ដោយ ប៊ី
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ប្រាក់ខែកម្មករនឹងឡើងដល់១៩០ដុល្លារ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ ចាប់ពីខែមករា ២០២០ កម្ពុជាក៏កំពុងប្រែក្លាយពីប្រទេស ដែលពឹងផ្អែកលើវិស័យកសិកម្មទាំងស្រុងទៅជាប្រទេសដែលពឹងផ្អែកទៅលើវិស័យឧស្សាហកម្ម និងសេវាកម្ម រួមទាំងវិស័យផ្សេងៗទៀត។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះថា “ចាប់ពីខែមករា២០២០ ប្រាក់ខែកម្មករ និងឡើងដល់១៩០ដុល្លារដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ”។
សម្តេចតេជោបានបន្តទៀតថា “កម្ពុជាបានរើខ្លួនចេញរួចផុតពីប្រទេសក្រីក្រ ពីប្រទេសគ្មានអ្វីសោះ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងប្រឹងប្រែងអភិវឌ្ឍន៍ឲ្យក្លាយជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។
សម្តេចតេជោបានមានប្រសាសន៍ថា “កម្ពុជាក៏កំពុងកសាងកិត្យានុភាពលើឆាកអន្តរជាតិ តាមគោលនយោបាយការបរទេសរបស់ខ្លួនឲ្យល្បីរន្ទឺផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងប្រែក្លាយពីប្រទេស ដែលពឹងផ្អែកលើវិស័យកសិកម្មទាំងស្រុង ទៅជាប្រទេសដែលពឹងផ្អែកទៅលើវិស័យឧស្សាហកម្ម និងសេវាកម្ម រួមទាំងវិស័យផ្សេងៗទៀត”។
សម្តេចតេជោបានថ្លែងថា កម្ពុជាបានដាក់ចេញនូវគោលនយោបាយគាំពារសង្គម ក្នុងការផ្តល់សេវាថែទាំសេវាសុខភាព សាធារណៈជូនដល់មន្ត្រីរាជការ កម្មករ កម្មការនី និងផែនការអភិវឌ្ឍជាច្រើនទៀត។ ចាប់ពីខែមករា ២០២០ ប្រាក់ខែកម្មករ និងឡើងដល់១៩០ដុល្លារ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ”។

សម្តេចតេជោហ៊ុន សែន បានបន្តថា កម្ពុជាត្រូវតែរួមគ្នាការពារ និងថែរក្សាសន្តិភាពអោយបានគង់វង្សជាដាច់ខាត ពីព្រោះសន្តិភាពនាំមកនូវការអភិវឌ្ឍ និងរីកចម្រើន។
ចំនួនប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងនៅឆ្នាំក្រោយនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី១ លើកទី៦ ដែលរួមមានរាជរដ្ឋាភិបាល សហជីព និងនិយោជក បើកកិច្ចប្រជុំចុងក្រោយ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបោះឆ្នោតជ្រើសរើសយកតួលេខមួយធ្វើជាគោល ក្នុងនោះសន្លឹកឆ្នោតភាគច្រើន បានបោះឆ្នោតជ្រើសរើសយកតួលេខ១៨៧ដុល្លារ ហើយបន្ទាប់មក សម្តេចតេជោហ៊ុន សែនបានផ្តល់បន្ថែម៣ដុល្លារទៀតជូនកម្មករនិយោជិត ដែលធ្វើឱ្យប្រាក់ឈ្នួលពួកគេកើនឡើង១៩០ដុល្លារ នៅឆ្នាំ២០២០ខាងមុខនេះតែម្តង៕






