ដោយ ប៊ី
ភ្នំពេញៈ កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៦ ដែលនឹងមានកំណើនសេដ្ឋកិច្ចកើនឡើងលឿនជាងគេ នៅក្នុងតំបន់អាស៊ីនៅឆ្នាំ២០២០ ខណៈសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនធ្លាក់ចុះ។ នេះបើយោងតាមទស្សនាវដ្តី Forbes ចុះផ្សាយកាលពីពេលថ្មីៗនេះ។
សង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិន និងការធ្លាក់ចុះនៃចរាចរណ៍នាំចេញ និងនាំចូលសាកល កំពុងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចនៅអាស៊ី ដែលកំពុងជំរុញឱ្យធនាគារអភិវឌ្ឍន៍អាស៊ីកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់តំបន់។ អ្នកផ្តល់ប្រាក់កម្ចីក្នុងតំបន់ ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលរំពឹងថា នឹងមានការកើនឡើង៥,៥ភាគរយនៅឆ្នាំ២០២០ ក្នុងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីចំនួន៤៥ប្រទេស ដែលរួមមានប្រទេសចិននិង ឥណ្ឌា ប៉ុន្តែមិនមែនជប៉ុនទេ។
ធនាគារអភិវឌ្ឍន៍អាស៊ីនិយាយថា ភាពតានតឹងពាណិជ្ជកម្ម ដែលអូសបន្លាយនៅតែជាហានិភ័យចម្បងចំពោះទស្សនវិស័យរបស់តំបន់ ប៉ុន្តែប្រទេសមួយចំនួនតូចត្រូវបានរំពឹងថានឹងមានភាពប្រសើរនៅឆ្នាំក្រោយ។ ទាំងនេះគឺជាប្រទេសមានសេដ្ឋកិច្ចកើនឡើងលឿនបំផុតនៅឆ្នាំ២០២០។
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានរំពឹងថា នឹងកើនឡើង៦,៨ភាគរយ។ ការវិនិយោគរបស់ចិននៅកម្ពុជា បានពន្លឿនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលមានប្រជាជនចំនួន១៦,៥លាននាក់ ដោយជំរុញឱ្យមានការកើនឡើងនៃការផលិតសម្លៀកបំពាក់ ដូចដែលបានឃើញនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស។
វិនិយោគិនចិនកំពុងបន្ថែមទុនលើអចលនទ្រព្យ រមណីយដ្ឋានឆ្នេរសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ និងអាកាសយានដ្ឋានពីរ។ ចិនបានវិនិយោគទឹកប្រាក់ចំនួន ២ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ នៅប្រទេសកម្ពុជាគិតត្រឹមឆ្នាំ២០១៨។ ក្រៅកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប្រទេសចំនួន៥ទៀតនៅអាស៊ី មានដូចជា ប្រទេសបង់ក្លាដែសរំពឹងមានកំណើនសេដ្ឋកិច្ច៨ភាគរយ ឥណ្ឌាមានកំណើន៧,២ ភាគរយ តាហ្សាគីស្ថានមានកំណើន៧ភាគរយ មីយ៉ាន់ម៉ាមានកំណើន៦,៨ ភាគរយ និងវៀតណាមមានកំណើន៦,៧ ភាគរយ៕







ដូច្នេះបានន័យថាកម្ពុជាកំណើនសេដ្ឋកិច្ច និងធ្លាក់ចុះបន្តិច បើធៀបនិងឆ្នាំ២០១៨ និងឆ្នាំ២០១៩