រដ្ឋមន្ត្រីក្រសួងសាធារណការប្រកាសជំហរម៉ឺងម៉ាត់ក្នុងការបញ្ចប់បញ្ហាផ្លូវគ្មានគុណភាព

0

ដោយ ហ្សូលី

ភ្នំពេញ៖ ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ប្រកាស​ជំហរ​តាំងចិត្ត​បញ្ចប់​បញ្ហា​ផ្លូវ​គ្មាន​គុណភាព​ ​និង​ការ​ដឹកទំនិញ​លើស​ទម្ងន់​ចាប់ពី​ឆ្នាំ២០២០នេះ​ ​ខណៈ​មហាជន​នៅតែ​រិះគន់​ទៅលើ​បញ្ហា​ធ្វើ​ផ្លូវ​ឆាប់​ខូច​ ​ដោយសារ​មន្ត្រី​មួយចំនួន​លួច​ឃុបឃិតជាមួយ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ ​ដើម្បី​កេង​ចំណេញ​ថវិកា​។​

​ថ្លែង​ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៩​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២០​ ​របស់​ ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃទី៨​ ​ខែមករា​នេះ​ ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់​ថា​ ​ក្រសួង​នឹង​បង្កើត​ក្រុមការងារ​ពិសេស​ ​ដើម្បី​លួច​ឆ្មក់​ពិនិត្យ​លើ​ការ​ធ្វើ​ផ្លូវ​ស្ពាន​នានា​ដែល​មាន​ទូទាំង​ប្រទេស​ ​ដោយ​មិន​ឲ្យ​ក្រុម​អភិវឌ្ឍន៍​ដឹងមុន​ឡើយ​។​

​ជាមួយគ្នា​នេះ​ ​ក៏​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​តាមដាន​ព័ត៌មាន​ ​និង​ដាក់​កាំ​មេ​រ៉ា​សុវត្ថិភាព​ ​បង្កប់​ ​ដើម្បី​ពិនិត្យមើល​សកម្មភាព​នៅ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ផង​ដែរ​។​

​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បន្ត​ថា​ ​ជំងឺរ៉ាំរ៉ៃ​ដែល​ធ្វើឲ្យខូច​ផ្លូវ​នៅ​កម្ពុជា​ ​គឺ​បញ្ហា​ធ្វើ​ផ្លូវ​គ្មាន​គុណភាព​ ​និង​ការ​ដឹកទំនិញ​លើស​ទម្ងន់​កំណត់​ ​ដែល​កត្តា​ទាំងពីរ​នេះ​ត្រូវតែ​បញ្ចប់​ចាប់ពី​ឆ្នាំ២០២០នេះ​ ​ដើម្បីកុំឲ្យ​មហាជន​រិះគន់​ថា​ ​«​ចាក់​ក្រាស់​ស៊ី​ស្តើង​ ​ចាក់​ស្តើង​ស៊ី​ក្រាស់​»​ ​ឬ​ធ្វើ​ផ្លូវ​មិនបាន​រឹងមាំ​ ​ធ្វើមុខ​ខូច​ក្រោយ​តទៅទៀត​ ​ដែល​អាច​បណ្តាល​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​ក្រសួង​ ​និង​រាជរដ្ឋាភិបាល​។​

​ឯកឧត្តម​ក៏បាន​ក្រើន​រំឭក​ដល់​ថ្នាក់ដឹកនាំ​ផ្នែក​ជំនាញ​ ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ផ្លាស់​ប្តូរ​របៀប​ធ្វើការ​ ​និង​ប្តូរ​របៀប​តាមដាន​លើ​ការអនុវត្ត​ការងារ​របស់​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ ​ស្ពាន​ ​ក៏ដូចជា​មន្ត្រី​បម្រើការ​ងារ​នៅ​តាម​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យបាន​ជាប់​ជាប្រចាំ​ ​និង​មានប្រសិទ្ធភាព​ខ្ពស់​បំផុត​។​

​គួរ​រំឭក​ថា​ ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី​ថែទាំ​ ​ផ្លូវ​ ​(​ROAD​ ​CARE​ ​mobile​ ​app​)​ ​ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​រវាង​អ្នកប្រើ​ប្រាស់​ផ្លូវថ្នល់​ ​និង​ក្រុមការងារ​បច្ចេកទេស​ជួសជុល​ថែទាំ​ផ្លូវ​ ​សំដៅលើ​ក​កម្ពស់​គុណភាព​ផ្លូវ​ ​ពង្រីក​ការចូលរួម​ពីសា​ធារ​ណ​ជន​ ​ ​បណ្ដុះ​ស្មារតី​ស្រឡាញ់​ថែរក្សា​សម្បត្តិ​ជាតិ​ ​និង​ធ្វើជា​ម្ចាស់ការ​លើ​ទ្រព្យសម្បត្តិ​ទាំងនោះ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here