ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ បុរី The Wood ស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខ័ណ្ឌ ច្បារអំពៅ បានចាប់ផ្តើមបើកការសាងសង់ ស្របពេលទីផ្សារលំនៅដ្ឋាននៅកម្ពុជានៅតែមាន ភាពល្អប្រសើរនាឆ្នាំ២០១៨នេះ។
អ្នកស្រី Kaing Naykouy ជាគណៈគ្រប់គ្រងរបស់ Natha Residences បានឲ្យដឹងក្នុងពិធីសម្ភោធបុរី The Woods កាលពីម្សិលម៉ិញនេះថា បុរី The Wood មានលំនៅដ្ឋានជាច្រើន ប្រភេទ រួមមាន ផ្ទះល្វែងវីឡាកូនកាត់ វីឡាភ្លោះ និងវីឡាឃ្វីនចំនួន១០៨ផ្ទះ ដែលមាន ទំហំផ្ទៃដីសរុប៣,៥ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិមិត្តភាព សង្កាត់ព្រែក ឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
-->
អ្នកស្រីបន្តថា “ការវិនិយោគបុរីនេះ ជាការឈានជើងដំបូងរបស់ Natha Resident នៅលើការអភិវឌ្ឍដ៏អស្ចារ្យ នៅក្នុងប្រទេសកម្ពុជាដែល សាងសង់ស្របតាមស្តង់ដា នៅផែនការថវិកាយ៉ាងរ៉ឹងមាំ ដើម្បីបំពេញតម្រូវការនិងទំនុកចិត្ត ពីអតិថិជនមកលើគេហដ្ឋាននៃបុរី”។ លោកស្រីបន្តថា “ការរចនាគេហដ្ឋាននេះ មិនត្រឹមតែផ្តោតទៅលើភាពរឹងមាំត្រឹមមួយរយៈពេលនោះទេ តែជាការផ្តោតទៅលើភាពគង់វង្សយូរអង្វែង និងការរចនាម៉ូដទាំងផ្នែកខាងក្នុង និងខាងក្រៅស្របទៅតាមយុគ្គសម័យថ្មី”។
អ្នកស្រី Natha Residint បានបន្តថា ជាមួយនឹងការខិតខំប្រឹងយ៉ាងស្វិតស្វាញ ដើម្បីក្លាយជាអ្នកអភិវឌ្ឍនាំមុខគេជាមួយនឹងគុណភាព គុណតម្លៃនិងមោទនភាពជាតិ។ ក្នុងនាមជាជនជាតិខ្មែរ យើងមានកិត្តិយសក្នុងការនាំមកនូវបុរី ដែលមានការរៀបចំ និងការរចនាប្រកបដោយភាពច្នៃប្រឌិត ក្នុងការសាងសង់ដោយស្នាដៃកូនខ្មែរផ្ទាល់។
គម្រោងនេះអាចធ្វើបានដោយភាពជោគជ័យ និងបន្តអនុវត្តឆ្ពោះទៅអនាគតជានិច្ច ដែលសបញ្ជាក់អំពីគោលបំណង ជម្រុញដល់កូនខ្មែរ ក្នុងការបណ្តុះស្មារតី និងជម្រុញទឹកចិត្ត អោយមានការវិវត្តនលើផ្នែកសំណង់។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Mekongបានថ្លែងថា ទីផ្សារបុរីនៅកម្ពុជានៅតែមានភាពល្អប្រសើរ ទាំងលំនៅដ្ឋានសាងសង់ថ្មី នៅតាមបុរីនានា និងលំនៅដ្ឋានទី២ ដែលអ្នកវិនិយោគមួយចំនួនទិញទុកលក់យកចំណេញក្តី ក៏ការលក់នៅតែទទួលបានជោគជ័យ ប៉ុន្តែអ្វីសំខាន់នោះគឺ តើអ្នកអភិវឌ្ឍន៍បានគិតគូពីអតិថិជនគោលដៅយ៉ាងដូចម្តេច និងគិតគូពីគុណភាព និងសោភ័ណភាពសំណង់យ៉ាងដូចម្តេចផងដែរ មុនពេលវិនិយោគ ដើម្បីកំណត់ភាពជោគជ័យរបស់ពួកគេនាពេលអនាគត។
លោកបន្តថា “បុរីដែលមានកេរ្ត៍ឈ្មោះល្អ មានសំណង់ប្រកបដោយគុណភាព និងសោភ័ណភាពល្អ តែងតែទទួលបានការគាំទ្រនិងជោគជ័យនៅលើទីផ្សារ”៕








