ដោយ ប៊ី
ភ្នំពេញ៖ បន្ទាប់ពីដកខ្លួនចេញពីកម្ពុជាអស់រយៈពេល ៩ ឆ្នាំ ក្រុមហ៊ុនរុករកប្រេងរបស់ម៉ាឡេស៊ី Petroliam Nasional Bhd (Petronas) មានបំណងវិលត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីចាប់យកវិស័យប្រេង និងឧស្ម័នដែលកំពុងរីកចម្រើននៅទីនេះ។

ការលើកឡើងនៃការត្រឡប់មកវិញរបស់ក្រុមហ៊ុន Petronas នេះគឺយោងតាមប្រសាសន៍របស់លោក Eldeen Husaini Mohamed Hashim ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា។
លោក Eldeen Husaini បានជួបជាមួយលោកស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលនៅក្រសួងកាលពីម្សិលមិញ ហើយក្រោយមកអតីតក្រុមហ៊ុន Petronas ចង់ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបានដកខ្លួនចេញពីទីផ្សារកាលពី ៩ ឆ្នាំមុន។
លោក Eldeen Husaini ត្រូវបានរាយការណ៍ក្នុងកាសែតអន្តរជាតិមួយដោយលោកបានថ្លែងថា “ប្រទេសម៉ាឡេស៊ីចង់ឱ្យក្រុមហ៊ុន Petronas ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបានដកខ្លួនចេញពីទីផ្សារក្នុងឆ្នាំ ២០១០ និងលើកទឹកចិត្តក្រុមហ៊ុនប្រេង និងឧស្ម័នផ្សេងទៀតនៅក្នុងប្រទេសរបស់យើងឱ្យមកវិនិយោគនៅកម្ពុជា។ យើងប្តេជ្ញាជួយអភិវឌ្ឍវិស័យប្រេង និងឧស្ម័ននៅកម្ពុជា”។

លោក Eldeen Husaini បាននិយាយថា ក្រៅពីក្រុមហ៊ុនប្រេង Petronas មានក្រុមហ៊ុនប្រេង និងឧស្ម័នរបស់ម៉ាឡេស៊ីផ្សេងទៀតក៏កំពុងស្វែងរកឱកាសនៅក្នុងទីផ្សារក្នុងប្រទេសកម្ពុជាផងដែរ។
លោកបាននិយាយថា រដ្ឋមន្ត្រីក្នុងអំឡុងពេលកិច្ចប្រជុំនេះបានសម្តែងការគាំទ្រចំពោះការវិលត្រឡប់របស់ក្រុមហ៊ុន Petronas ហើយភាគីទាំងពីរកំពុងទន្ទឹងរង់ចាំសហការគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕






