ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃកំពុងជំរុញក្រុមហ៊ុនខ្លួនពង្រីកវត្តមាននៅកម្ពុជា

0

ដោយ​ ​ប៊ី​
​ភ្នំពេញ​៖​ ​ក្រុមប្រឹក្សា​វិនិយោគ​ ​(​BoI​)​ ​របស់​ប្រទេស​ថៃ​កំពុង​លើកទឹកចិត្ត​ក្រុមហ៊ុន​ថៃ​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅក្នុង​ទីផ្សារ​អាស៊ី​ខាងត្បូង​ ​និង​បណ្តា​ប្រទេស​អាស៊ាន​ ​រួមមាន​កម្ពុជា​ ​ខណៈ​ប្រទេស​ជាច្រើន​ត្រូវការ​ការ​វិនិយោគ​ផ្ទាល់​ពី​បរ​ទេស​ថ្មី​ៗ​នៅក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ​ ​និង​សំណង់​។​

​លោកស្រី​ ​Ratanawimon​ ​Nareesukreekhet​ ​នាយករង​នៃ​ការជំរុញ​ការ​វិនិយោគ​ក្រៅប្រទេស​របស់​ថៃ​នៃ​ក្រុមប្រឹក្សា​ ​BoI​ ​បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា​ ​ប្រទេស​ខ្លួន​កំពុង​ប្ដេជ្ញា​ជំរុញ​ក្រុមហ៊ុន​ថៃ​ដើម្បី​វិនិយោគ​នៅ​កម្ពុជា​ ​ឡាវ​ ​មីយ៉ាន់ម៉ា​ ​និង​វៀតណាម​ ​ប្រទេស​បង់​ក្លា​ដែ​សម៉ា​ល់​ឌីវ​ ​ឥណ្ឌា​ ​ប៉ាគីស្ថាន​ ​និង​ស្រីលង្កា​គឺជា​ប្រទេស​គោលដៅ​សម្រាប់​ ​BoI​ ​ដើម្បី​គាំទ្រ​ដល់​ការ​វិនិយោគ​នា​ពេល​អនាគត​ពី​ក្រុមហ៊ុន​ថៃ​។​
​ក្រុមប្រឹក្សា​ ​BoI​ ​ប្តេជ្ញា​លើកទឹកចិត្ត​ក្រុមហ៊ុន​ថៃ​ឱ្យ​បន្ត​វត្តមាន​អាជីវកម្ម​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ ​ឡាវ​ ​មីយ៉ាន់ម៉ា​ ​និង​វៀតណាម​ដើម្បី​ចាប់​យក​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា​នៅក្នុង​ប្រទេសជិតខាង​នេះ​។​
​លោកស្រី​ ​Ratanawimon​ ​បាន​មានប្រសាសន៍​ថា​ ​“​វា​មាន​វិ​ស័យ​សក្តា​នុ​ពល​ជាច្រើន​នៅក្នុង​ប្រទេសជិតខាង​ចំនួន​បួន​ ​ដូចជា​កសិកម្ម​វាយនភណ្ឌ​ ​និង​សម្លៀកបំពាក់​ ​ទេសចរណ៍​ ​និង​សេវាកម្ម​ម្ហូបអាហារ​ ​និង​ភេសជ្ជៈ​ ​ការ​លក់រាយ​ ​និង​វេច​ខ្ចប់​ ​ហើយ​ក្រុមហ៊ុន​ថៃ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ​ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​អ្នកប្រើ​ប្រាស់​”​។

​លោកស្រី​មានប្រសាសន៍​ថា​ ​“​អាស៊ី​ខាងត្បូង​មានឱកាស​ ​និង​កំណើន​សេដ្ឋកិច្ច​ ​ស្រប​ពេល​ដែល​ប្រទេស​ជាច្រើន​កំពុង​អភិវឌ្ឍ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​។​ ​ក្រុមប្រឹក្សា​ ​BoI​ ​ត្រូវ​បាន​ធ្វើការ​ទំនាក់ទំនង​ដោយ​រដ្ឋាភិបាល​មក​ពី​តំបន់​នោះ​ ​ហើយ​យើង​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ដើម្បី​នាំ​ក្រុមហ៊ុន​ថៃ​មក​ធ្វើទស្សនកិច្ច​ ​និង​វិនិយោគ​នៅក្នុង​ប្រទេស​ទាំងនោះ​”​។​
​លោកស្រី​ ​Ratanawimon​ ​បាន​និយាយ​ថា​ ​អាស៊ី​ខាងត្បូង​មាន​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ផ្លូវថ្នល់​ ​អគារ​ ​និង​រោងចក្រ​ថាមពល​កំពុង​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​។​
​ក្រុមប្រឹក្សា​ ​BoI​ ​មាន​គោលនយោបាយ​ជំរុញ​ ​និង​លើកទឹកចិត្ត​ក្រុមហ៊ុន​ថៃ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្រៅប្រទេស​ចាប់តាំងពី​ឆ្នាំ​ ​២០១០​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here