ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ទីប្រឹក្សាពិសេសបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានទទួលស្គាល់ និងកោតសរសើរពីកិច្ចអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកិច្ចចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពកាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Jeffrey D. Sachs បានសម្ដែងនូវភាពភ្ញាក់ជាមួយនឹងការអភិវឌ្ឍប្រទេសជាតិយ៉ាងត្រចះត្រចងក្នុងរយៈពេលដ៏ខ្លីបំផុត។
លោក Jeffrey D. Sachs លើកឡើងថា លោកពិតជាមានកិត្តិយស និងសប្បាយរីករាយជាខ្លាំងដែលបានជួបសម្ដេចតេជោសារជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបសម្ដេចតេជោការពី ១៥ ឆ្នាំមុននៅគេហដ្ឋានរបស់សម្ដេចតេជោនៅវិមានឯករាជ្យ។ លោកបានមានប្រសាសន៍ថាក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាពេលនេះ គឺបានឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍរបស់កម្ពុជា ដែលក្នុងនោះមានទាំងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍលើវិស័យសុខាភិបាល និងការអភិវឌ្ឍន៍លើដទៃទៀតដែលហួសពីការស្មាន។
នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីប្រទេសកម្ពុជា លោកនឹងទៅប្រទេសឡាវ និងម៉ាឡេស៊ី ដើម្បីធ្វើយ៉ាងណាពង្រឹង និងជំរុញលើកទឹកចិត្តកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាននិងសហគមន៍អឺរ៉ុប ពិសេសជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ដឹកជញ្ជូន និងអាយធី (IT) ដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍អឺរ៉ុបនិងអាស៊ានមានទំនាក់ទំនង និងសហប្រតិបត្តិការល្អ ។
លោកបានបន្តថា អាស៊ាន គឺមានសក្តានុពលខ្ពស់បើបូកបញ្ចូលទាំង អាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-កូរ៉េ នោះតំបន់អាស៊ាននឹងមានការអភិវឌ្ឍដោយគ្មានដែនកំណត់ ជាពិសេសលើវិស័យបច្ចេកវិទ្យាដែលបច្ចេកវិទ្យាទាំងនេះអាចយកមកប្រើប្រាស់ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ហើយលោកបានត្រៀមជានិច្ច ដើម្បីជួយដល់កម្ពុជាជំរុញដល់ការអភិវឌ្ឍកម្ពុជាតំបន់អាស៊ាន និងតំបន់ដទៃទៀតឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក Jeffrey D. Sachs ហើយក៏បានជម្រាបជូនថាការអភិវឌ្ឍទាំងឡាយណាដែលមាននៅកម្ពុជានោះគឺសុទ្ធសឹងតែជាការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋកម្ពុជា និងសហការីរបស់សម្ដេចដែលនាំកម្ពុជាទៅការអភិវឌ្ឍដល់ចំណុចនេះ។
សម្តេចតេជោបានជម្រាបជូនថា កម្ពុជាមានមហិច្ឆិតាធ្វើយ៉ាងណាជំរុញកម្ពុជាឱ្យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ នឹងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ កន្លងមកកម្ពុជាបានដាក់ចេញនូវគោលនយោបាយផលិតស្បៀង គឺការនាំអង្ករចេញហើយក៏បានទទួលភាពជោគជ័យ ជាពិសេសលើគោលនយោបាយផលិតស្បៀង។ កម្ពុជាដែលជាប្រទេសមួយធ្លាប់តែខ្វះស្បៀងអាហារ បានប្រែក្លាយជាប្រទេសមួយដែលមានការផលិតស្បៀងទៅវិញ។ ពេលនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយឧស្សាហកម្មផងដែរ ដើម្បីធ្វើយ៉ាងណា ជំរុញឧស្សាហកម្មកម្ពុជា ក្នុងទិសដៅជំរុញកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕






