ដោយវុត្ថា
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានជំរុញ និងស្នើដល់សភាបង់ក្លាដេស ជំរុញវិនិយោគគិនរបសស់ខ្លួនឱ្យមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជារួមវិនិយោគលើវិស័យទេសចរណ៍ និងពាណិជ្ជកម្មបន្ថែមទៀត ដើម្បីឱ្យប្រទេសទាំងពីរ ទទួលបានលទ្ធផលកាន់តែប្រសើរ ឡើង។

លោក ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាពកម្ពុជា បានជំរុញបែបនេះ នៅក្នុងជំនួបជាមួយលោក មូហាម៉ាត ហ្វារុខាន់ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការបរទេស នៃសភា ប្រទេសបង់ក្លាដេស ខណៈលោកកំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ ទី៨ ខែមករា ឆ្នាំ ២០២០នេះ ។
លោកបន្តថា ក្នុងក្របខ័ណ្ឌ ទ្វេភាគី រដ្ឋសភាទាំងពីរ នៅមិនទាន់ចុះកិច្ចព្រមព្រៀង ឬអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីវិស័យ ទេសចរណ៍នៅឡើយទេ ខណៈនៅឆ្នាំ២០១៨ មានអ្នកទេសចរបង់ក្លាដេស ចំនួនជិតបីពាន់នាក់ មក ទស្សនាកម្ពុជា ដែលជាតួលេខទាបនៅឡើយ។
លោកបានស្នើដល់ភាគីបង់ក្លាដេស ជួយជំរុញអ្នកវិនិយោគ មកបណ្ដាក់ទុននៅ កម្ពុជា ឱ្យច្រើនថែមទៀត ព្រោះថា កម្ពុជា មានលក្ខខណ្ឌអំណោយផលជាច្រើន ដូចជា កម្ពុជា ស្ថិតនៅលើ ទីតាំងយុទ្ធសាស្ត្រ ក្នុងតំបន់អាស៊ាន កម្ពុជា មានស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជា មានកម្លាំងពលកម្មសម្បូរបែប និងវ័យក្មេង ក្នុងនោះអ្នកមានអាយុ៣៥ឆ្នាំចុះ មាន៧២ភាគរយ នៃប្រជាជនសរុប គួបផ្សំប្រាក់ឈ្នួលមានការប្រកួតប្រជែង។

លោក មូហាម៉ាត ហ្វារុខាន់ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការបរទេស នៃសភា ប្រទេសបង់ក្លាដេស បានសន្យាថានឹងជំរុញវិស័យទាំងពីរនេះ ដើម្បីជាផ្លែផ្កាសក្ដិសម នឹងកិច្ច សហប្រតិបត្តិការរបស់ប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
បើតាម លោក ងួន ញ៉ិល ឱ្យដឹងថា ទំនាក់ទំនងការទូតកម្ពុជា-បង់ក្លាដេស បានផ្តើមតាំងពី ឆ្នាំ១៩៩៣ ហើយទំនាក់ទំនងនេះ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកាន់តែមានភាពល្អ ប្រសើរឡើងជាលំដាប់៕






