ដោយៈ រ៉ាណេត
ឥណ្ឌូនេស៊ីៈ វេទិកាកំពូលទេសចរណ៍អាស៊ាន ឆ្នាំ២០២០ និងកិច្ចប្រជុំពាក់ព័ន្ធនានាបានប្រារព្ធឡើងចាប់ពីថ្ងៃទី១២-១៣ ខែមករា ឆ្នាំ២០២០ នៅប្រទេសព្រុយណេ។ ទន្ទឹមនឹងនេះដែរ កិច្ចប្រជុំទាំងមូលបានផ្តោត និងលើកយកបញ្ហាចម្បងៗចំនួន៧ មកជជែកពិភាក្សា ដើម្បីរកដំណោះស្រាយ និងវឌ្ឍនភាពវិស័យទេសចរណ៍អាស៊ានបន្តទៀត។

តាមរយៈការបញ្ជាក់ត្រួសៗ ពីអគ្គនាយកអភិវឌ្ឍផលិតផលទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍កម្ពុជា លោក ថោង រដ្ឋសក្តិ ដែលបានដឹកនាំប្រតិភូក្រសួងចូលរួមកិច្ចប្រជុំ ថ្នាក់ស្ថាប័នជាតិទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នាឱកាសវេទិកាកំពូលទេសចរណ៍ឆ្នាំ២០២០នេះ បានលើកឡើងថា ស្ថាប័នជាតិទេសចរណ៍ប្រទេសសមាជិកអាស៊ានទាំង១០ នឹងពិភាក្សាពិនិត្យសម្រេចលើចំណុចសំខាន់ៗនៃសកម្មភាពទេសចរណ៍អាស៊ាន និងអនុម័តលើឯកសារ ពិធីសារមួយចំនួន។
ឯកសារនិងពិធីសារទាំងនោះរួមនាន ទី១ - ពង្រឹងការផ្សព្វផ្សាយទេសចរណ៍អាស៊ានតាមប្រព័ន្ធឌីជីថល អនឡាញ និងប្រព័ន្ធបណ្តាញសង្គម។ ទី២ - ពិនិត្យអំពីវឌ្ឍនភាពនៃការរីកចម្រើន វិស័យទេសចរណ៍ក្នុងតំបន់អាស៊ាន ឆ្នាំ២០១៨-២០១៩។ ទី៣ - ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្ត ផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥។ ទី៤ - ជំរុញការបង្កើតផលិតផលថ្មីៗ ដោយផ្តោតសំខាន់លើទេសចរណ៍ម្ហូបអាហារជាដើម។
លោក ថោង រដ្ឋសក្តិបានបន្តថា “កិច្ចពិភាក្សាខាងលើនេះ គឺដើម្បីសម្រេចបាននូវចក្ខុវិស័យទេសចរណ៍អាស៊ាន ត្រឹមឆ្នាំ២០២៥ អាស៊ាននឹងក្លាយជាគោលដៅទេសចរណ៍ល្អឯកប្រកបដោយគុណភាព ពិពិធភាព បទពិសោធន៍ ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍដោយការទទួលខុសត្រូវ ចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ច សុខុមាលភាពសង្គម ប្រជាជាតិអាស៊ាន”។

ស្របពេលជាមួយកិច្ចប្រជុំស្ថាប័ន ទេសចរណ៍ជាតិអាស៊ានលើកទី៥១នេះ ក៏មានការរៀបចំកិច្ចប្រជុំពាក់ព័ន្ធមួយចំនួន ដូចជា កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូក៣ (ប្រទេសចិន ជប៉ុន និងកូរ៉េ) រដ្ឋមន្រ្តីទេសចរណ៍អាស៊ានឥណ្ឌា និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC) អង្គការ/សមាគមអន្តរជាតិ និងដៃគូអភិវឌ្ឍ ដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO) ក្រុមប្រឹក្សាធ្វើដំណើរទេសចរណ៍ពិភពលោក (WTTC) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) សមាគមទេសចរណ៍អាស៊ាន (ASEANTA) សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន (ATRA) ជាដើម។
ឆ្នាំ២០២០នេះ វេទិកាទេសចរណ៍អាស៊ាន (ATF) ក្រោមប្រធានបទអាស៊ាន «ទាំងអស់គ្នាឆ្ពោះទៅកាន់ការធ្វើដំណើរជំនាន់ថ្មី ASEAN-Together towards a Next Generation of Travel» នឹងត្រូវចូលរួមដោយរដ្ឋមន្ត្រីទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា និងប្រទេសដៃគូពិភាក្សាអភិវឌ្ឍន៍មួយចំនួន។ កម្ពុជាបានសហការជាមួយផ្នែកឯកជន ចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ដោយរំពឹងថានឹងមានប្រតិភូចូលរួមចំនួន ៧៥០នាក់ ប្រព័ន្ធផ្សព្វផ្សាយព៍ត៌មានចំនួន ១០០ មានស្តង់ពិព័រណ៍ (Booths) ២៥០ និងអ្នកលក់ (Sellers) ចំនួន២៥០ក្រុមហ៊ុន និងមានអ្នកទិញ (Buyers) ចំនួន១៥០ក្រុមហ៊ុនផងដែរ៕







