ស្ដេចកសិកម្មនៅកម្ពុជា លោកឧកញ៉ា ម៉ុង រឹទ្ធី បោះជំហានចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ

0

ដោយ ៖ រ៉ាវី

នៅមុននេះ តាមរយៈគណនីមួយដែលស្គាល់ថាជារបស់លោកឧកញ៉ា ម៉ុង រឹទ្ធី ដែលជាកំពូលអ្នកវិនិយោគលើវិស័យកសិកម្មធំជាងគេបង្អស់នៅកម្ពុជា រហូតជាប់រហស្សនាមថាជាស្ដេចកសិកម្មនៅស្រុកខ្មែរ បានសរសេរបង្ហាញពីគោលបំណងវិនិយោគ រួមជាមួយនឹងគម្រោងសាងសង់សំណងផ្ទះបែបប្រណិតសម្រាប់លក់ជូនអតិថិជនដែលមានចំណូលមធ្យម និងលើមធ្យម ដែលស្ថិតចម្ងាយប្រមាណជាង 50គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខណៈដែលតំបន់នឹងត្រូវអភិវឌ្ឍជាសំណង់លំនៅដ្ឋានខាងលើនេះ មានទីតាំងស្ថិតនៅជិតតំបន់ធម្មជាតិ ភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅលើផ្ទៃដីសរុបជាង300ហិកតា ដោយផ្ទះមួយខ្នងត្រូវសង់នៅលើផ្ទៃដីទំហំ 1,200 ម៉ែត្រការ៉េ។

ផ្អែកតាមទំព័រគណនីដដែលបានបង្ហាញថែមទៀតថា ៖ «ដើម្បីកែប្រែលំនៅដ្ឋានប្រជាជនដែលរស់នៅតំបន់ទីជនបទឱ្យក្លាយទៅជាលំនៅដ្ឋានប្រកបទៅដោយផាសុកភាព ខ្ញុំបាន និងកំពុងតែរៀបចំផ្ទៃដីទំហំប្រមាណជាង300ហិកតា សម្រាប់សាងសង់លំនៅដ្ឋានលំដាប់មធ្យប់ក្នុងតម្លៃសមរម្យ នៅលើផ្ទៃដី1,200 ម៉ែត្រការ៉េ សម្រាប់ផ្ទះមួយខ្នងៗ រួមជាមួយនឹងសេវា ដាំ ថែទាំ ដើមឈើហូបផ្លែ មានទឹក ភ្លើង ប្រព័ន្ធសុវត្ថិភាព មានផ្លូវប្រវែងជាង40ម៉ែត្រ សម្រាប់ដើរ ឬជិះកង់ហាត់ប្រាណប្រកបដោយសុវត្ថិភាព។ មានភ្នំដែលខ្ញុំបានថែរក្សាទុក ដើមឈើប្លែកៗរាប់លានដើម ជាច្រើនប្រភេទ ដើមឈើមួយចំនួនបានបញ្ចេញផ្កាទៅតាមរដូវកាលគួរជាទីគយគន់។ មានសត្វព្រៃជាច្រើនប្រភេទ សត្វស្លាប សត្វព្រៃតូចធំ ជាច្រើនដែលរស់នៅតំបន់ភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រមាណ 50គីឡូម៉ែត្រពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ4 ចំណាយពេលមិនដល់មួយម៉ោងផងនោះ » ។

គួរបញ្ជាក់ផងដែរថា សម្រាប់លំនៅដ្ឋានដែលនឹងត្រូវវិនិយោគដោយលោកឧកញ៉ាចិត្តធម៌ ម៉ុង រឹទ្ធី ដែលជាស្ដេចកសិកម្មនៅកម្ពុជាខាងនេះ អាចមានតម្លៃមិនលើសពី10ម៉ឺនដុល្លារនោះទេ ។ នេះបើតាមការបញ្ជាក់ប្រាប់តាមរយៈសំណេរឆ្លើយឆ្លងនៅលើគណនីដដែលនោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here