អនាគតនៃទីក្រុងភ្នំពេញ នឹងមានអគារខ្ពស់លូតឡើងកាន់តែច្រើន

0

ដោយ វុត្ថា

ភ្នំពេញ៖ ស្ថិតក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ប្រទេ​សកម្ពុជាបានផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស ហើយអ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងនោះក្នុងរយៈពេលប៉ុន្មានចុងនេះ គេឃើញមានសំណង់អគារធំតូច ជាច្រើនរីកដុះដាលដូចផ្សិតនៅពាសពេញផ្ទៃនៃប្រទេសកម្ពុជា។

ទំាងនៅក្នុងទីក្រុង និងតាមបណ្តាលខេត្ត ដែលមានសក្តានុពលសេដ្ឋកិច្ច លើវិស័យទេសចរណ៍មួយចំនួនទៀត រួមមាន ខេត្តសៀមរាប ខេត្តព្រះសីហនុ និង ខេត្តបាត់ដំបង ជាដើម។ល។ អ្វីដែលកាន់តែអស្ចារ្យជាងនេះ ទៀតនោះនៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្នមានសំណង់អគារខ្ពស់ៗជាង៧០០អាគារដែលធ្វើឲ្យទីក្រុងនេះ ក្លាយជាមណ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិ។

ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យមានសុទិដ្ឋិនិយមថាជាង១ទសវត្ស នេះរាជធានីភ្នំពេញ បានក្លាយជាទីក្រុងមួយកំពុងតែមានការអភិវឌ្ឍឈានឡើងលើគ្រប់វិស័យ ជាពិសេសនោះ សំណង់អគារខ្ពស់ៗតែម្តង បានរីកលូតលាស់កាន់តែច្រើននៅចំកណ្តាលក្រុង ដែលជាប៉ូលសេដ្ឋកិច្ច។

លោក ឆាយ គឹមហេង ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានការរីកចម្រើនច្រើនលើវិស័យអចលនទ្រព្យហើយក្រៅពីនេះសំណង់អគារខ្ពស់ៗ កំពុងតែរីកលូតលាស់ច្រើននៅក្នុងទីក្រុងនេះ ហើយសម្រាប់នៅជាយក្រុងវិញ ក៏មានការអភិវឌ្ឍន៍ជឿនលឿន ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អស្ទើរគ្រប់កន្លែង។

លោកបានបង្ហាញសុទិដ្ឋិនិយមថា “បើគិតចាប់ពី១០ឆ្នាំទៅមុខទៀត នៅកណ្តាលទីក្រុងនឹងមានអគារខ្ពស់ខុនដូ មិនចាញ់ប្រទេសក្នុងតំបន់នោះទេ ហើយការរីកចម្រើននេះ បានមកពីកម្ពុជារាជរដ្ឋាភិបាលផ្តល់ ឱកាសច្រើនដល់អ្នកវិនិយោគ”។

សម្រាប់ប្រជាពលរដ្ឋមួយចំនួនទៀត បានលើកឡើងស្រដៀងគ្នាថា បើធៀបកាលពីជិត២០ឆ្នាំមុន នៅទីក្រុងភ្នំពេញមិនមានការអភិវឌ្ឍន៍ ដូចសព្វថ្ងៃនោះទេ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស មកអភិវឌ្ឍន៍បានយ៉ាងលឿងជាក់ស្តែង ដូចជា នៅខណ្ឌចំការមន តំបន់កោះពេជ្រ និងភូមិសាស្ត្រសង្កាត់បឹងកេងកង សុទ្ឋតែជាទីតាំងដែលអ្នកអភិវឌ្ឍន៍កំពុងប្រកួតប្រជែងគ្នាសាងសង់អាគារខុនដូ អាផាតម៉ិន ការិយាល័​យ និងអាគារពាណិជ្ជកម្មកប់ពពក។

ចំណែកអ្នកជំនាញអចលនទ្រព្យ និងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Brother Real Estate បានថ្លែងថា រយៈពេលពី៣ឬ៥ឆ្នាំទៀត ការរីកលូតលាស់សំណង់អគារខ្ពស់ៗ នៅក្នុងប្រទេសកម្ពុជាពិសេសរាជធានីភ្នំពេញ តែម្តងកាន់តែមានការរីកចម្រើនលឿនជាមួយ និងកំណើនសេដ្ឋកិច្ចជាតិដែលសេដ្ឋកិច្ចកម្ពុជា រក្សាបានកំនើនក្នុងរង្វង់៧ភាគរយជាប្រចាំ ហើយក្រៅពីនេះការវិនិយោគមកពីក្រៅប្រទេ​សមានចម្រុះជាតិសាសដូចជា វិនិយោគិនចិន ជប៉ុន កូរ៉េនិងប្រទេសសិង្ហបុរីជាដើម។

លោកបន្ថែមថា ស្របពេលរាជធានីភ្នំពេញមានការវិនិយោគ និងការអភិវ​ ឌ្ឍសន្ទុះ នៃការសាងសង់សំណង់អគារទំនើបខ្ពស់ៗ ស្ថិតក្នុងការរីកច្រើននៅទីក្រុងគួរឲ្យកត់សម្គាល់ ហើយការរីកដុះដាលនូវសំណង់អគារនៅក្នុងទីក្រុងជាសញ្ញាអភិវឌ្ឍន៍មួយមានភាពវិជ្ជមាន”។

យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា ទុនវិនិយោគក្នុងវិស័យនេះ មានចំនួនជាង៦៤០០លានដុល្លារអាមេរិក កាលពីឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here