ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលអាមេរិក បានផ្តល់ជំនួយប្រមាណ១០០លានដុល្លា ក្នុងមួយឆ្នាំៗ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលជាកិច្ចសហប្រតិបត្តិការរឹងមាំ តាមរយៈកម្មវិធីអភិវឌ្ឍន៍នានា ហើយដែលនឹងត្រូវបានអនុវម័ត និងចុះ MOU ជាមួយគ្នា។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា មានប្រសាសន៍បែបនេះ នៅក្នុងជំនួនពិភាក្សាការងារជាមួយ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២០ ម្សិលមិញនេះ នាទីស្តីការក្រសួងផែនការ ។
លោក Patrick បន្តថា ហើយយើងក៏មានវិស័យឯកជន សម្រាប់ជួយដល់កម្ពុជាផងដែរ។
លោកបានបន្ថែមថា ក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី យើងបានមើលឃើញពីបញ្ហាប្រឈមនានា ដែលសហរដ្ឋអាមេរិកពិបាកក្នុងការជួយ ប៉ុន្តែយើង(សហរដ្ឋអាមេរិក និងកម្ពុជា) នឹងរួមគ្នាដោះស្រាយលើបញ្ហាប្រឈមទាំងនោះជាមួយគ្នាឱ្យបាន។
លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បាននថ្លែងនូវអំណរអរគុណចំពោះប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានជួយផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធិផលធំៗជាច្រើន មានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៧%ក្នុងមួយឆ្នាំៗ ជាពិសេសបានជួយគាំទ្រដល់ក្រសួងផែនការ។

លោកបន្ថែមថា តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) រួមនឹងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត មានដូចជា UNFPA, UNICEF គាំទ្រលើការអង្កេតប្រជាសាស្ត្រ និងសុខភាព(CDHS) ដែលមានចាប់តាំងពីឆ្នាំ២០០០មកម្ល៉េះ និង អង្កេតចន្លោះជំរឿនកសិកម្ម ឆ្នាំ២០១៩ ហើយតាមរយៈអង្គការUNDP ក៏បានជួយដល់ក្រសួងផែនការ ក្នុងការរៀបចំក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(CSDGs) ២០១៩-២០៣០ ក៏ដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ(NSDP) ២០១៩-២០២៣ ព្រមទាំងកិច្ចសហប្រតិបត្តិការដទៃផ្សេងទៀតផងដែរ៕







