លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ ហេដ្ឋារចនាសម្ព័ន្ធបានចូលរួមយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ការកសាង និងស្ដារហេដ្ឋារចនាសម្ព័ន្ធ គឺជាប្រការដ៏សំខាន់បំផុតដែលត្រូវតែយកចិត្តទុកដាក់ខ្ពស់ ដោយសារតែវិស័យមួយនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា។

មានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅសណ្ឋាគារ សុខាភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស គឺជាសរសៃឈាមយ៉ាងសំខាន់នៅក្នុងការជួយជ្រោមជ្រែង និងពង្រឹងកំណើនសេដ្ឋកិច្ចជាតិកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា “រដ្ឋាភិបាលបានបង្ហូរថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ រាប់ទាំងថវិកាជាតិ និងថវិកាហិរញ្ញប្បទានពីបណ្តាប្រទេសជាមិត្ត ក្នុងការស្ដារ និងកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាបម្រើផលប្រយោជន៍ដល់វិស័យដឹកជញ្ជូនឱ្យកាន់តែមានភាពល្អប្រសើរ”។ លោកបានបន្តទៀតថា “ហេដ្ឋារចនាសម្ព័ន្ធទាំងអស់រួមមានដូចជា ស្ពាន ផ្លូវថ្នល់ ផ្លូវដែក រួមទាំងផ្លូវល្បឿនលឿន គឺសុទ្ធតែអនុគ្រោះដល់ការធ្វើពាណិជ្ជកម្ម និងសមាហរណកម្មជាមួយបណ្តាប្រទេសនានាក្នុងតំបន់ ហើយវាក៏ជាវិភាគទានមួយដ៏សំខាន់ក្នុងការចូលរួមកាត់បន្ថយនូវភាពក្រីក្រ តាមរយៈការទាក់ទាញបណ្តាវិនិយោគិនអន្តរជាតិឱ្យចូលមកកាន់កម្ពុជា”។

លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួង បាន និងកំពុងផ្តោតសំខាន់លើការអនុវត្តផែនការនៃការស្ដារ និងកសាងស្ពាន ផ្លូវដែក និងផ្លូវថ្នល់សំខាន់ដែលបម្រើដល់វិស័យដឹកជញ្ជូន ដែលក្នុងនោះរួមមានដូចជាការពង្រីកផ្លូវជាតិលេខ៥ ពីភ្នំពេញ ប៉ោយប៉ែត ការពន្លឿនសកម្មភាពសាងសងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាស្ដារផ្លូវជាតិលេខ៣ ការស្ថាបនាផ្លូវជាតិលេខ៤៨ រួមជាមួយនឹងផ្លូវជាតិផ្សេងៗទៀតដែលសុទ្ធតែជាផ្លូវសេដ្ឋកិច្ចបម្រើដល់ការដឹកជញ្ជូន។ ក្រៅពីនេះ ក្រសួងក៏កំពុងតែជំរុញការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ខេត្តស្វាយរៀងដល់ព្រំប្រទល់ប្រទេសវៀតណាមផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here