ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ ក្នុងគោលបំណងរក្សាសុវត្ថិភាព និងពង្រឹងគុណភាពសំណង់ នៅត្រឹមចុងឆ្នាំ២០១៩ កន្លងទៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានធ្វើការចុះត្រួតពិនិត្យតាមការដ្ឋានដែលកំពុងមានសកម្មភាពសាងសង់នានានៅទូទាំងខេត្តព្រះសីហនុចំនួន ៥៣១ ការដ្ឋាន ដោយក្នុងនោះមានការដ្ឋានខ្លះតម្រូវឱ្យរុះរើផ្នែកដែលគ្មានគុណភាព ហើយការដ្ឋានខ្លះតម្រូវឱ្យផ្អាកសកម្មភាព។

នៅក្នុងរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា គិតត្រឹមចុងឆ្នាំ២០១៩កន្លងទៅនេះ មន្ត្រីជំនាញរបស់ក្រសួង និងមន្ត្រីថ្នាក់ខេត្តបានធ្វើការចុះត្រួតពិនិត្យទៅលើការដ្ឋានសាងសង់សំណង់នានានៅទូទាំងខេត្តព្រះសីហនុដែលមានដំណើរការសាងសង់ ដើម្បីវាយតម្លៃពីគុណភាព បច្ចេកទេសសាងសង់ស្របតាមបទដ្ឋានដែលកំណត់ដោយច្បាប់ ជាពិសេសពិនិត្យទៅលើច្បាប់អនុញ្ញាតសាងសង់។
នៅក្នុងចំណោមការដ្ឋានដែលបានធ្វើការចុះត្រួតពិនិត្យចំនួន៥៣១កន្លែង ក្នុងនោះមានការដ្ឋានតម្រូវឱ្យរុះរើដែលមានហានិភ័យខ្ពស់ផ្នែកសុវត្ថិភាពចំនួន១៤ការដ្ឋាន ហើយការដ្ឋានដែលតម្រូវឱ្យផ្អាក និងណែនាំឱ្យធ្វើកោសល្យវិច័យចំនួន ១៧០ ការដ្ឋាន ហើយការដ្ឋានដែលតម្រូវឱ្យផ្អាក និងណែនាំឱ្យបំពេញនីតិវិធីចំនួន ២៧៣ ការដ្ឋាន រួមជាមួយនឹងណែនាំឱ្យបំពេញនីតិវិធីចំនួន៦៥ការដ្ឋាន។







