កម្ពុជានៅតែអាចរក្សានូវកំណើននាំចេញបានក្នុងរង្វង់ ១០ %

0

ដោយ​វុត្ថា

​ភ្នំពេញ​៖​ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​អះអាង​ថា​ ​កម្ពុជា​នៅតែ​អាច​រក្សា​នូវ​កំណើន​នាំចេញ​បាន​ក្នុងរង្វង់១០​%​ ​ទោះបី​ទីផ្សារ​នាំចេញ​មាន​ភាព​រអាក់រអួល​ដែល​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ ​និង​គោលនយោបាយ​គាំពារ​និយម​ដែល​ដាក់ចេញ​ដោយ​ប្រទេស​មហាអំណាច​មួយចំនួន​ក៏ដោយ​។​



​លោក​ ​រាជ​ ​រ៉ា​ ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​ថ្លែង​បែបនេះ​ ​នៅក្នុង​ពិធី​ប្រគល់​រង្វាន់​ជ័យលាភី​ក្នុង​ការប្រកួត​ប្រជែង​តែង​អត្ថបទ​ស្តី​ពី​ ​«​ ​រឿងព្រេង​ប្រទេស​ចិន​របស់ខ្ញុំ​»​ ​ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​ ​សូ​ហ្វី​តែល​ ​ភ្នំពេញ​ ​នៅ​ល្ងាច​ថ្ងៃទី៨​ ​ខែមករា​ ​ឆ្នាំ២០២០​ ​រៀបចំ​ដោយស្ថាន​ទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បន្ត​ថា​ ​វិស័យ​ពាណិជ្ជកម្ម​ ​នៅតែ​ជា​កម្លាំង​ចលករ​ ​និង​ជា​កត្តា​ដ៏​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន​ ​ក្នុងចំណោម​កត្តា​ផ្សេងទៀត​ ​ក្នុង​ការ​ជួយ​ឲ្យ​កម្ពុជា​យើង​អាច​រក្សា​បាន​នូវ​ស្ថិរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​ក្នុងរង្វង់​គិតជា​មធ្យម​ប្រមាណ​ ​៧​%​ក្នុង​មួយឆ្នាំ​ ​។​ ​

​លោក​បន្ថែម​ទៀត​ថា​ ​ការ​បន្ត​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ ​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​ច្បាស់លាស់​ ​ការ​រក្សា​បាន​នូវ​សុខ​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​ការ​បន្ត​ធ្វើ​សេរី​ភាវូបនីយកម្ម​ ​និង​សមាហរណកម្ម​ក្នុង​តំបន់​ ​និង​ការបង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ ​គឺជា​កិច្ចការ​ចាំបាច់​បំផុត​សម្រាប់​ការដោះដូរ​ពាណិជ្ជកម្ម​។​ ​



​អ្នក​នាំពា​ក្រសួង​ពាណិជ្ជកម្ម​ ​លោក​ ​ស៊ាង​ ​ថៃ​ ​បាន​ប្រាប់​គេហទំព័រ​ ​propertyarea.asia​ ​តាមរយៈ​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ​៩​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ឱ្យ​ដឹង​ថា​ ​ក្នុងរយៈពេល​ពេញ​មួយឆ្នាំ​ ​គឺ​ឆ្នាំ​ ​២០១៩​ ​កន្លងមក​នេះ​ ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​មានតម្លៃ​ចំនួន​ជាង​ ​១១​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​។​

​លោក​បន្ត​ថា​ ​“​ការនាំចេញ​របស់​កម្ពុជា​ភាគច្រើន​គឺ​នាំចូល​ទៅកាន់​ប្រទេស​នៅក្នុង​សភាព​អឺរ៉ុប​ ​កាណាដា​ ​អាមេរិក​ ​និង​ប្រទេស​ចិន​ជាដើម​”​។​

​ដោយឡែក​ ​តាម​របាយ​កា​ណ៍​តួលេខ​ដែល​ចេញ​ដោយ​ធនាគារជាតិ​កម្ពុជា​ ​បាន​បង្ហាញថា​ ​ក្នុង​ឆ្នាំ២០១៩​ ​កម្ពុជា​បាន​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​បរទេស​(​FDI​)​មាន​ចំនួន​ទឹកប្រាក់​សរុប៣៥០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ដែល​មាន​កំណើន១២​%​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​។​ ​ក្នុង​នោះ​ ​ប្រទេស​ចិន​ជា​ប្រទេស​ដែល​បាន​វិនិយោគ​បរទេស​ធំជាង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មាន​ចំនួន៤៣​%​ ​នៃ​ចំនួន​សរុប​វិនិយោគ​ផ្ទាល់​បរទេស​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here