទទួលយកបាន និងធ្វើឱ្យផ្សារទំនើបទាំងនោះអាចឈរជើងនឹងបានលោកបន្តថា សម្រាប់ចក្ខុវិស័យរបស់អ្នកវិនិយោគលើផ្សារទំនើបនេះ គេមិនផ្តោតបច្ចុប្បន្ននោះទេ គឺគេសំដៅដល់ការវិនិយោគក្នុងរយៈពេលវែង ហើយម្យ៉ាងទៀតទីតាំងនៃការវិនិយោគទៀតសោត គឺស្ទើរតែគ្រប់ជ្រុងនៃទីក្រុងភ្នំពេញ ដោយមិនប្រមូលផ្តុំជិតគ្នាទេលោកង៉ែត ជូបានបន្ថែមថា ការវិនិយោគលើផ្សារទំនើបរបស់វិនិយោគិន គឺផ្តោតលើយុទ្ធសាស្ត្រក្នុងរយៈពេលវែង ហើយបច្ចុប្បន្ននេះមិនទាន់បានផលចំណេញខ្លាំងទេ បានត្រឹមតែមួយរស់ប៉ុណ្ណោះ

តាមការព្យាករណ៍របស់អ្នកជំនាញបានឱ្យដឹងថា នៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ កំណើនផ្សារទំនើបខ្នាតអន្តរជាតិនានានៅកម្ពុជា នឹងកើនឡើងរហូតដល់ជាងជិត៤០ទីតាំង ខណៈដែលបច្ចុប្បន្ននេះគេសង្កេតឃើញ បណ្តាផ្សារទំនើបមួយចំនួនកំពុងតែបង្ហាះវត្តមានជាបន្តបន្ទាប់។ នៅក្នុងរបាយការណ៍ដែលសិក្សាឡើង ដោយអ្នកជំនាញផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុនអន្តរជាតិ CBREបានបង្ហាញថា ការផ្គត់ផ្គង់ផ្សារទំនើបគ្រប់ទ្រង់ទ្រាយធំនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ដើម្បីបំពេញទៅតាមតម្រូវការកម្លាំងបញ្ជាទិញ។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ផ្សារទំនើបដែលកំពុងតែដំណើរនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះត្រូវបានបែងចែកជាចំណាត់ថ្នាក់ផ្សេងគ្នា រួមមាន ប្រភេទ Shopping Mall, Retail Podium, Shopping Mall, និងប្រភេទ Community Mall

នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា បច្ចុប្បន្នបើនិយាយពីផ្សារទំនើប ពិតជាមានភាពរីកចម្រើនខ្លាំង ប៉ុន្តែក្នុងនោះក៏មានផ្សារទំនើបមួយចំនួនតូចបានជួបបញ្ហាប្រឈម ដោយសារតែការប្រែប្រួលនៃភាពទំនើបកម្ម កិច្ចរៀបចំ និងតុបតែងលម្អ។

ផ្អែកតាមគំនូសតាង ដែលចេញផ្សាយដោយក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា នៅត្រឹមឆ្នាំ២០១៣ប្រភេទផ្សារ Shopping Center មានចំនួន៧កន្លែង។ នៅត្រឹមចុងឆ្នាំ២០១៨ ប្រភេទផ្សារRetail Podiumមានចំនួន៣ ហើយរហូតដល់ឆ្នាំ២០២២ នឹងកើនឡើងដល់១០កន្លែង។ ប្រភេទផ្សារShopping Mall នៅដើមឆ្នាំ២០១៩ មានចំនួន៣ ហើយនឹងបន្តកើនដល់ចំនួន១២កន្លែង នៅត្រឹមឆ្នាំ២០២៤។

ដោយឡែកចំពោះប្រភេទផ្សារបែប Community Mall កាលពីដើមឆ្នាំ២០១៩ មានចំនួនត្រឹម៦កន្លែង ហើយនឹងបន្តកើនឡើងរហូតដល់ចំនួន១៦កន្លែង នៅត្រឹមឆ្នាំ២០២១ ខាងមុខនេះ។

យ៉ាងណាក៏ដោយ ស្របដែលកំណើនផ្សារទំនើបគ្រប់ប្រភេទ បានបន្តកើនឡើង ក្នុងនោះក៏មានផ្សារទំនើបមួយចំនួន ដែលធ្លាប់ដំណើរការកាលពីប្រមាណ៥១០ឆ្នាំមុនប្រឈមនឹងហានិភ័យខ្ពស់ រហូតឈានដល់បិទ និងផ្អាកដំណើរមួយរយៈ ដើម្បីធ្វើការកែលម្អសាជាថ្មី ជាក់ស្ដែងដូចជាផ្សារទំនើបសូរិយា (ត្រូវបានកែលម្អថ្មី) ផ្សារទំនើបសុវណ្ណា(កំពុងបិទទ្វារ ដើម្បីកែលម្អ) ក៏ដូចជាផ្សារទំនើប ផារ៉ាហ្គន ដែលសុទ្ធតែជាផ្សារធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញកាលពីប៉ុន្មានឆ្នាំមុន។ ភាពប្រឈម និងការបិទទ្វារផ្អាកដំណើរការលក់ ដើម្បីធ្វើការកែលម្អថ្មីនេះ ត្រូវបានលោកស្រី អាន សុធីតា ទទួលស្គាល់ ដោយលោកស្រីបានបញ្ជាក់ថា ធម្មតា អ្វីដែលថ្មី អ្វីដែលប្លែក និងទាន់សម័យ គឺតែងមានភាពទាក់ទាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here