ដោយវុត្ថា
ភ្នំពេញៈ កម្ពុជានឹងទទួលបានអគ្គិសនីចំនួន១៩៥មេហ្គាវ៉ាត់ សម្រាប់ប្រើប្រាស់នៅមុខឆ្នាំ២០២១ ខាងមុខពីប្រទេសឡាវ ខណៈក្រុមការងាររបស់អជ្ញាធរអគ្គិសនីកម្ពុជាកំពុងពន្លឿនការតភ្ជាប់បណ្តាញជាតិកម្ពុជាពីព្រំដែននៃប្រទេសទាំងពីរ។

យោងតាមការផ្សព្វផ្សាយរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលទើបទទួលបាននៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២០នេះថា ថាមពលវារីអគ្គិសនីឡាវ១៩៥មេហ្កាវ៉ាត់ បានភ្ជាប់មកប្រព័ន្ធបណ្តាញជាតិកម្ពុជា ដោយជោគជ័យនៅម៉ោង៤:៥៨រសៀលថ្ងៃទី៧ ខែមករាម្សិលមិញនេះ។
ប្រភពដែលបន្តថា “នេះជាថាមពលស្អាតពីរោងចក្រវារីអគ្គិសនី ដនសាហុងក្នុងទឹកដីឡាវ”។ លោកបន្តថា “នេះក៏ជាផ្លែផ្កានៃការខិតខំរបស់ប្រទេសទាំងពីរ ចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០១៥។ ខាងភាគីកម្ពុជាបាន និងកំពុងសម្រុកធ្វើខ្សែបញ្ជូនទាំងយប់ទាំងថ្ងៃ ទៅខេត្តស្ទឹងត្រែងនិងព្រំដែនប្រទេសទាំងពីរ ដើម្បីទទួលយកថាមពលនេះ ឲ្យបានមុនផែនការឆ្នាំ២០២១ដែលចែងក្នុងកិច្ចព្រមព្រៀង”។
លោកកែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ឱ្យដឹងថា ថាមពលអគ្គិសនី១៩៥មេហ្កាវ៉ាត់នេះ គឺជាថាមពលស្អាតពីរោងចក្រវារីអគ្គិសនីដូនសាហុង ក្នុងទឹកដីឡាវ។

លោកបន្តទៀតថា ជាមួយនឹងការតភ្ជាប់ថាមពលអគ្គិសនី១៩៥មេហ្គាវ៉ាត់ ពីប្រទេសឡាវ និងជាមួយការដាក់ឲ្យដំណើរការប្រភពថាមពល១៥០មេហ្គាវ៉ាត់ ដើរដោយរោងចក្រធ្យូងថ្ម នៅខេត្តព្រះសីហនុកាលពីខែមុននេះ ហើយជាមួយនឹងវិធានការដទៃទៀត ដែលអគ្គិសនីកម្ពុជា បានគិតគូររៀបចំឡើងនេះគឺអាចនិយាយបានថា នៅឆ្នាំ២០២០នេះ កម្ពុជានឹងលែងជួបបញ្ហាខ្វះខាតអគ្គិសនីទៀតហើយ។
លោកថា “ក្រៅពីវិធានការទាំងអស់នេះ អគ្គិសនីកម្ពុជាក៏មានវិធានការជាច្រើនទៀត ដែលអគ្គិសនីកម្ពុជា បានកំពុងតែខិតខំប្រឹងប្រែង ដើម្បីឆ្លើយបតនឹងតម្រូវការកើនឡើង នៃការប្រើប្រាស់អគ្គិសនី ស្របទៅនឹងកំណើនសេដ្ឋកិច្ច ដែលចេះតែបន្តកើនឡើងជាលំដាប់ ធ្វើយ៉ាងណានៅថ្ងៃអនាគតកម្ពុជា អាចមានលទ្ធភាពកាន់តែទូលំទូលាយ ក្នុងការផ្គត់ផ្គង់នៅទូទាំងប្រទេស ក៏ដូចជាធ្វើឲ្យតម្លៃអគ្គិសនី កាន់តែប្រសើរជាងបច្ចុប្បន្ន”។

លោកកែវ រតនៈបន្ថែមថា បើទោះបីជានៅពេលនេះ អគ្គិសនីកម្ពុជា អាចមានលទ្ធភាពផ្គត់ផ្គង់អគ្គិសនីបានគ្រប់គ្រាន់ក្តី ក៏អគ្គិសនីកម្ពុជា មិនបានភ្លេចមួយវិនាទីណាឡើយ ក្នុងការគិតគូរ ចំពោះបង្កើននូវប្រភពអគ្គីសនីថ្មីៗបន្ថែមទៀត ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ប្រទេសជាតិ ដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕







