ដោយ ប៊ី
ភ្នំពេញៈ ប្រឡូកចូលក្នុងវិស័យអចលនទ្រព្យជិត១០ឆ្នាំ លោកស្រី ចេវ សុឃុន អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ KAT Appraisal Co,.Ltd បានឆ្លងកាត់បទពិសោធន៍ជាច្រើន ទទួលបានចំណេះដឺង ជំនាញ និង មហិច្ឆតា បណ្តាលអោយសម្រេចចិត្តចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន។

-->
ក្រោយពីបញ្ចប់មហាវិទ្យាល័យ ការងារដំបូងអាជីពជាអ្នកស្រាវជ្រាវ ក្នុងវិស័យអចលនទ្រព្យក្នុងក្រុមហ៊ុនមួយ ដែលបច្ចុប្បន្នក្រុមហ៊ុនមួយនេះជាក្រុមហ៊ុនធំដែរក្នុងទីផ្សារ ហើយលោកស្រីក៏មានបទពិសោធន៍ធ្វើការងារទាក់ទងនឹងអចលនទ្រព្យ ដែលមានជំនាញខាងការវាយតម្លៃ ។ រយៈពេល៣ឆ្នាំក្នុងនាមជាបុគ្គលិកក្រុមហ៊ុន លោកស្រីបានរៀនសូត្រពីការងារវាយតម្លៃ និងការងារចម្បងជាអ្នកស្រាវជ្រាវ ហើយប្រមូលទិន្នន័យ និងព័ត៌មានដើម្បីយកមកវិភាគថា តំបន់ណាដីមាន តម្លៃប៉ុន្មាន ដើម្បីរៀបចំបែងចែកទិន្នន័យទៅតាមតំបន់។
បន្ទាប់ពីលោកស្រីបញ្ចប់ពីក្រុមហ៊ុនវាយតម្លៃ លោកស្រីបានចូលប្រឡូកធ្វើការជាមួយអ្នកអភិវឌ្ឍន៍ក្នុងស្រុក អស់រយៈពេលប្រហែលជាង៣ឆ្នាំ ហើយក្រុមហ៊ុនដែលលោកស្រីធ្វើការគឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលធ្វើឲ្យលោកស្រីយល់ដឹងទាក់ទងនឹងបុរី និងការងារទាក់ទងនឹងសំណង់ ទាក់ទងនឹងការលក់ ធ្វើការទីផ្សារ ដើម្បីធ្វើឱ្យការលក់មានដំណើរល្អ ព្រោះពេលនោះលោកស្រីជាប្រធានគ្រប់គ្រងទីផ្សារ និងលក់។
លោកស្រី សុឃុន បានប្រាប់ថា “សរុបរយៈពេលដែលខ្ញុំធ្វើការឱ្យក្រុមហ៊ុន និងអ្នកអភិវឌ្ឍន៍គឺអស់រយៈពេល៦ឆ្នាំ។ ការងារទាំងអស់នេះបង្រៀនខ្ញុំបានច្រើន ហើយគួរធ្វើដូចម្តេចដើម្បីសម្រេចបានជោគជ័យ”។ លោកស្រីបន្តថា “កត្តាដែលយើងចង់មានអាជីវកម្មខ្លួនឯង គឺយើងចង់បណ្តុះបណ្តាលអ្នក ដែលគាត់ចង់ចេះលើវិស័យអចលនទ្រព្យវត្ថុ។ គាត់បានរៀនសូត្រ ហើយយើងបានចែករំលែកបទពិសោធន៍ ពីកាងារដែលធ្លាប់ធ្វើកន្លងមក និងយល់ដឹងអំពីរបៀបនៃការវាយតម្លៃ ជួល ការចរចានៃលក់ និងទីផ្សារ”។
ប្រឡូកក្នុងការងារទាំងអស់នេះហើយ ទើបបានជំរុញឱ្យលោកស្រីចង់បង្កើតជាក្រុមការងារមួយ ដើម្បីផ្តល់ឱកាសឱ្យអ្នកដែលអ្នកដែលចង់ចេះ ចង់ដឹង គឺគាត់ចូលរួម និងមានការងាររួមគ្នា ដូចលោកស្រីធ្វើការងារកន្លងមក គឺចែករំលែកដល់អ្នកមិនទាន់ចេះលើវិស័យអចលនទ្រព្យឱ្យចេះថា តើគាត់ត្រូវធ្វើយ៉ាងដូចម្តេចនៅជំហ៊ានដំបូង ហើយគាត់ត្រូវរៀនពីណាទៅណា។

លោកស្រីបានបន្តថា ”ក្រុមហ៊ុនយើងមានការបណ្តុះបណ្តាល ក៏ដូចជាការបង្រៀនដល់គាត់ដើម្បីចាប់ផ្តើមបោះជំហានលើវិថីអចលនទ្រព្យ”។
