ដោយវុត្ថា
ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ច្បាប់សំណង់ដែលត្រូវបានអនុម័តរួចហើយ នឹងជួយឱ្យវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកាន់តែរីកចំរើន ខណៈវិស័យនេះ បានជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែមានសន្ទុះទៅមុខ។

លោកឧបនាយកដ្ឋមន្ត្រី ជា សុផារ៉ា នៅក្នុងវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ នាថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៩ នេះ ឱ្យដឹងថា ច្បាប់សំណង់នេះ ត្រូវបានលើកកម្ពស់ដល់វិស័យអចលនទ្រព្យព្រោះវាមានសក្តានុពលខ្ពស់ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជាកាន់តែលូតលាស់ទៅមុខ។
លោកបន្តថា ច្បាប់សំណង់នេះ ក៏ត្រូវបានត្រួតពិនិត្យ និងបញ្ជាក់ពីដល់ភាពស្របច្បាប់ទៅដល់់បណ្តាសំណង់ដែលបានសាងសង់រួចនៅក្នុងអតីតកាលចាប់ពីឆ្នាំ ១៩៩៥ រហូតដល់ឆ្នាំ ២០១៦ ដែលកាលពីមុន មានតែអនុក្រឹតបញ្ជាក់តែ មកដល់ពេលនេះមានច្បាប់សំណង់ដើម្បីយកមកបញ្ជាក់ពីភាពស្របច្បាប់ក្នុងការផ្តល់ឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់ដើម្បីឱ្យពួកគេមានភាពជំនឿទុកចិត្ត ដែលអាចទៅដាក់បញ្ចំា ជួល ឬក៏លក់ បានតាមសេចក្តីត្រូវការ។
ច្បាប់ស្ដីពីសំណង់ មានគោលបំណង និងសារប្រយោជន៍ដូចខាងក្រោម៖
* ពង្រឹងការគ្រប់គ្រងគ្រប់ភាគីពាក់ព័ន្ធ និងការប្រតិបត្តិការងារទាំងឡាយ ក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន។
* ចូលរួមពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម ដោយអភិវឌ្ឍទីក្រុងឱ្យមានសោភណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ
* បង្កើនគណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់
* បង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ ជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចសង្គម។

គោលបំណងច្បាប់នេះរួមមាន៖
* គុណភាព សន្ដិសុខ សុវត្ថិភាពសំណង់ ការងារទ្រព្យសម្បត្តិនិងសុខុមាលភាពរបស់ម្ចាស់សំណង់អ្នកប្រើប្រាស់សំណង់ និងសាធារណជន
* សោភណភាពនិងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ
* គណនេយ្យភាពនិងប្រសិទ្ធភាពក្នុងការប្រកបការងារនិងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់
* ការបង្កើនការជឿទុកចិត្តរបស់វិនិយោគនៅក្នុងវិស័យសំណង់ និងជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ចនិងសង្គម។

ច្បាប់សំណង់នេះ មាន២២ជំពូក និង១១១មាត្រានេះ ត្រូវបានករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវកាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩ បន្ទាប់ពីរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៩ និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩ កន្លងមកនេះ ដោយមានការគាំទ្រពីក្រសួងដែនដី ដឹកជញ្ជូន និងប្រៃសនីពីប្រទេសជប៉ុន៕






