ដោយវុត្ថា
ភ្នំពេញ៖ បច្ចុប្បន្នបានកំពុងប្រតិបត្តិការដោយមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១៤ ក្នុងនោះក្រុមហ៊ុនក្នុងស្រុកចំនួន៥ និង ក្រុមហ៊ុនអន្តរជាតិចំនួន៩ ដោយបានភ្ជាប់ជើងហោះហើរត្រង់ពីក្រុងព្រះសីហនុ ទៅកាន់ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេសថៃ ប្រទេសហ្វីលីពីន និងប្រទេសចិនមានរហូត២៥ទីក្រុង ។

នេះបើកតាមការលើកឡើងនៅក្នុងសុន្ទរកថា របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ នៅក្នុងពិធីជួបជុំដៃគូរវិនិយោគចិន នៅសណ្ឋាគារព្រីនថាមស៍ ។
លោកបន្តថា បច្ចុប្បន្ននេះ រដ្ឋាភិបាលបាននឹងកំពុងពង្រីក អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុឱ្យក្លាយទៅជាច្រកចេញចូលអន្តរជាតិដ៏ទំនើប និងមានប្រសិទ្ធភាពសម្រាប់ ផ្សារភ្ជាប់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ក្នុងបរិបថនៃយុគ្គសម័យសកលភាវូបនីយកម្ម សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងទំនាក់ទំនងជាមួយនឹងពិភពលោក ។

លោក តាំង សុចិត្រក្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់គេហទំព័រ propertyarea.asia កាលពីកន្លងមនេះថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងងក្រោយនេះ កំណើននៃក្រុមហ៊ុនអាកាសចរណ៍មកកាន់ខេត្តព្រះសីហនុមានការកើនឡើងគួរ ឱ្យកត់សម្គាល់ ដោយសារតែខេត្តមួយនេះ បានទាក់ទាញការវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនជាពិសេសវិនិយោគិនចិន។
លោកបន្តថា ចាប់តាំងពីរដ្ឋាភិបាលបានចេញសេចក្តីជូនដឹងពីការបិតល្បែងអនឡាញ ជំនួនភ្ញៀវធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ហាក់មានការថយចុះ ដែលកាលពីមុនមានចំនួនពី ៥ពាន់ ទៅ ៧ពាន់នាក់ក្នុងមួយថ្ងៃ តែបច្ចុប្បន្ននេះមានប្រហែល ១ ទៅ ៣ ពាន់ក្នុងមួយថ្ងៃ ហើយភ្ញៀវដែលធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនគឺជាជនជាតិចិន ។
ខេត្តព្រះសីហនុត្រូវបានប្រសិទ្ធនាមថាជា តារារៈនាទិសនិរតី ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយចីរភាព ជាពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ មណ្ឌលកំសាន្ត ។ ល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តព្រះសីហនុជាប៉ូលអភិវឌ្ឍ ជាតិប្រកបដោយ ចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈ ការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជា តំបន់ សេដ្ឋកិច្ចពិសេសគំរូពហុបំណង ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ ទទួលបាននូវការចាប់អារម្មណ៍ និងការបណ្តាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីអ្នកវិនិយោគបរទេស ជាពិសេសអ្នកវិនិយោគជនជាតិចិនស្ថិតក្នុងលំដាប់លេខ១ ជាហេតុធ្វើឱ្យខេត្តព្រះសីហនុ មានសន្ទុះអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័សលើវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ ក្នុងចំណោមនេះវិស័យសំណង់មានការអភិវឌ្ឍរីកចម្រើនយ៉ាងគំហុកគួរឱ្យកត់សំគាល់ គិតចាប់ពីឆ្នាំ២០១៧ដល់ខែធ្នូឆ្នាំ២០១៩ មានចំនួន១,១៣៧គម្រោង មានផ្ទៃក្រឡាសរុប១០,៧៧១,៧២០.៩២ម៉ែត្រក្រឡាស្មើនិងទុនវិនិយោគសរុប ៥,៨៧១,៩៧៦,៩៨៥.៥០ ដុល្លា ៕







