អត្ថបទពាណិជ្ជកម្មៈ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមម៉ាកាវMUST CPK ដោយលទ្ធផល៥-២ក្នុងការប្រកួតមិត្តភាព

ចែករំលែក

ដោយរតនៈ

ភ្នំពេញៈ ការប្រកួតដ៏ស្វិតស្វាញរបស់ក្រុមបាល់ទាត់២ក្រុម ដែលជាជើងឯកនោះ គឺក្រុមព្រះខ័នរាជស្វាយរៀង ដែលជាជើងឯកក្នុងលីគកម្ពុជា​ និងក្រុមMUST CPK ដែលជាជើងឯកក្នុងលីគLige de Elite បានប្រព្រឹត្តទៅនៅទីលានបាល់ទាត់Urban Village កាលពីថ្ងៃទី ២៨ និង២៩​ ខែធ្នូ ឆ្នាំ​២០១៩ ។

ការប្រកួតបាល់ទាត់ដ៏អស្ចារ្យនេះ គឺបានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្ររាប់ពាន់អ្នកដែលបានមកទស្សនាផ្ទាល់ ពិតជាមានអារម្មណ៍រំភើប រីករាយយ៉ាងខ្លាំង នៅក្នុងព្រឹត្តិ​ការណ៍មួយនេះ។ មុនពេលការប្រកួតចាប់ផ្តើម យើងក៏មានសកម្មភាពសប្បាយៗជាច្រើន និងការសម្តែងផ្ទាល់ផងដែរ ដែលមានការចូលរួមពីវត្តមានរបស់តារាចម្រៀង ដ៏មានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា មានដូចជា​ កញ្ញាសន្យា លោកនីកូ (Nico) និង លោក ជី ដេវីត (G Devith)។ នៅក្នុងការប្រគំតន្រ្តីផ្ទាល់នេះដែរ គឺពិតជាបានធ្វើឲ្យឆាកតន្រ្តីពិតជាកក្រើកតែម្តង ជាមួយនឹងសម្លេងហោរកញ្ជ្រោពីអ្នកគាំទ្រ និងអ្នកទស្សនាជាច្រើនរយនាក់។​

ទន្ទឹមនឹងនេះផងដែរ យើងក៏ឃើញមានការធ្វើសន្និសីទកាសែតមុនការប្រកួតបាល់ទាត់រវាងក្រុមទាំងពីរ គឺបានបង្ហាញ និងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រក្រុមបាល់ទាត់ទាំងពីរយ៉ាងខ្លាំងផងដែរ។ គួរឲ្យកត់សម្គាល់ផងដែរ នៅពេលដែលមានការសួរសំនួរ និងចម្លើយទៅកាន់ក្រុមទាំងពីរ គឺសំនួរភាគច្រើនចេញពីអ្នករៀបចំការព្រឹតិ្តការណ៍ លោកBen Li និង អ្នកស្រី Catherine Chan ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនUrban Village និងលោកបណ្ឌិត Raymond Choi ជាប្រធានក្រុមហ៊ុន Prestige Homes Cambodia និង គណៈគ្រប់គ្រងថ្នាក់ដឹកនាំដទៃទៀត ដែលបានធ្វើឲ្យសន្និសីទកាសែត មុនការប្រកួតនេះកាន់តែមានភាពរំភើបខ្លាំងថែមទៀត។​

ក្នុងអំឡុងពេលប្រកួតបាល់ទាត់ ពិតជារំភើប និងអស្ចារ្យយ៉ាងខ្លាំងនៅពេលដែលកីឡាករបាល់ទាត់ ប្រាក់ មុន្នីឧត្តម បានប្រើបច្ចេកទេសដ៏ពិសេសរបស់គាត់បានស៊ុតបាល់ទំលុះខ្សែការពាររបស់ក្រុមម៉ាកាវ MUST CPK និងបានរកគ្រាប់បាល់ជូនក្រុមកម្ពុជាព្រះខ័នរាជស្វាយរៀង នៅក្នុងការប្រកួតដំបូងនាយប់ថ្ងៃទី២៨ ខែធ្នូ​ ឆ្នាំ២០១៩ ដែលក្រុមបាល់ទាត់ MUST CPK បានអះអាងថា ពួកគេមិនងាយនឹងចាញ់ក្នុងប្រកួត ដោយសារតែការស៊ុតទំលុះអ្នកចាំទីរបស់គេនោះទេ។

