កម្ពុជាកាន់តែមានសក្ដានុពលក្នុងការទាក់ទាញទំហំទុនវិនិយោគផ្ទាល់ពីបរទេស

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាមួយនឹងក្ដីរំពឹង និងការព្យាករណ៍ទុករបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងឆ្នាំ២០២០នេះ កម្ពុជានឹងសម្រេចឱ្យបាននូវកំនើនទំហំទុនវិនិយោគ ផ្ទាល់ពីបរទេសប្រមា​ណ៤០០០លានដុល្លារសហរដ្ឋអាមេរិក បណ្តាអ្នកជំនាញក្នុងវិស័យពាណិជ្ជកម្ម និងជំនួ​ញធំៗ បានបង្ហាញពីជំនឿជឿជាក់យ៉ាងមុតមាំថា ពិតជាអាចធ្វើទៅបានដោយរលូន។

រដ្ឋាភិបាលកម្ពុជាបានធ្វើការព្យាករណ៍ថា នៅក្នុងឆ្នាំ២០២០នេះទំហំទុនវិនិយោគផ្ទាល់ពីបរទេសនឹងមានកំណើនខ្ពស់ រហូតដល់ក្នុងរង្វង់៤០០០លានដុល្លារដុល្លារសហរដ្ឋអាមេរិក ខណៈដែលកាលពីឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ បានសម្រេចជាង៣៦០០លានដុល្លារសហរដ្ឋអាមេរិករួចទៅហើយនោះ។ ការព្យាករណ៍ទាំងនេះត្រូវបានបណ្តាអ្នកជំនួញ និងវិនិយោគិនក្នុងស្រុកធំ បង្ហាញពីជំនឿថាពិតជាអាចសម្រេច ទៅបានយ៉ាងល្អប្រសើរ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ដែលកំពុងតែមានភាពមមាញឹក ទៅលើមុខជំនួញច្រើនវិស័យនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ បានបង្ហាញការជឿជាក់ទៅលើក្ដីរំពឹងទុករបស់រដ្ឋាភិបាលថា ផ្អែកតាមភាពជាក់ស្ដែងនៃស្ថិរភាពនយោបាយ សន្តិសុខសង្គម និងការអភិវឌ្ឍយ៉ាងឆាប់រហ័​សរបស់កម្ពុជានៅពេលបច្ចុប្បន្ននេះ សម្រាប់ទំហំទុនវិនិយោគផ្ទាល់ពីបរទេសខាងលើនេះហាក់មិនពិបាកក្នុងការទទួលបាននោះទេ។

លោកឧកញ៉ាបានបន្តថា “ធម្មតាសម្រាប់ប្រទេសដែលកំពុងមានការអភិវឌ្ឍ និងមានស្ថិរភាពនយោបាយ សន្ដិសុខសង្គម គឺមានបណ្តាវិនិយោគិនអន្តរជាតិជាច្រើនចង់មកបណ្តាក់ទុករកស៊ី ដោយសារតែប្រទេស ដែលកំពុងតែមានការអភិវឌ្ឍបានផ្តល់ឱកា​សចំណេញជាច្រើនដល់ពួកគេ ជាងការវិនិយោគនៅតាមបណ្តាប្រទេសមានការអភិវឌ្ឍ និងជឿនលឿនរួចទៅហើយ”។ លោកបានបន្តថា “ជាក់ស្ដែងដូចជាវិស័យអចលនទ្រព្យ និងដីធ្លីនៅកម្ពុជា គឺបានឱកាសដល់ការវិនិយោគយ៉ាងប្រសើរ ដូចជាតម្លៃដីនៅទាបជាងបណ្តាប្រទេសនានានៅក្នុងតំបន់ ដែលសូម្បីតែតម្លៃដីនៅក្នុងប្រទេសវៀតណាម និងថៃ ក៏មានកម្រិតខ្ពស់ជាងកម្ពុជា ដូច្នេះការវិនិយោគវិស័យនេះនៅកម្ពុជា គឺផ្តល់ឱកាសច្រើនដល់ពួកគេ”។

លោកឧកញ៉ានួន រិទ្ធី បានមានប្រសាសន៍ទៀតថា “ក្រៅពីវិស័យអចលនទ្រព្យ និងសំណង់ កម្ពុជា នៅមានវិស័យទាក់ទាញជាច្រើនទៀត ក្នុងការទាក់ទាញការវិនិយោគ ដូចជាវិស័យរ៉ែ និងថាមពល ដែលរដ្ឋាភិបាលកំពុង តែផ្តោតការយកចិត្តទុកដាក់នៅពេលបច្ចុប្បន្ន ជាពិសេសធនធានរ៉ែប្រេងកាត ដែលគ្រោងនឹងធ្វើការបូមយកតំណក់ប្រេងលើកដំបូងនៅក្នុងឆ្នាំនេះ ហើយនៅមានធនធានជាច្រើនទៀត ដែលសុទ្ធតែប្រភពទាក់ទាញលើការវិនិយោគ រាប់ទាំងការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ដើម្បីជួយសម្រួលដល់វិសយដឹកជញ្ជូន”។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកជំនួញក្នុងស្រុកដ៏ល្បីឈ្មោះផងដែរនោះបានមានប្រសាសន៍ថា “ពីឆ្នាំមួយទៅឆ្នាំមួយ កម្ពុជាតែងមានកំណើនទុនវិនិយោគផ្ទាល់ពីបរទេសជាប់ជានិច្ច ហើយឆ្នាំ២០២០នេះ ក៏នៅតែបន្តកំណើន”។ លោកឧកញ៉ាបានបន្តទៀតថា “ក្រៅពីការរៀបចំនូវគោលនយោបាយឱ្យកាន់តែល្អប្រសើរ រដ្ឋាភិបាលបានធ្វើការផ្សព្វផ្សាយ ដើម្បីកៀងគរបណ្តាវិនិយោគិនអន្តរជាតិមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែម”។

លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ននេះរដ្ឋាភិបាលបាន និងកំពុងអនុវត្តយុទ្ធសាស្ត្រថែរក្សាអ្នកចាស់ កៀងគរអ្នកថ្មីបន្ថែម រួមជាមួយនឹងការព្យាយមជួយ សម្រួលដល់នីតិវិធីច្បាប់ពាក់ព័ន្ធនានា ឱ្យមានភាពល្អប្រសើរ និងងាយស្រួលអនុវត្តន៍ ដើម្បីជាការលើកទឹកចិត្តដល់វិនិយោគិន អន្តរជាតិទាំងអស់នោះ។ អ្វីដែលសំខាន់ គឺការធ្វើកំណែរផ្ទៃក្នុងស៊ីជម្រៅ រួមជាមួយនឹងការបង្កើតឱ្យមានក្រុមដោះស្រាយទាំង១៣ ដោយមានសភាពាណិជ្ជកម្មកម្ពុជាជាអ្នកសម្របសម្រួល។

លោកឧកញ៉ាបានបង្ហាញពីការគាំទ្រ នូវរាល់គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ក្នុងគោលដៅជំរុញ និងបង្កើននូវកំណើនវិនិយោគិន ក៏ដូចជាទុនវិនិយោគផ្ទាល់ពីបរទេស មកកាន់កម្ពុជាក្នុងឆ្នាំ២០២០នេះ និងនៅឆ្នាំបន្ទាប់ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here