ដោយ Donald Lee
ភ្នំពេញៈ តម្លៃមាសបានឡើងថ្លៃបំផុតនៅឆ្នាំនេះ គិតត្រឹមរយៈពេល៧ឆ្នាំកន្លងមក ខណៈប្រធានាធិបតីអាមេរិក Donald Trump បានគំរាមក្នុងធ្វើឱ្យមានជម្លោះប្រដាប់អាវុធជាមួយអ៊ីរ៉ង់ បន្ទាប់ពីលោកបានបញ្ជាឱ្យធ្វើឃាត មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់នៅទីក្រុងបាកដាតកាលពីថ្ងៃព្រហស្បតិ៍។

តម្លៃមាសបានឡើងថ្លៃនៅទូទាំងពិភពលោក ដល់១,៥៧៩.៥៥ដុល្លារក្នុងមួយអោន (ឬប្រហែល៣១ក្រាម) ដែលជាតម្លៃមិនធ្លាប់ឃើញចាប់តាំងពីខែ មេសា ឆ្នាំ ២០១៣។
មាសត្រូវបានចាត់ទុកថា ជាការវិនិយោគដែលមានសុវត្ថិភាពបំផុត និងរក្សានូវតម្លៃពិត បើប្រៀបធៀបទៅនឹងរូបិយប័ណ្ណជាតិ ដែលមិនមានការគាំទ្រនៅជុំវិញពិភពលោក។
លើសពីនេះធនាគារកណ្តាលនៅជុំវិញពិភពលោក បានខិតខំប្រឹងប្រែងរួមគ្នាដើម្បីធ្វើពិពិធកម្មប្រាក់បម្រុងប្តូរប្រាក់បរទេស ដើម្បីធានាដល់សេដ្ឋកិច្ចរបស់ពួកគេ។
ធនាគារកណ្តាលនៅជុំវិញពិភពលោក បានទិញមាសចំនួន៣៧៤,១តោនក្នុងរយៈពេល៦ខែដំបូងកាលពីឆ្នាំមុន។ នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក។ នេះកើតឡើង នៅពេលដែលធនាគារកណ្តាលបានទិញចំនួន៦៥១.៥តោនកាលពីឆ្នាំមុន ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ រហូតដល់៧៤ភាគរយធៀបនឹងឆ្នាំ២០១៨។
ធនាគារប្រជាជនចិន (PBOC)បានប្រកាសថា ខ្លួនបានទិញមាសចំនួន៥,៩ តោននៅក្នុងខែកញ្ញា កាលពីឆ្នាំមុន ដើម្បីធ្វើពិពិធកម្មប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួន និងបានពឹងផ្អែកតិចតួចលើប្រាក់ដុល្លារអាមេរិក ដោយសារសង្គ្រាមពាណិជ្ជកម្មបានកើនឡើងកាលពីដើមឆ្នាំមុននេះ។ មុនខែកញ្ញា ឆ្នាំមុន ធនាគារកណ្តាលចិនបានបន្តការទិញមាស៩៩តោនគិតចាប់តាំងពីខែ មករា ឆ្នាំនេះ។

លោកTrump បានបង្កើនភាពតានតឹង ដោយព្រមានអ៊ីរ៉ង់អំពីការសងសឹក ប្រសិនបើវាបង្កអន្តរាយដល់ទ្រព្យសម្បត្តិណាមួយរបស់អាមេរិក។
លោកTrump បានសរសេរលើបណ្តាញសង្គម Twitter ថា “សូមឱ្យរឿងនេះធ្វើជាការព្រមានថា ប្រសិនបើអ៊ីរ៉ង់វាយប្រហារជនជាតិអាមេរិក ឬទ្រព្យសម្បត្តិអាមេរិកណាមួយ យើងបានកំណត់ទីតាំងអ៊ីរ៉ង់ចំនួន៥២កន្លែង សម្រាប់ការវាយប្រហារ (តំណាងឱ្យចំណាប់ខ្មាំងអាមេរិក៥២នាក់ ដែលត្រូវបានអ៊ីរ៉ង់ចាប់យកជាច្រើនឆ្នាំកន្លងមក)។ វប្បធម៌អ៊ីរ៉ង់ និងគោលដៅទាំងនោះ ហើយអ៊ីរ៉ង់ផ្ទាល់ នឹងត្រូវបានវាយប្រហារខ្លាំងបំផុត។ អាមេរិកមិនចង់មានការគំរាមកំហែងទៀតទេ!”៕






