ដោយវុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន ត្រៀមសម្ពោធដាក់ឱ្យដំណើរជាផ្លូវការ នូវគម្រោងផ្លូវធំៗចំនួន៣ខ្សែ នៅក្នុងឆ្នាំ២០២០នេះ ដែលស្ថាបនារួចរាល់ក្រោមហិរញ្ញប្បទាន សហប្រតិបត្តិការរបស់ប្រទេសចិន ខណៈពេលដែលមានគម្រោងធំៗទៀត ក៏នឹងសម្ពោធដាក់ឱ្យដំណើរការផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៩ នេះថា គម្រោងទាំង៣ នេះត្រៀមសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២០នេះ។
ផ្លូវជាតិសំខាន់ៗទាំងនោះរួមមាន ទី១ ផ្លូវជាតិលេខ ៥១
ផ្លូវជាតិលេខ៥១ ដែលតភ្ជាប់ ពីផ្លូវជាតិលេខ៥ ស្រុកឧត្តុង ទៅផ្លូវជាតិលេខ៤ ត្រង់ចំនុចថ្នល់ទទឹង ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានប្រវែង៣៧.៩៥គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានពីរាជរដ្ឋាភិបាល នៃសាធារណរដ្ឋចិន នឹងត្រូវបញ្ចប់ការសាងសង់នៅឆ្នាំ២០២០ខាងមុខនេះ។ ផ្លូវលេខ៥១ជាផ្លូវយុទ្ធសាស្រ្តមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលអាចរំដោះចរាចរ រថយន្តដឹកទំនិញធំៗ មិនឲ្យចូលក្នុងរាជធានីភ្នំពេញ។

២. ផ្លូវជាតិលេខ៥៥
ផ្លូវជាតិលេខ៥៥ ក្នុងខេត្តពោធិ៍សាត់ ដែលមានប្រវែងជាង១៨០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅឃុំថ្មដា ឆ្លងកាត់ក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ជាប់ព្រំដែនខេត្តត្រាត នឹងជួយជម្រុញការដោះដូរពាណិជ្ជកម្ម កសិផល និងទេសចរណ៍ រវាងប្រទេសកម្ពុជានិងប្រទេសថៃ ជាពិសេសផ្តល់ឱកាសឲ្យវិនិយោគិនថៃ មកវិនិយោគនៅក្នុងខេត្ត។

ផ្លូវនេះសាងសង់ឡើងក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង១៣២,៨០ លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់១០០ភាគរយហើយ ដោយប្រើប្រាស់រយៈពេលសាងសង់អស់ចំនួន៤២ខែ។
៣. ផ្លូវជាតិលេខ៥៨
ផ្លូវជាតិលេខ៥៨ ដែលតភ្ជាប់ពីផ្លូវបំបែកផ្លុងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ រហូតដល់ផ្លូវជាតិលេខ៥ ចំណុចភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ចប់ស្ថាបស្ទើរតែ១០០ %ហើយ។
ផ្លូវនេះជាប្រភេទផ្លូវ DBST ដែលមានប្រវែងសរុបចំនួន ១៧៤ គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រនេះ កំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។
ជាមួយគ្នានេះដែរ ផ្លូវមួយខ្សែនេះ សាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង១២២លានដុល្លារសហរដ្ឋអាមេរិក៕







