ដោយហ្សូលី
ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន រកចំណូលបានប្រមាណជិត ១៦លានដុល្លារអាមេរិក ពីការចុះបញ្ជីផ្លាកលេខ នៅក្នុងឆ្នាំ ២០១៩។ នេះបើតាមការអះអាងរបស់ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល បានថ្លែង ក្នុងឱកាសពិធីបិទសន្និបាតបូកសរុបការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ នាល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ។
រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងបានលក់លេខរថយន្តគ្រួសារ និងរថយន្តធុនស្រាល នៅឆ្នាំ២០១៩ មានចំនួន ៤៦,៣៥៨លេខ ហើយទទួលបានប្រាក់ចំណូលជាង៦២ពាន់លានរៀល ស្មើនឹង១៥.៦លានដុល្លារអាមេរិក មានការកើនឡើង៥១% បើធៀបនឹងឆ្នាំ២០១៨។
ទន្ទឹមនេះ ក្រសួងសាធារណការ ក៏ទើបតែទទួលបានការអនុម័តលើអនុក្រឹត្យថ្មីលេខ៧៣ អនក្រ.បក (៣ មិថុនា ២០១៩) ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើងវិញ ដែលមានខ្លឹមសារផ្តោតសំខាន់លើការបង្កើតផ្លាកលេខពិសេសផ្ទាល់ខ្លួន ការរក្សាផ្លាកលេខទុក ការផ្ទេរកម្មសិទ្ធិ និងសហកម្មសិទ្ធិ ដែលអាចប្រើប្រាស់អស់មួយជីវិត។

ការបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្តគ្រួសារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០កន្លងទៅ ដើម្បីបំពេញតម្រូវការបន្ថែមទៀត និងផ្តល់ជាជម្រើសជូនប្រជាពលរដ្ឋ និងដើម្បីរកថវិកាបន្ថែមជូនជាតិផងដែរ៕






