ដោយ ប៊ី
បាងកកៈ ប្រទេសថៃដាក់ចេញទិសដៅអាទិភាពលើការទូទាត់ និងការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកជាមួយកម្ពុជា និងប្រទេសអាស៊ានមួយចំនួន៤ទៀតនៅឆ្នាំ ២០២០។

ថៃមានគោលដៅលើកកម្ពស់ការទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិកនៅឆ្នាំ២០២០ ដែលផ្តល់អាទិភាពដល់ការទូទាត់ និងផ្ទេរប្រាក់ឆ្លងព្រំដែន ក្នុងគោលបំណងជំរុញប្រតិបត្តិការហិរញ្ញវត្ថុ តាមរយៈវេទិកាឌីជីថលនៅទូទាំងអាស៊ាន និងការធ្វើសមាហរណកម្មប្លុកក្នុងតំបន់។
ជាមួយនឹងគោលដៅទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក បង់រយៈពេល៣ឆ្នាំរហូតដល់ឆ្នាំ២០២២ ប្រតិបត្តិការឆ្លងដែនគឺជាការផ្តោតសំខាន់នៅឆ្នាំក្រោយ។
លោក Yos Kimsawas ប្រធានផ្នែកប្រព័ន្ធទូទាត់ប្រាក់នៅសមាគមធនាគារថៃបានថ្លែងថា សេវាកម្មហិរញ្ញវត្ថុនៅលើវេទិកាឌីជីថល នឹងមាននៅទូទាំងតំបន់នៅពាក់កណ្តាលឆ្នាំ២០២០ ។
ធនាគារក្នុងស្រុកជាច្រើន បានបង្កើតមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្នុងការរៀបចំសម្រាប់ការទូទាត់ឆ្លងកាត់ព្រំដែន និងការផ្ទេរប្រាក់។
លោក Srihanath Lamsam អនុប្រធានប្រតិបត្តិជាន់ខ្ពស់ធនាគារ Siam Commercial Bank (SCB) បានឱ្យដឹងថា ធនាគារ SCB គ្រោងនឹងដាក់ចេញការទូទាត់ឆ្លងព្រំដែន តាមរយៈបច្ចេកវិទ្យាQR ក្រោមស្តង់ដារអន្តរប្រតិបត្តិការអាស៊ាន និងការផ្ទេរប្រាក់ឆ្លងព្រំដែន។
នៅក្នុងដំណាក់កាលដំបូង ធនាគារនឹងផ្តោតលើប្រទេសសឹង្ហបូរី កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។
ជនចំណាកស្រុកមកពីប្រទេសជិតខាង និងជនបរទេស ដែលធ្វើការនៅថៃគឺជាគោលដៅសំខាន់ សម្រាប់ការផ្ទេរប្រាក់ឆ្លងដែន ខណៈអ្នកដំណើរនិងឈ្មួញក្នុងតំបន់គឺជាអតិថិជនសំខាន់ សម្រាប់សេវាកម្មទូទាត់ QR Code ឆ្លងកាត់ព្រំដែន។
ធនាគារ SCB ដែលជាអ្នកផ្តល់ប្រាក់កម្ចី ធំជាងគេបំផុតរបស់ប្រទេសនេះ បានចូលរួមជាមួយដៃគូនៅប្រទេសសឹង្ហបូរី គឺក្រុមហ៊ុន Liquid Group ក្នុងការផ្តល់ការទូទាត់តាមរយៈ QR Code ឆ្លងកាត់ព្រំដែននៅថៃ និងសឹង្ហបូរី ដោយមានគោលដៅធ្វើប្រតិបត្តិការចំនួន២០ម៉ឺនប្រតិបត្តិការនៅក្នុងឆ្នាំដំបូង។

លោក Srihanath Lamsam បានឱ្យដឹងទៀតថា ធនាគារគ្រោងនឹងផ្តល់ការទូទាត់ QR Code ឆ្លងព្រំដែននៅកម្ពុជានៅចុងឆ្នាំនេះ ហើយមានបំណងធ្វើប្រតិបត្តិការចំនួន១លានប្រតិបត្តិការនៅឆ្នាំដំបូង។
លោកបានបន្តថា សេវាកម្មនេះនឹងត្រូវបានពង្រីកដល់ឡាវនៅក្នុងត្រីមាសទី ១ ឆ្នាំក្រោយ។
ធនាគារ SCB ក៏ទទួលបានការយល់ព្រមពីធនាគារកណ្តាលមីយ៉ាន់ម៉ា ដើម្បីក្លាយជាធនាគារទូទាត់ប្រាក់ និងគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការឆ្លងដែនឌីជីថល នៅពេលក្រោយ។
ហ្វីលីពីនគឺជាទីផ្សារមួយផ្សេងទៀត នៅក្នុងគម្រោងដែលមានប្រជាជនចំណាកស្រុក និងជនបរទេសជាច្រើនកំពុងធ្វើការនៅថៃ៕ (ប្រភព បាងកកប៉ុស្តិ៍)៕






