សម្តេចតេជោជំរុញឱ្យបង់ក្លាដេសវិនិយោគលើការសង់ឃ្លាំង និងរោងម៉ាស៊ីនកិនស្រូវ

0

ដោយ​វុត្ថា
​ភ្នំពេញ​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​ជំរុញ​ឱ្យ​វិនិយោគិន​បង់ក្លាដេស​មក​វិនិយោគ​ ​សង់​ឃ្លាំង​ ​រោងម៉ាស៊ីន​កិនស្រូវ​ ​និង​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជាជន​ដើម្បី​ធ្វើការ​កិន​នាំចេញ​ទៅ​ប្រទេស​ ​បង់ក្លាដេស​។​

សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ ​លោក​ ​Muhammad​ ​Faruk​ ​Khan​ ​ប្រធាន​គ​ណ​កម្មា​ធិការ​អចិន្ត្រៃយ៍​ទទួលបន្ទុក​កិច្ចការ​បរទេស​នៃ​សភា​បង់ក្លាដេស​ ​នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃទី៦​ ​ខែមករា​ ​ម្សិលមិញ​នេះ​ ​ឱ្យ​ដឹង​ថា​ ​កន្លងមក​សម្ដេច​បាន​ស្វែងយល់​អំពី​តម្រូវ​អង្ករ​របស់​ប្រទេស​បង់ក្លាដេស​ ​ដែល​មានបំណង​ស្វែងរក​ទិញ​អង្ករ​ ​ពី​កម្ពុជា​។​

​សម្តេច​បន្ត​ថា​ ​ក្នុង​ន័យ​នេះ​ ​គប្បី​រក​វិធីសាស្ត្រ​ដើម្បី​អាច​ទិញ​អង្ករ​ពី​កម្ពុជា​បាន​នូវ​តម្លៃ​ដ៏​សមស្រប​មួយ​ ​នោះ​គឺ​តាមវិធី​ដែល​ប្រជាជន​ឬក៏​អ្នក​វិនិយោគ​បង់ក្លាដេស​ ​អាចម​កវិ​និ​យោគ​ ​សង់​ឃ្លាំង​ ​រោងម៉ាស៊ីន​កិនស្រូវ​ ​និង​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជាជន​ផ្ទាល់​តែម្ដង​ ​ដើម្បី​ធ្វើការ​កិន​នាំចេញ​ទៅ​ប្រទេស​ ​បង់ក្លាដេស​ ​ដែល​ក្នុង​ន័យ​នេះ​តម្លៃ​អង្ករ​របស់​កម្ពុជា​ ​នឹងអាច​មានតម្លៃ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃទៀត​ផង​ ​។​ ​

​សម្តេច​បន្ថែម​ថា​ ​“​ក្នុង​ន័យ​នេះ​ផង​ដែរ​ ​ប្រទេស​បង់ក្លាដេស​ ​នឹង​ទទួល​បាន​សុវត្ថិភាព​អង្ករ​ ​សុវត្ថិភាព​ភាព​អាហារ​ ​ពិសេស​ជំរុញ​ទំនាក់ទំនង​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អ​ថែមទៀត​ផង​ដែរ​”​ ​។​

​សម្តេច​តេជោ​ ​បន្ថែម​ទៀត​ថា​ ​“​យើង​គប្បី​ណា​ជំរុញ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​របស់​ប្រទេស​ទាំងពីរ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​យល់ដឹង​គ្នា​កាន់តែ​ខ្លាំង​ឡើង​ខ្ពស់​ ​និង​ទំនាក់ទំនង​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ន័យ​ស្វែងរក​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ផ្សេង​រួម​ទាំង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​សេដ្ឋកិច្ច​ ​វិនិយោគ​និង​ពាណិជ្ជកម្ម​ផង​”​។​ ​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​(​CRF​)​ ​បង្ហាញ​ទិន្នន័យ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ថា​ ​បរិមាណ​អង្ករ​នាំចេញ​របស់​កម្ពុជា​ ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​នៅ​ឆ្នាំ​ ​២០១៩​ ​បាន​ចំនួន​ជាង​ ​៦សែន​ ​(​៦២០.១០៦​)​ ​តោន​។​ ​ចំនួន​នេះ​ ​ធ្លាក់ចុះ​ជិត​ ​១​ ​(​០,៩៧​)​ ​ភាគរយ​ ​បើ​ធៀប​នឹង​ការនាំចេញ​នៅ​ឆ្នាំ២០១៨​។​ ​

​ចំណែក​តម្លៃ​សរុប​នៃ​ការ​នាំ​ទំនិញ​ចេញ​ ​ក៏បាន​ធ្លាក់ចុះ​ដែរ​ ​គឺ​ធ្លាក់ចុះ​ ​៤,៣ភាគរយ​ដែរ​ ​ដោយ​ការនាំចេញ​នៅ​ឆ្នាំ២០១៩​ ​មាន​ទំហំ​ទឹកប្រាក់​ ​ចំនួន​ប្រាំ​រយ​មួយ​ ​(​៥០១​)​ ​លាន​ដុល្លារ​អាមេរិក​ ​ឯ​កាល​ឆ្នាំ២០១៨​ ​ការនាំចេញ​ ​មាន​ទំហំ​ទឹកប្រាក់​ ​ប្រាំ​រយ​ម្ភៃ​បួន​ ​(​៥២៤​)​ ​លាន​ដុល្លារ​អាមេរិក​។​

​ការនាំចេញ​អង្ករ​នៅ​ឆ្នាំ២០១៩​ ​ទៅ​ចិន​មាន​ចំនួន​ច្រើនជាង​គេ​ ​(​គឺ​ ​២៤៨.១០៥តោន​ ​ស្មើនឹង​ ​៤០,៧៣​%​)​ ​បន្ទាប់មក​ ​គឺទី​ផ្សារ​អឺរ៉ុប​ ​(​២០២.៩៩០តោន​ ​ស្មើនឹង​ ​៣២,០១​%​)​ ​ទីផ្សារ​ធំ​ទី៣​ ​គឺ​ក្នុង​តំបន់​អាស៊ាន​ ​(​៨៣.១៦៤តោន​)​ ​និង​ទិសដៅ​ផ្សេងទៀត​ ​ជាង​ ​៨ម៉ឺន​ ​(​៨៥.៨៤៧​)​ ​តោន​។​

​បើ​ទោះជា​ការនាំចេញ​សរុប​ ​បាន​ធ្លាក់ចុះ​ជិត​ ​១ភាគរយ​ក្ដី​ ​ក៏​ការនាំចេញ​ទៅ​ប្រទេស​ចិន​ ​កើនឡើង​ ​ជាង​ ​៣០​ ​(​៣៣,៣​)​ ​ភាគរយ​ ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០១៨​។​ ​ប៉ុន្តែ​ការនាំចេញ​ទៅ​អឺរ៉ុប​វិញ​ ​បាន​ធ្លាក់ចុះ​ជាង​ឆ្នាំ២០១៨​ ​ចំនួន​ជាង​ ​២៤​ ​(​២៤,៥​)​ភាគរយ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here