ដោយៈ រ៉ាណេត
ភ្នំពេញៈ កាលពីឆ្នាំ២០១៩កន្លងទៅនេះ កម្ពុជាបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមានទំហំទឹកប្រាក់យ៉ាងលើសលប់រហូតជិតដល់ ៣,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងចំណោមទុនវិនិយោគទាំងអស់ វិស័យឧស្សាហកម្មបានឈានមុខគេ ហើយនឹងនៅតែបន្តអូសទាញការវិនិយោគបន្ថែមទៀតសម្រាប់ឆ្នាំ២០២០នេះ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះថា គ្រប់វិស័យទាំងអស់សុទ្ធតែមានភាពសំខាន់ ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយឡែកវិស័យដែលឈានមុខគេគឺវិស័យឧស្សាហកម្ម។
លោកឧកញ៉ាបានបន្តទៀតថា “បច្ចុប្បន្ននេះ មានក្រុមហ៊ុនអន្តរជាតិជាច្រើនបានចាប់ផ្ដើមអនុវត្តន៍ លើគម្រោងវិនិយោគរបស់ខ្លួន ដែលបានរៀបចំកាលពីឆ្នាំចាស់និងបានដាក់់ស្នើមកកាន់រដ្ឋាភិបាលសុំការអនុម័ត”។ លោកឧកញ៉ាបន្តថា “ភាគច្រើនគម្រោងវិនិយោគទាំងអស់នោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម រួមមានដូចជាគម្រោងរោងចក្រកាត់ដេរ រោងចក្រស្បែកជើង រោងចក្រកាបូប រោងចក្រផលិតគ្រឿងអគ្គិសនី ជាដើម ហើយក្រៅពីនេះក៏មានគម្រោងវិនិយោគលើវិស័យទេសចរណ៍ និងវិស័យអប់រំផងដែរ”។
វិស័យធំៗដែលជាសរសរស្តម្ភ ក្នុងការរក្សាកំណើនសេដ្ឋកិច្ចកម្ពុជារួមមាន វិស័យទេសចរណ៍ វិស័យសំណង់ វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ដែលមានសមត្ថិភាពក្នុងការអូសទាញទុនវិនិយោគយ៉ាងលើសលប់។

ជាមួយនឹងការបង្ហើបប្រាប់ពីលំហូរ នៃការវិនិយោគបន្ថែមពីសំណាក់ក្រុមហ៊ុនអន្តរជាតិមកកាន់កម្ពុជាក្នុងឆ្នាំ២០២០នេះ លោកឧកញ៉ា ក៏បានមានប្រសាសន៍ផងដែរថា បច្ចុប្បន្ននេះ គ្រប់បណ្តាពាណិជ្ជករ ដែលជាអ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ កាន់តែមានភាពងាយស្រួល និងកក់ក្ដៅជាងមុន ដោយសារតែរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយនូវរាល់បញ្ហា និងឧបសគ្គនានា ដើម្បីជំរុញការវិនិយោគប្រកបដោយភាពរលូន។
កិច្ចការដែលរដ្ឋាភិបាលព្យាយាមដោះស្រាយជូនជាចម្បង គឺការធ្វើកំណែទម្រង់ផ្ទៃក្នុងស៊ីជម្រៅ ជាពិសេសទៅលើបញ្ហានីតិវិធីពន្ធគយ និងពន្ធដា មួយចំនួន ក្នុងការរៀបចំរត់ការឯកសារជាដើម ៕







