ដោយវុត្ថា
ភ្នំពេញ: ក្រសួងរ៉ែ និងថាមពល ប្រកាសឱ្យបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉េចំនួន៨ (ប្រាំបី) តំបន់ដូចមាន “ផែនទីទីតាំង និងកូអរដោណេ” ជូនភ្ជាប់មកជាមួយ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

-->
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពលដែលចេញផ្សាយនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០នេះ ឱ្យដឹងថាតំបន់សម្បទានស្វែងរុករករ៉ែ ដែលនឹងប្រកាសបើកទទួលពាក្យស្នើសុំ រួមមានដូចជា ទី១ តំបន់សម្បទានស្វែងរុករករ៉ែទំហំ១១២,៧២ (មួយរយដប់ពីរក្បៀសចិតសិបពីរ) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់អូរកោងកាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ទី២ តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១៩០ (មួយរយកៅសិប) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ភ្នំនទោង ស្រុកជ័យសែន ខេត្តព្រះវិហារ។ ទី៣. តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១៤៥ (មួយរយសែសិបប្រាំ) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ភ្នំច្រាច ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ។
ទី៤ តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១៥១ (មួយរយហាសិបមួយ) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ទី៥ តំបន់សម្បទានស្វែងរុករករ៉ែទំហំ២០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ខ្វាវខាងកើតឃុំខ្វាវ ខេត្តសៀមរាប និងឃុំស្រែយ៉ាង រណសិរ្ស ខេត្តព្រះវិហារ។

ទី៦ តំបន់សម្បទានស្វែងរុករករ៉ែទំហំ ២០០ (ពីររយ) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ខ្វាវខាងលិចឃុំខ្វាវ ឃុំតាសៀម និងឃុំស្វាយលើ ខេត្តសៀមរាប។ ទី៧ តំបន់សម្បទានស្វែងរុករករ៉ែទំហំ១៩៦,៨ (មួយរយកៅសិបប្រាំមួយក្បៀសប្រាំបី) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ព្រែកខ្លាំង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ទី៨ តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១៩៥,២ (មួយរយកៅសិបប្រាំសពីរ) គីឡូម៉ែត្រក្រឡាស្ថិតនៅតំបន់អូរខ្ទង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សាធារណៈជន បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលចាប់អារម្មណ៍ អាចស្នើសុំ “ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ” នៅនាយកដ្ឋានឧស្សាហកម្មអាជីវកម្ម ធនធានរ៉ែ (ជាន់ទី៥) នៃទីស្តីការក្រសួងរ៉ែ និងថាមពលអគារលេខ ៧៩–៨៩ វិថីប៉ាស្ទ័រ(ផ្លូវលេខ៥១) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ។
ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ ដែលបានបំពេញរួចរាល់ ត្រូវភ្ជាប់មកជាមួយនូវឯកសារ និងរបាយការណ៍តម្រូវពាក់ព័ន្ធ ហើយដាក់ក្នុងស្រោមសំបុត្របិទជិតដោយការខ្នង “ឯកសារស្នើសុំប្រកួតប្រជែង”រួចប្រគល់ជូន ការិយាល័យច្រកចេញចូលតែមួយ- របស់ក្រសួងរ៉ែ និងថាមពល យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៧:០០នាទី។
ប្រធានក្រុមហ៊ុនត្រូវមក ដាក់សំណុំឯកសារសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ ដោយផ្ទាល់ ឬប្រគល់សិទ្ធិជូនអ្នកតំណាងរបស់ខ្លួន មកដាក់ជំនួសក៏បាន ប៉ុន្តែត្រូវមាន “លិខិតប្រគល់សិទ្ធិ” ពីប្រធានក្រុមហ៊ុន។
ក្រសួងរ៉ែ និងថាមពល នឹងប្រកាសផ្សាយជាសាធារណៈ ចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលជ័យលាភី ដែលក្រសួងសម្រេចជ្រើសរើស និងផ្តល់អាជ្ញាបណ្ណស្វែងរុករករ៉ែជួន បន្ទាប់ពីបានអនុវត្តតាមនីតិវិធីចប់សព្វគ្រប់ ស្របតាមអនុក្រឹត្យលេខ ៧២ អនក្រ.បក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ និងបានដោះស្រាយបណ្តឹងតវ៉ាចប់រួចរាល់ជាស្ថាពរ៕