ដោយ ដែន ចែងចាំង
ភ្នំពេញ៖ អាគារការិយាល័យជាច្រើនទៀត នឹងដាក់ដំណើរការក្នុងទីផ្សារនៅឆ្នាំនេះ ជាមួយនឹងភាពចម្រុះនៃការិយាល័យធម្មតា និងការិយាល័យបែបសហកម្មសិទ្ឋ។
ក្នុងចំណោមអាគារការិយាល័យធម្មតាចំនួនពីរ អាគារការិយាល័យ Key Stone ទំហំ១៥,០០០ម៉ែត្រការ៉េ និងគំរោង Oral Office Tower ទំហំ៥០០០ម៉ែត្រការ៉េនឹងដាក់ចូលទីផ្សារផងដែរ ដែលជាការបន្ថែមទំហំការិយាល័យមានស្រាប់៣៣៥,០០០ម៉ែត្រការ៉េ។ ក្នុងនោះអាគារការិយាល័យកម្រិតA មានចំនួន១៦ភាគរយ អាគារការិយាល័យកម្រិតB មានទំហំ២០ភាគរយ និងអាគារការិយាល័យកម្រិតCមានទំហំ៦៤ភាគរយ នៅក្នុងទីផ្សារការិយាល័យសរុបនៅកម្ពុជា។នេះបើតាមរបាយការណ៍របស់ CBRE Cambodia។
-->
របាយការណ៍ដដែលបានបង្ហាញថា អាគារការិយាល័យកម្រិតA មានតម្លៃចន្លោះពី២៨ ដល់៣០ដុល្លារ អាគារការិយាល័យកម្រិតB មានតម្លៃចន្លោះ១៨ទៅ២៥ដុល្លារ និងអាគារការិយាល័យកម្រិតC មានតម្លៃជួលចន្លោះពី១០ ទៅ១៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។
យោងតាមរបាយការណ៍ CBRE Cambodia បានរកឃើញផងដែរថា ទីផ្សារការិយាល័យកម្រិតB នៅតែមានភាពពេញនិយមជាងគេនៅក្នុងទីផ្សារកម្ពុជា ដោយសារការិយាល័យបែបនេះមានចំនួនច្រើន និងសមស្របសម្រាប់ក្រុមហ៊ុនថ្មី និងក្រុមហ៊ុនខ្នាតមធ្យម ដែលពួកគេមិនចង់ចំណាយច្រើនលើការិយាល័យកម្រិត A ដែលមានតម្លៃថ្លៃ។
លោកគុយ វ៉ាតអគ្គនាយកក្រុមហ៊ុន VTRUST GROUP ដែលគ្រប់គ្រងការិយាល័យកម្រិតB ចំនួនបួននៅទីក្រុងភ្នំពេញបានថ្លែងថា ទីផ្សារការិយាល័យនៅតែមានកំណើនល្អប្រសើរ ដោយសារការកើនឡើងនូវចំនួន ក្រុមហ៊ុនអន្តរជាតិថ្មីៗ និងក្រុមហ៊ុនក្នុងស្រុកកើនឡើងផងដែរ ជាហេតុជំរុញឲ្យទីផ្សារការិយាល័យនៅតែមានភាពជោគជ័យក្នុងទីផ្សារកម្ពុជា។
លោកបន្តថា “ដោយសារភាពសមរម្យផ្នែកតម្លៃ បានធ្វើឲ្យការិយាល័យក ម្រិតB នៅតែមានភាពពេញនិយម និងប្រើប្រាស់ច្រើនក្នុងចំណែកទីផ្សារការិយាល័យនានានៅកម្ពុជា”៕








