ដោយវុត្ថា
ខេត្តព្រះសីហនុ៖ លោក W.Patrick Murphyឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកអះអាងថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍលើវិស័យសំណង់យ៉ាងច្រើន ដោយផ្តល់នូវគម្រោងថ្មីៗ ដូចជាប្រភពថាមពលអគ្គិសនី ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍរីកចម្រើននាពេលខាងមុខ។

លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងបែបនេះ នៅក្នុងជំនួបជាមួយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៤ ខែមករាម្សិលមិញនេះ ខណៈ លោក ទៅបំពេញទស្សនកិច្ច ហាងកាហ្វេ Starbuck និងចូលរួមកម្មវិធីកីឡានៅសាលាឡាយហ្វ ក្រុងព្រះសីហនុ។
លោកបន្តថា ការទស្សនកិច្ចជាផ្លូវការនាពេលនេះទទួលបានផ្លែផ្កា និងមានឱកាសជួបជាមួយធុរកិច្ចក្នុងស្រុក ក៏ដូចជាធុរកិច្ចក្រុមហ៊ុនអាមេរិក ព្រមទាំងបានតំណាងអង្គការសង្គមស៊ីវិល នៅខេត្តព្រះសីហនុផងដែរ ។
លោកថា សម្រាប់ឆ្នាំនេះ ក៏ជាខួបលើកទី៧០ នៃចំណងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា ផ្តោតលើវិស័យ នៃកិច្ចសហប្រតិបត្តិការវិនិយោគកាន់តែស៊ីជម្រៅ ព្រមទាំងបានផ្តល់អនុសាសន៍មួយចំនួនដូចជា: អង្គការសង្គមស៊ីវិល ជាធនធានមួយមានតម្លៃ ព្រោះពួកគាត់មានជំនាញធ្វើការងារជាមួយកម្មករ និយោជិក ដែលមិនបានគោរពតាមបទដ្ឋាន ប៉ុន្តែយើងត្រូវស្តាប់ពីគ្រប់ភាគី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍផងដែរ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឱ្យដឹងដែរថា ខេត្តព្រះសីហនុ គឺមានការចូលរួមចំណែករបស់សហរដ្ឋអាមេរិកដូចជា ផ្លូវជាតិលេខ៤ ដោយផ្តើមចេញពីផ្លូវនេះ ធ្វើឱ្យខេត្តព្រះសីហនុ មានឈ្មោះបោះសំឡេងមកដល់បច្ចុប្បន្ន ផ្លូវជាតិលេខ៤ បានជួយសម្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។








