ដោយ ៖ រ៉ាណេត
កំពង់ស្ពឺ ៖ យ៉ាងហោចណាស់ទំហំទឹកប្រាក់ប្រមាណ ៣៣លានដុល្លារ ត្រូវបានក្លាយជាចំណូលប្រចាំខែរបស់អ្នកខេត្តកំពង់ស្ពឺ ដែលបម្រើការងារកម្មករ-កម្មការិនី នៅតាមបណ្តារោងចក្រ សហគ្រាសនានាសរុបជាង ២៧០ទីតាំង ខណៈដែលឆ្នាំ២០២០នេះ នៅមានគម្រោងជិត១០០ទៀតនឹងចូលមកបង្ហាញវត្តមានបន្ថែមទៀត។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ថា បច្ចុប្បន្ននេះខេត្តកំពង់ស្ពឺបានក្លាយជាគោលដៅយ៉ាងសំខាន់ និងមមាញឹកសម្រាប់បណ្តាវិនយោគិននានា ជាពិសេសក្រុមហ៊ុនដែលមកពីប្រទេសចិន ដោយសារតែខេត្តមួយនេះមានសក្ដានុពល និងអំណោយផលទីលើកត្តាភូមិសាស្ត្រ ងាយស្រួលក្នុងការជ្រើសរើសទីតាំង ជាពិសេសផ្តល់ភាពល្អប្រសើរក្នុងការដឹកជញ្ជូនទំនិញឆ្ពោះទៅកាន់កំពង់ផែក្រុងព្រះសីហនុសម្រាប់ធ្វើការនាំចេញទៅទីផ្សារអន្តរជាតិ។
លោក វ៉ី សំណាង បានមានប្រសាសន៍បន្តទៀតថា “ដោយសារតែភាពល្អប្រសើរនៃកត្តាភូមិសាស្ត្រសព្វថ្ងៃនេះ សម្រាប់តែវិស័យឧស្សាហកម្មដែលកំពុងឈានមុខគេប្រចាំខេត្តគឺមានចំនួន២៧០ទីតាំង ដែលផ្តល់ឱកាសការងារច្រើនជាង១៣ម៉ឺនកន្លែង ក្នុងចំណោមប្រជាជនសរុបជាង៨៧ម៉ឺននាក់ ហើយចំនួននេះនៅមិនទាន់រាប់បញ្ចូលចំនួនកម្លាំងកម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅតាមសិប្បកម្មខ្នាតតូចមួយចំនួនមិនទាន់ចុះបញ្ជីនៅឡើយ”។ លោកបន្តថា “ជាមួយនឹងកំណើននៃចំនួនរោងចក្រ សហគ្រាសទាំងអស់នេះ ជាប្រចាំខែ ទឹកប្រាក់ច្រើនជាង៣៣លានដុល្លារ ត្រូវបានក្លាយជាចំណូលដល់អ្នកដែលបម្រើការងារ ហើយចំនួនទឹកប្រាក់នេះ នឹងបន្តកើនឡើងទៀត ស្របពេលដែលគម្រោងថ្មីប្រមាណ១០០គម្រោងទៀតត្រៀមនឹងដំណើរការចង្វាក់ផលិតកម្មនៅពេលខាងមុខនេះ ហើយនឹងផ្តល់ឱកាសការងារកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត ”។

នៅក្នុងខេត្តកំពង់ស្ពឺ ក្រៅពីកំណើននៃចំនួនរោងចក្រ សហគ្រាស និងសិប្បកម្មតូចធំជាច្រើន បច្ចុប្បន្នគេសង្កេតឃើញមានគម្រោងធំៗជាច្រើនទៀតដែលកំពុងតែត្រៀម និងចាប់ផ្តើមដំណើរការជាបណ្តើរៗ ដែលក្នុងរួមមានដូចជាគម្រោងសាងសង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះស្ថិតនៅក្នុងក្រុងច្បារមន គម្រោងសំណង់បុរីលំនៅដ្ឋានទំនើបចំនួន៤ទីតាំង គម្រោងអភិវឌ្ឍមណ្ឌលកម្សាន្តរបស់ក្រុមហ៊ុន Jor Grand Eco Investment Co., Ltd. សម្រេចបោះទុនវិនិយោគប្រមាណ៥០០លានដុល្លារអាមេរិក អភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ នៅស្រុកភ្នំស្រួច រួមជាមួយនឹងគម្រោងលំហែរកាយកម្រិតអភិជនក្រោមវិនិយោគ និងអភិវឌ្ឍន៍ដោយលោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ស្ថិតនៅក្នុងស្រុកសំរោងទង មានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ៕







