ដោយៈ រ៉ាណេត
ភ្នំពេញៈ បញ្ហាមួយក្នុងចំណោម៤ ដែលកំពុងតែជួបភាពប្រឈមយ៉ាងខ្លាំងនិងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ គឺបញ្ហានៃការកកស្ទះចរាចរណ៍ស្ទើរទូទាំងរាជធានីភ្នំពេញ ខណៈដែលកំណើនយានយន្ត បានបន្តកើនឡើងរហូតដល់ជិត២,៥លានគ្រឿង។
ស្ទើរតែនៅគ្រប់ទីកន្លែងនៃរាជធានីភ្នំពេញ ជាពិសេសនៅតាមបណ្តាផ្លូវសំខាន់ៗ កំពុងតែជួបនូវវិបត្តិជំនន់ កកស្ទះចរាចរណ៍យ៉ាងណែនណាន់តាន់តាប់រាប់ម៉ោង ពោលគឺចាប់ពីម៉ោង៦ៈ៣០នាទី រហូតដល់ម៉ោង១០ព្រឹក និងពេលរសៀលចាប់ពីអំឡុងម៉ោង ៥រហូតដល់ម៉ោង៧យប់។ ចំណុចដែលតែងជួបវិបត្តិកកស្ទះខ្លាំង គឺកើតមាននៅតំបន់ស្ពានជ្រោយចង្វារ តំបន់ស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) តំបន់ខេមកូស៊ីធី តំបន់រង្វង់មូលចោមចៅរួមជាមួយនឹងបណ្តាផ្លូវធំៗមួយចំនួនទៀត នៅក្នុងរាជធានីភ្នំពេញផងដែរ។
រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុល ធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដែលកំពុងតែកើតមាននៅពេលនេះ បច្ចុប្បន្នរដ្ឋាភិបាលបានព្យាយាមរកដំណោះស្រាយ ជាមួយនឹងវិធីសាស្ត្រជាច្រើន ដែលក្នុងនោះមានដូចជាការបង្កើនចំនួនរថយន្តក្រុង និងការបង្កើតខ្សែរត់បន្ថែម ការស្ថាបនាផ្លូវថ្មើរជើង ការបង្កើតផ្លូវក្រោមដី និងការសាងសង់ស្ពានអាកាសបន្ថែមជាដើម។

លោកបានបន្តថា “ការកកស្ទះទាំងនេះគឺកើតឡើងគួបផ្សំកត្តាជាច្រើន ដូចជាកត្តាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងតូច កត្តាអ្នកបើកបរមិនគោរពច្បាប់អាទិភាព ជាពិសេសកត្តានៃកំណើនចំនួនយានយន្តតែម្ដង”។
ផ្អែកតាមរបាយការណ៍ ដែលចេញដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនដែលទើបតែចេញមុននេះបន្តិចបានបង្ហាញថា បច្ចុប្បន្ននេះកំណើននៃចំនួនយានយន្តបានកើនឡើងយ៉ាងគំហុករហូតដល់២,៤៧៤,៤៦៥គ្រឿង ក្នុងនោះរថយន្តមានចំនួន៥០៨ ១៤៣គ្រឿង និងទោចក្រយានយន្តមានចំនួន១,៩៦៦,៣២២គ្រឿង ដែលកំពុងតែធ្វើចរាចរណ៍ជាប្រចាំ៕