ក្រុមហ៊ុនរបស់លោកស្រីបានបើកដំណើរតាំងពីឆ្នាំ២០១៦មក ហើយក្រុមហ៊ុននេះមានរយៈពេល៤ឆ្នាំជាង និងបន្ទាប់ចុះបញ្ជីក្រុមហ៊ុន ហើយចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០១៧។
លោកស្រីបានថ្លែងថា ”រយៈពេលដែលយើងធ្វើការងារឱ្យគេផង និងការងារក្រុមហ៊ុនខ្លួនឯងផងគឺមានរយៈពេលជាង៩ឆ្នាំ ជាពេលដែលខ្ញុំប្រឡូកក្នុងវិស័យនេះ”។
ទាក់ទងនឹងឧបសគ្គ និងផលវិបាក ដែលលោកស្រីជួបប្រទះកន្លងមក គឺខ្វះការសហការពីក្រុមការងារដែលធ្វើអោយការងារមួយចំនួនមានការយឺតយ៉ាវ
លោកស្រីលើកឡើងថា “កាលពីធ្វើការមិនបានល្អ តែងតែមានការស្តីបន្ទោស ឬការមិនពេញចិត្តពីថ្នាក់ដឹកនាំរបស់ខ្លួន តែបទពិសោធន៍ទាំងនោះបានបង្រៀនខ្ញុំឲ្យរ៉ឹងមាំច្រើន”។ លោកស្រីបានបន្តថា នៅពេលយើងជួបបញ្ហាទាំងអស់នេះ នោះជាមេរៀនសម្រាប់យើង ធ្វើឱ្យកែនូវអ្វីដែលយើងធ្វើមិនបានល្អ ធ្វើឱ្យយើងធ្វើកាន់តែល្អប្រសើរ។ ពីព្រោះថា ក៏ដូចជាស្ថាប័នមួយៗចង់ឱ្យបុគ្គលិក អ្នកធ្វើការជាមួយក្រុមការងារទទួលបានជោគជ័យ”។
លោកស្រីបន្ថែមថា “ដូច្នេះខ្ញុំធ្លាប់ធ្វើការឱ្យគេ ខ្ញុំដឹងថានៅពេលធ្វើការឱ្យគេ យើងមានកំហុសត្រូវចេះទទួលយកកំហុសដែលយើងធ្វើ ហើយយើងកែប្រែវា ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែល្អប្រសើរ”។
អ្វីៗទាំងអស់មិនសុទ្ឋតែរលូននោះទេ ទោះបីជាយើងបើកក្រុមហ៊ុនខ្លួនឯងក៏ដោយហើយលោកស្រីតែងតែជួបជាមួយនឹងការដឹកនាំ ក៏ដូចជាក្រុមការងារ។
លោកស្រីថ្លែងថា “អ្នកខ្លះជាក្រុមការងារដែលជួយគាំទ្រយើង អ្នកខ្លះជាក្រុមការងារអត់បានជួយគាំទ្រការងារយើង និងអត់ទាន់យល់ពីរបៀបធ្វើការយ៉ាងដូចម្តេច”។លោកស្រីបន្តថា “ពេលខ្លះគាត់ចូលធ្វើការមួយរយៈពេលខ្លី យើងត្រូវជ្រើសរើសបុគ្គលិកថ្មីបន្ថែម។ ជូនកាលគាត់គ្រាន់តែចង់ចេះ ហើយអត់មានឆន្ទៈក្នុងការធ្វើការងារហ្នឹង ក៏គាត់ទៅមុខអត់រួចដែរ”។

ការងារអចលនទ្រព្យមិនដូចជាការងារផ្សេងទេ វាទាមទារឱ្យមានការអត់ធ្មត់ក្នុងការធ្វើការងារ។
លោកស្រីចេវ សុឃុនបានបញ្ជាក់ដោយម៉ឺងម៉ាត់ថា “ប្រសិនបើយើងអត់មានអត់ធ្មត់ទេ យើងនឹងគិតថាការងារហ្នឹងពិបាក យើងអត់អាចទៅមុខបាន ដូច្នេះគាត់នឹងបោះបង់ ប៉ុន្តែជាទូទៅខ្ញុំជំរុញទឹកចិត្តគាត់ ចង់គាត់ចាប់យកអាជីពជាអ្នកជំនាញក្នុងការលក់ ជំនាញក្នុងការវាយតម្លៃ គឺទាមទារឱ្យមានការអត់ធ្មត់ និងមានភាពអំណត់”។
លោកស្រីឱ្យដឹងថា “ពេលខ្លះយើងពិបាកក្នុងការគ្រប់គ្រងមនុស្ស យើងត្រូវស្វែងរកមនុស្សណា ដែលអាចធ្វើការជាមួយយើងបានយូរអង្វែង ទៅតាមជំនាញនិងចំណូលចិត្តរបស់គាត់ ព្រោះធនធានមនុស្សគឺសំខាន់ណាស់សម្រាប់ក្រុមហ៊ុននីមួយៗ”។
