ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្ថិតក្នុងកំឡុងពេលអន្តរកាលបែបនេះ តើអ្នកមានបំណងចង់វិនិយោគលើវិស័យអចលនទ្រព្យ គួរវិនិយោគបែបណា និងនៅទីតាំងណា ដើម្បីទទួលបានផលចំណេញខ្ពស់?
អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១២ កុម្ភៈនេះថា ក្នុងកំឡុងពេលនេះ អ្នកវិនិយោគដែលមានពីរសណ្ឋាន គឺវិនិយោគសម្រាប់រស់នៅ និងវិនិយោគដើម្បីទុកលក់យកចំណេញ។ អ្នកវិនិយោគសម្រាប់រស់នៅ វាជាពេលគួរជាពេលធ្វើការវិនិយោគ ព្រោះជាពេលដែលតម្លៃអចលនទ្រព្យ ឬលំនៅដ្ឋានបានបញ្ចប់ការសាងសង់ច្រើន ដែលធ្វើឲ្យមានជម្រើសច្រើនសម្រាប់ជ្រើសរើស។
-->

ចំណែកអ្នកទិញលំនៅដ្ឋានរួច ក៏បានដាក់លក់ក្នុងតម្លៃល្អផងដែរ ក្នុងកំឡុងពេលនេះ។
អ្នកនាងបានបន្តថា ចំណែកការវិនិយោគយកចំណេញ អ្នកវិនិយោគគួរផ្តោតលើទីតាំង កុំទិញដីឬអចលនទ្រព្យក្នុងទំហំធំពេក ដើម្បីងាយស្រួលរកអតិថិជននិងងាយស្រួលក្នុងការលក់ចេញ។ អ្នកនាងបន្តថា ផ្ទុយទៅវិញ បើទិញអចលនទ្រព្យសម្រាប់ជួល គួរផ្តោតលើតំបន់មានផ្សារ សាលារៀន តំបន់មានហាងលក់ អាហារ និងភេសជ្ជៈច្រើន ពោលគឺជាតំបន់ប្រមូលផ្តុំមនុស្សរស់នៅច្រើន។
នាយិការូបនេះបានបន្តថា “អ្វីត្រូវផ្តោតសំខាន់មួយទៀត គឺគួរប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ មានឯកសារគ្រប់គ្រាន់ និងមើលពីតម្រូវការនៃនិន្នាការទីផ្សារជាក់ស្តែងនៅតំបន់នោះ”៕








