ដោយវុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា សន្តិភាព និងស្ថិរភាពនយោបាយបានធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យសម្រេចបានកំណើនខ្ពស់ប្រមាណ ៧,១% ក្នុងបរិការណ៍អតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងទុនបម្រុងអន្តរជាតិបន្តកើនឡើង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា(៧មករា ១៩៧៩-៧មករា ២០២០)នៅ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា កំណើននេះត្រូវបានគាំទ្រដោយកំណើនល្អប្រសើរនៃវិស័យសេវាកម្ម និងកំណើនខ្ពស់នៃវិស័យឧស្សាហកម្ម ថ្វីបើវិស័យកសិកម្មនៅបន្តមានកំណើនទាបក្ដី។
សម្តេចបន្តថា ស្ថិរភាពនយោបាយបានផ្តល់ទំនុកចិត្តដល់វិនីយោគិនទាំងក្នុងប្រទេស និងក្រៅប្រទេសក្នុងការបណ្តាក់ទុននៅកម្ពុជា ជាពិសេសលើវិស័យសំណង់ និងកម្មន្តសាល។ ព្រមជាមួយនេះ ការប្រើប្រាស់ក្នុងស្រុក និងពាណិជ្ជកម្មអន្តរជាតិមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។
សម្តេចតេជោ បន្ថែមថា លើមូលដ្ឋានសមិទ្ធកម្មនៃវិស័យសេដ្ឋកិច្ច និងការបែងចែកផ្លែផ្កានៃកំណើនដោយសមធម៌ក្នុងក្របខណ្ឌសង្គមទាំងមូល ធ្វើឲ្យជីវភាពរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក់ពី ១ ៥៤៨ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ១ ៦៧៩ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយមកក្រោម ១០% នាបច្ចុប្បន្ន។ម្យ៉ាងទៀត កម្ពុជារក្សាបានសន្តិសុខការងារ ដោយអត្រាគ្មានការងារមានប្រមាណ ០,៣% ប៉ុណ្ណោះ។

រាជរដ្ឋាភិបាលបានដាក់ចេញនិងកំពុងជំរុញអនុវត្តគោលនយោបាយជាតិគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គមព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។ តាមរយៈនេះ រាជរដ្ឋាភិបាលបានផ្តល់ប្រព័ន្ធគាំពារចំនួន២រួមមានៈប្រព័ន្ធជំនួយសង្គមផ្តល់ការគាំពារដល់ប្រជាជនដែលរស់នៅក្រោម និងក្បែរបន្ទាត់ភាពក្រីក្រ ដោយផ្តោតជាពិសេសលើកុមារ ស្ត្រីមានផ្ទៃពោះ ជនពិការ ជនចាស់ជរាគ្មានទីពឹង និងប្រព័ន្ធសន្តិសុខសង្គម ផ្តល់ការគាំពារហានិភ័យលើផ្នែកសោធន ថែទាំសុខភាព ហានិភ័យការងារ និកម្មភាព និងពិការភាពដល់ក្រុមប្រជាជននៃវិស័យសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធ។
រាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មការិនីដែលបានសម្រាលកូនតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ហើយបានដាក់ឲ្យអនុវត្តនូវការឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំនៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអទិភាពដើម្បីសម្រាលបន្ទុក លើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភដល់ស្ត្រី និងកុមារ។

រាជរដ្ឋាភិបាលក៏បានសម្រេចបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផ្តល់ការគាំពារផ្នែកសុខភាពប្រកបដោយគុណភាព និងមិនគិតថ្លៃដល់កុមារកម្ពុជា។ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទទួលបានការដំឡើងបៀវត្សចាប់ពីខែមករា និងខែមេសាឆ្នាំ២០២០នេះ។ ចំពោះកម្មករនិយោជិតដែលកំពុងតែបម្រើការងារក្នុងវិស័យកាត់ដេរ និងស្បែកជើងបានទទួលប្រាក់ឈ្នួលអប្បបរមា ១៨២ ដុល្លារអាមេរិក និងត្រូវបានដំឡើងដល់ ១៩០ ដុល្លារអាមេរិក ចាប់ពីខែមករាឆ្នាំ២០២០នេះ ដោយមិនទាន់គិតប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ជាពិសេសផលប្រយោជន៍ដែលបានទទួលពីការអនុវត្តគោលនយោបាយជាតិគាំពារសង្គម។

រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ដល់ការលើកស្ទួយជីវភាពប្រជាកសិករ ជាពិសេសតាមរយៈការជំរុញផលិតកម្ម ការខិតខំរក្សាស្ថិរភាពថ្លៃកសិផល និងការពង្រីកទីផ្សារកសិផល ។ នៅក្នុងដំណើរការអភិវឌ្ឍន៍ឃុំ សង្កាត់រាជរដ្ឋាភិបាលបានបង្កើនជាបន្តបន្ទាប់នូវមូលនិធិឃុំ សង្កាត់ ហើយក្នុងឆ្នាំ២០២០នេះ ឃុំ សង្កាត់នីមួយៗនឹងទទួលបានថវិកាសរុបជាមធ្យមប្រមាណ ១២២.០០០ដុល្លារ ក្នុងនោះថវិកាសម្រាប់ផ្នែកអភិវឌ្ឍន៍មូលដ្ឋានមានប្រមាណ ៧០.០០០ដុល្លារ ហើយថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋាននេះនឹងត្រូវបង្កើនជារៀងរាល់ឆ្នាំ។
រហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗនឹងទទួលបានថវិកាសរុបជាមធ្យមជាង ១៣២.០០០ដុល្លារ ។
ជាមួយគ្នានេះ ការបញ្ចុះថ្លៃ និងពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត ការបន្ធូរបន្ថយពន្ធ និងការអនុគ្រោះពន្ធលើប្រភេទពន្ធមួយចំនួន បាននិងកំពុងផ្តល់គុណប្រយោជន៍ជូនប្រជាជនទូទៅដែលនៅមានប្រាក់ចំណូលទាប៕






