ដោយៈ រ៉ាណេត
កំពង់ស្ពឺៈ រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែឈើស្រស់នាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ ដែលដំណើរការដោយម៉ាស៊ីនទំនើបកម្ម ក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនកូរ៉េ ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមសម្ពោធដំណើរការជាផ្លូវការហើយ។

បន្ទាប់ពីទទួលបានការសម្រេចអនុម័តពីរដ្ឋាភិបាលកម្ពុជា នៅត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រោងចក្រវេចខ្ចប់កែច្នៃ និងនាំចេញផ្លែឈើស្រស់ទៅកនា់ទីផ្សារអន្តរជាតិរបស់ក្រុមហ៊ុន ហ៊ីយិនដាយ ម៉ៅ លីហ្គើលស៊ី ឯ.ក (HYHUNDAI MAO LEGACY Co,.Ltd) ដែលមានទំហំទុនដំបូងចំនួន១០លានដុល្លារ ក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនកូរ៉េ ត្រូវបានបើកសម្ពោធដំណើរការជាផ្លូវការក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ថា រោងចក្រមួយនេះ មានទីតាំងស្ថិតនៅភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយក៏ជារោងចក្រលើកដំបូងនៅក្នុងខេត្តកំពង់ស្ពឺ ដែលមានប្រតិបត្តិការភាគច្រើន ដើរដោយម៉ាស៊ីនទំនើបកម្មច្រើនជាងការប្រើកម្លាំងកម្មករ។
លោកបន្តថា “ទីផ្សារគោលដៅដំបូងនៃការនាំចេញផ្លែឈើស្រស់ ដែលធ្វើការវេចខ្ចប់ដោយរោងចក្រមួយនេះ គឺឆ្ពោះទៅកាន់ប្រទេសកូរ៉េ ហើយជំហ៊ានបន្ទាប់ឆ្ពោះទៅកាន់ទីផ្សារប្រទេសក្នុងតំបន់ដូចជាប្រទេសជប៉ុន ចិន និងអារ៉ាប់រួម ខណៈដែលលទ្ធភាពរបស់រោងចក្រអាចដំណើរការក្នុងចន្លោះចាប់ពី ៦០-១០០ តោន ក្នុងមួយថ្ងៃ”។ លោកបានបន្តថា “ជាជំហ៊ានបន្ទាប់ក្រោយពីទទួលបានការគាំទ្រ និងបំបែកទីផ្សារបានដូចក្នុងផែនការរបស់ក្រុមហ៊ុនដែលបានរៀបចំទុក នឹងពង្រីកវិសាលភាព រួមជាមួយនឹងលទ្ធភាពក្នុងការវេចខ្ចប់បន្ថែមឱ្យកាន់តែច្រើន ដែលអាចផ្តល់ឱកាសការងារដល់ប្រជាជន ក្នុងតំបន់ជាច្រើនរយកន្លែង”។

តាមរយៈរដ្ឋបាលខេត្តកំពង់ស្ពឺបានបង្ហើបប្រាប់ថា ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រវេចខ្ចប់កែច្នៃ នាំចេញផ្លែឈើស្រស់មួយនេះ គឺគ្រាន់តែជាសមិទ្ធផលថ្មីមួយក្នុងចំណោមគម្រោងជាច្រើនទៀត ដែលគ្រោងនឹងដាក់ដំណើរការនៅក្នុងឆ្នាំ២០២០នេះ ខណៈដែលរាជរដ្ឋាភិបាល បានសម្រេចអនុម័តរួចរាល់តាំងអំចុងឆ្នាំ២០១៩កន្លងទៅ។ គម្រោងដែលត្រូវបានរដ្ឋាភិបាលអនុម័តទាំងអស់នោះ រួមមាន ដូចជាគម្រោងចក្រផលិតកាបូប រោងស្បែកជើង រោងចក្រតម្លើងគ្រឿងបង្គុំ និងរោងចក្រផលិតបរិក្ខាអគ្គិសនី ហើយក្រៅពីនេះ នៅមានគម្រោងអភិវឌ្ឍន៍លើវិស័យទេសចរណ៍ផងដែរ៕