ការជួបជាមួយនឹងអតិថិជន ក៏ជាបញ្ហាផងដែរ ដែលយើងត្រូវតែចេះបត់បែន និងសម្របសម្រួល និងភាពអត់ធ្មត់បំផុត។
លោកស្រីបន្តថា ក្នុងវិស័យនេះយើងជួបអតិថិជនច្រើន អតិថិជនខ្លះចង់ទិញ ចង់លក់អចលនទ្រព្យ គាត់ស្វែងរកក្រុមហ៊ុនមួយដែលជួយលក់គាត់ ជួនកាលអតិថិជនខ្លះពិបាកក្នុងការចរចាជាមួយ និងបញ្ចុះបញ្ចូលគាត់ ឱ្យគាត់ជឿទុកចិត្តលើសេវាកម្ម។ ជូនកាលការប្រកួតប្រជែងដោយមិនមានភាពស្មោះត្រង់ និង ការមិនគោរពក្រមសីលធម៌វិជ្ជាជីវជាភ្នាក់ងាររបស់មួយចំនួន ដូច្នេះធ្វើឱ្យក្រុមហ៊ុនលោកស្រី ជាជួបការពិបាក ក្នុងការចាប់យកអតិថិជន។
ចំពោះការប្រកួតប្រជែងនៅលើទីផ្សារ លោកស្រីប្រកាន់តែគោលការណ៍មួយទេ គ “ផ្តល់នៅភាពស្មោះត្រង់ និងសេវាកម្មល្អដល់អតិថិជន”។
ស្មោះត្រង់បានន័យថា លោកស្រីផ្តល់នូវទំនុកចិត្តឱ្យអតិថិជន ទទួលបាននូវសេវាកម្មដែលប្រកបដោយវិជ្ជាជីវៈជាមួយគោលការណ៍ក្រមសីលធម៌ វិជ្ជាជីវៈ ដែលបានន័យថា “រាល់គោលការណ៌ទាំងអស់ត្រូវបានអនុវត្តន៍រួមមានគោលការណ៍សុចរិតភាព,គោលការណ៍អព្យាក្រឹត្យភាព គោលការណ៍សមត្ថភាពវិជ្ជាជីវៈ,គោលការណ៍រក្សាការសម្ងាត់វិជ្ជាជីវៈ,គោលការណ៍ប្រតិបត្តិវិជ្ជាជីវៈ ម្យ៉ាងទៀតក្រុមហ៊ុនអត់មានទៅរំលោភបំពាន ឬធ្វើឱ្យអចលនទ្រព្យរបស់គាត់មានបញ្ហា”។ លោកស្រីចេវ សុឃុនមានប្រសាសន៍ថា “កាលណាយើងប្រកួតប្រជែងដោយមិនមានភាពស្មោះត្រង់ ធ្វើឱ្យយើងឈរនៅលើទីផ្សារអចលនទ្រព្យ មិនបានយូរអង្វែងទេ ដូច្នេះយើងប្រកាន់យកនូវគោលការណ៍របស់យើង គឺយើងផ្តល់សេវាកម្មល្អ និងភាពស្មោះត្រង់ជួនអតិថិជនដើម្បីឱ្យគាត់ទុកចិត្តយើង”។

ជាមួយភាពម៉ឺងម៉ាត់ លោកស្រីបាននិយាយថា ធម្មតាពេលដែលយើងជួយលក់គាត់បានលឿន រហ័ស ស្មោះត្រង់ជាមួយគាត់ និងអត់មានការបោកប្រាស់គាត់ ដូច្នេះគាត់ នឹងយកព័ត៌មានក្រុមហ៊ុនយើងទៅប្រាប់តៗគ្នា ដល់បងប្អូនគាត់ឱ្យប្រើប្រាស់សេវារបស់យើង ព្រោះការប្រាប់ពីមាត់មយយទៅមាត់មួយ គឺលឿនជាងយើងធ្វើទីផ្សារតាមរយៈផ្សព្វផ្សាយពាណិជ្ជកម្មទៅទៀត។
កាលពីថ្មីៗនេះ ក្រោយអាណត្តិទី២ ដែលដឹកនាំដោយលោកឃាង ពុទ្ធី ត្រូវបានបញ្ចប់ នៅត្រឹមរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ លោកស្រីចេវ សុឃុន អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យKAT Appraisal Co,.Ltd បានទទួលការផ្តល់ទំនុកចិត្តពីសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ដោយជាប់ឈ្មោះជាប្រធានសមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា អាណត្តិទី៣ឆ្នាំ២០២០៕