កម្ពុជាបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមានតម្លៃជិត ៣,៦ ពាន់លានដុល្លារនៅឆ្នាំ ២០១៩

0

ដោយ​ ​ប៊ី​
​ភ្នំពេញ​៖​ ​ប្រទេស​កម្ពុជា​បាន​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​FDI​)​ ​មានតម្លៃ​ជិត​ ​៣,៦​ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​ ​កើនឡើង​ជិត​ ​១២​ ​ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំ​ ​២០១៨​ ​។​ ​នេះ​របាយការណ៍​របស់​ធនាគារជាតិនៃកម្ពុជា​។​ ​

​របាយការណ៍​បានឱ្យ​ដឹង​ថា​ ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប​មាន​ចំនួន​ ​៣,៥៨​ ​ពាន់​លាន​ដុល្លារ​កើនឡើង​ ​១១,៧​ ​ភាគរយ​ ​ពី​ ​៣,២១​ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។​
​ក្នុង​នោះ​ ​វិស័យ​ហិរញ្ញវត្ថុ​ទទួល​បាន​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មានតម្លៃ​ ​២,៣៨​ ​ពាន់​លាន​ដុល្លារ​ ​ខណៈ​វិស័យ​មិនមែន​ហិរញ្ញវត្ថុ​ទទួល​បាន​ ​១,២០​ ​ពាន់​លាន​ដុល្លារ​។​
​ប្រទេស​កម្ពុជា​កំពុង​ទទួលការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ជាបន្តបន្ទាប់​នៅពេល​នេះ​ ​ដោយសារតែ​ស្ថាន​ច្បាប់​ ​និង​ច្បាប់​វិនិយោគ​មាន​ភាព​អំណោយផល​។​
​របាយការណ៍​អាស៊ាន​ថ្មី​មួយ​សិក្សា​ដោយ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម​ ​និង​ការ​អភិវឌ្ឍ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​បង្ហាញថា​ ​កម្ពុជា​ស្ថិត​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ចំនួន៤​ ​ទទួល​បាន​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​មានកម្រិត​ខ្ពស់​ជាងគេ​។​ ​
​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​ក៏​មានការ​កើនឡើង​ផង​ដែរ​ ​ក្នុង​ប្រទេស​អាស៊ាន​ចំនួន៦ទៀត​ ​ប៉ុន្តែ​កម្ពុជា​ ​ឥណ្ឌូ​នេ​ស៊ី​ ​សឹង្ហ​បូរី​ ​និង​វៀតណាម​មាន​កំណើន​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​។​

​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចូល​អាស៊ាន​ ​បាន​កើនឡើង​ក្នុងរយៈពេល៣ឆ្នាំ​ជាប់គ្នា​ក្នុង​ឆ្នាំ២០១៨​ ​ដែល​ឈាន​ដល់កម្រិត​ខ្ពស់​គ្រប់ពេល​ ​ដោយ​កើន​ដល់១៥៥ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​អាស៊ាន​បាន​ចូលរួម​ចំណែក​ ​នៃ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​លើ​ពិភពលោក​កើនឡើង​ដល់១១.៥​ ​ភាគរយ​ក្នុង​ឆ្នាំ២០១៨​ ​។​ ​និន្នាការ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​ឆ្ពោះទៅ​មុខ​ទៀត​។​
​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​ ​បាន​កើន​ដល់៣ពាន់​លាន​ដុល្លារ​ ​កើនឡើង​ ​១៥ភាគរយ​ ​ដែល​ភាគច្រើន​បាន​មក​ពី​ការ​វិនិយោគ​ ​ពី​វិស័យ​សេវាកម្ម​ដែល​មាន​ចំនួន​ ​៧៩ភាគរយ​ ​នៃ​លំហូរ​ចូល​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ទាំងអស់​។​
​របាយការណ៍​បាន​បញ្ចាក់​ថា​ ​“​វិស័យ​សេវាកម្ម​មាន​ចំនួន៧៩ភាគរយ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ទាំងអស់​នៅ​កម្ពុជា​ ​ខណៈ​វិស័យ​ផលិតកម្ម​មាន​ចំនួន១២ភាគរយ​”​។​
​វិនិយោគិន​កំ​ពូល​ៗ​នៅ​កម្ពុជា​ ​សុទ្ធសឹងតែ​មាន​ប្រភព​មក​ពី​បណ្តា​ប្រទេស​អាស៊ី​ ​ដូចជា​ចិន​ ​អាស៊ាន​ ​ហុងកុង​ ​កូរ៉េ​ខាងត្បូង​ ​និង​ជប៉ុន​។​
​របាយការណ៍​បាន​បញ្ជាក់​ថា​ ​វិស័យ​សេវាកម្ម​ ​ដែល​ទទួល​បានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ត្រូវ​បាន​ជំរុញ​ដោយ​វិស័យ​ធនាគារ​ ​និង​ធានារ៉ាប់រង​។​ ​នៅក្នុង​វិស័យ​ធនាគារ​ ​ធនាគារពាណិជ្ជ​កម្ម​បរទេស​មួយចំនួន​ ​បាន​ពង្រីក​ប្រតិបត្តិ​ការ​របស់​ខ្លួន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here