សម្រាប់ការប្រកួតលើកទី២ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៩វិញ កីឡាករបាល់ទាត់ដែលពាក់អាវលេខ៩ ឈ្មោះថា ណុប តុលា បានស៊ុតបាល់ប៉េណង់ទីចម្ងាយ១១ម៉ែត្របានយ៉ាងល្អ ទៅលើក្រុមMUST CPK ដែលធ្វើឲ្យក្រុមកម្ពុជាអាចតាមស្មើបាន ដោយលទ្ធផល១–១។ ពេលនោះទស្សនិកជន និងភ្ញៀវកិត្តិយសពិតជាមានអារម្មណ៍សប្បាយរីករា​យយ៉ាងខ្លាំង ដែលអ្នកខ្លះបានស្រែកលោត អបអរសារទរនឹងលទ្ធផលដ៏ល្អមួយនេះ។

នៅថ្ងៃបញ្ចប់នៃការប្រកួតដែលមានរយៈពេល២ថ្ងៃនេះ  គឺក្រុមព្រះខ័នរាជស្វាយរៀងបានយកឈ្នះ ក្រុម MUST CPK ដោយលទ្ធផលសរុប៥–២ ។ អ្នកគាំទ្រជាច្រើន បានសម្តែងការអបអរសាទរ និងទះដៃអបអរសាទរយ៉ាងខ្លាំង ចំពោះការប្រកួតដ៏អស្ចារ្យរបស់ក្រុមទាំងពីរនេះ។

សម្រាប់ការប្រកួតដ៏សំខាន់នេះ គ្រូបង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀងគ្រូបង្វឹក  លោកConor Nestor បានមានប្រសាសន៍ថា“ ដោយសារតែភាពជឿជាក់ការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តខ្ពស់បំផុតនៅក្នុងការប្រកួតនេះ យើងបានក្លាយជាម្ចាស់ជើងឯកនៃការប្រកួតមិត្តភាពនេះ។ មិនត្រឹមតែប៉ុណ្ណោះយើងមានអ្នកគាំទ្រ និងអ្នកគាំទ្រដ៏ស្មោះត្រង់ជាច្រើន ដែលបានលើកទឹកចិត្តយើងឈានដល់គោលដៅដែលរីកចំរើននេះ។

លោក Deigo Patriota បានបន្ថែមទៀតថា“ ទោះបីជាយើងចាញ់នៅក្នុងហ្គេមនេះក៏ដោយ ក៏វាមិនមានន័យថាយើងបានបាត់បង់អ្វីៗទាំងអស់ដែរ។ ការប្រកួតនេះ គឺពិតជាបានផ្តល់នូវការប្រកួតដ៏អស្ចារ្យ និងលើកទឹកចិត្តឱ្យយើងខិតខំ ក្នុងការប្រកួតឲ្យកាន់តែប្រសើរឡើងថែមទៀត​ ក៏ដូចជា បច្ចេកទេសក្នុងការប្រកួត ដើម្បីឱ្យយើងត្រៀមខ្លួនសម្រាប់ការប្រកួតនៅថ្ងៃខាងមុខទៀត។

លោក Ben Li និងលោកបណ្ឌិត Raymond Choi ក៏បានធ្វើការអបអរសាទរ និងលើកទឹកចិត្តដល់ក្រុម MUST CPK ផងដែរ។ “ទោះបីនេះជាលើកទី ១ របស់អ្នកក្នុងការប្រកួតនៅប្រទេសកម្ពុជាក៏ដោយ ក៏ក្រុមរបស់អ្នកបានបង្ហាញទម្រង់លេងយ៉ាងល្អ ជាមួយនឹងការទាត់បាល់បានយ៉ាងល្អ។” បើតាមសម្តីរបស់លោក​ Ben Li បានលើកឡើង។

ការប្រកួតមិត្តភាពអន្តរជាតិនេះ គឺអាចប្រព្រឹតិ្តទៅបាន ក៏ដោយសារមានការខិតខំប្រឹងប្រែងពីអ្នករៀបចំកម្មវិធីទាំងមូលគឺ ក្រុមហ៊ុន Urban Village និង ក្រុមហ៊ុន Prestige Homes Cambodia និងមានការគាំទ្រពីម្ចាស់ឧបត្ថម្ភធំពីក្រុមហ៊ុន ដូចជា ក្រុមហ៊ុន Cambodian Derivatives Exchage (CDX), Goldwell Capital និង Golden FX Link Capital។ព្រឹត្តិការណ៍ដ៏ពិសេសនេះ ត្រូវបានគេចាត់ទុកវាជាព្រឹត្តិការណ៍ដ៏ល្អមួយ និងជាការចាប់ផ្តើមសកម្មភាពជាច្រើន ដែលទាក់ទងនឹងវិធីធ្វើឲ្យមនុស្សមានសុខភាពល្អ និងសប្បា​យរីករាយ ដូចជាការប្រកួតកីឡា ការប្រគុំតន្រ្តី ការសម្តែង កំប្លែងជាដើម ក៏ដូចជាការបង្កើតបរិយាកាសដ៏ល្អមួយ និងរបៀបរស់នៅបែបទំនើបនៅក្នុងប្រទេសកម្ពុជា៕


ចែករំលែក