ដោយ Donald Lee
ភ្នំពេញៈ ខ្លឹមសារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដំណាក់កាលទី១រវាងអាមេរិក និងចិនត្រូវបានចេញផ្សាយជាចុងក្រោយ ហើយនឹងត្រូវចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក Donald Trump និងអនុប្រធានាធិបតីចិន Liu He នៅថ្ងៃពុធខាងមុខនេះ។
ខ្លឹមសារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ត្រូវបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ហើយបានបង្ហាញថា ប្រទេសចិននឹងពង្រីកការទិញទំនិញកសិកម្មរបស់អាមេរិកយ៉ាងច្រើន។
ខ្លឹមសារកិច្ចការកិច្ចព្រមព្រៀង ដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋាភិបាលអាមេរិក បានបញ្ជាក់ថា “កិច្ចព្រមព្រៀងនេះ នឹងគាំទ្រដល់ការពង្រីកយ៉ាងខ្លាំង នៃការនាំចេញផលិតផលកសិកម្មកសិកម្ម និងគ្រឿងសមុទ្ររបស់អាមេរិក ដោយបង្កើនប្រាក់ចំណូលកសិកម្ម និងនេសាទរបស់អាមេរិក បង្កើតសកម្មភាពសេដ្ឋកិច្ចនៅតាមជនបទ និងលើកកម្ពស់កំណើនការងារ”។
កិច្ចព្រមព្រៀងនេះក៏បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិននឹងបញ្ឈប់ការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដល់ក្រុមហ៊ុនបរទេស ដើម្បីផ្តល់ដល់ក្រុមហ៊ុនចិន នូវកម្មសិទ្ធិបញ្ញាសម្រាប់ប្រតិបត្តិការនៅក្នុងប្រទេសចិន។
ខ្លឹមសារនេះបានបន្ថែមថា “ជាលើកដំបូង នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ ប្រទេសចិនបានយល់ព្រមបញ្ចប់ ការអនុវត្តយូរអង្វែងរបស់ខ្លួនក្នុងការបង្ខំ ឬដាក់សម្ពាធឱ្យក្រុមហ៊ុនបរទេស ក្នុងការផ្ទេរបច្ចេកវិទ្យារបស់ពួកគេ ទៅឱ្យក្រុមហ៊ុនចិនជាលក្ខខណ្ឌសម្រាប់ការទទួលបានទីផ្សារ ការអនុម័តរដ្ឋបាល ឬការទទួលបានអត្ថប្រយោជន៍ពីរដ្ឋាភិបាល”។
ផ្សារហ៊ុននៅអាស៊ីបានកើនឡើងដល់កម្រិត ដែលមិនធ្លាប់ឃើញចាប់តាំងពីឆ្នាំ ២០១៨ និងមុនពេលការកើនឡើងនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិននៅសប្តាហ៍នេះ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ជិតឈានដល់ទីបញ្ចប់ហើយ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងចិនដំណាក់កាលទី១ បានបញ្ឈប់សង្គ្រាមពាណិជ្ជកម្ម ដែលមានតម្លៃថ្លៃបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ និងបាននាំមកនូវសញ្ញាដំបូង នៃការថយចុះនៃសង្រ្គាមពាណិជ្ជកម្មរយៈពេល១៧ខែ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក។
ទោះយ៉ាងណា អ្នកវិភាគទាំងចិន និងអាមេរិកបារម្ភថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ គឺមិនច្បាស់លាស់ ហើយមិនមានចំណុចជាក់លា ក់ដែលនឹងរារាំងការកើតឡើងនៃសង្គ្រាមពាណិជ្ជកម្មនាពេលអនាគត។
សេចក្តីអត្ថាធិប្បាយមួយ ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិន បានលើកឡើងថា “ទោះបីមានសុទិដ្ឋិនិយមជុំវិញ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ រវាងចិននិងសហរដ្ឋអាមេរិកក៏ដោយ ក៏មានការសង្ស័យកាន់តែច្រើនឡើងៗថា តើកិច្ចព្រមព្រៀងនេះ អាចឈានដល់ការបន្ធូរបន្ថយភាពតានតឹង ពាណិជ្ជកម្មរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោកដែរឬទេ”។
សេចក្តីអត្ថាធិប្បាយបានបន្ថែមថា “ក្រៅពីព័ត៌មានលម្អិតទាំងអស់ខាងលើសម្រាប់ប្រទេសចិនខ្លឹមសារ នៃកិច្ចចរចាពាណិជ្ជកម្មគឺតែងតែចង់ដឹងថា តើអាមេរិកអាចបោះបង់ចោលក្នុងការអនុវត្តឯកតោភាគីបានកម្រិតណា”៕






